កុំរំលងអី! តិចនិកនេះជួយឲ្យម៉ាក់ៗសម្បូរទឹកដោះ និងអាហារផ្សេងៗដែលគួរចៀសវាង
ទារកទើបកើតត្រូវការអាហារពីម្ដាយតាមរយៈទឹកដោះ ម្ល៉ោះហើយ ម្ដាយត្រូវតែបំប៉នអាហារ និងវីតាមីនឲ្យគ្រប់គ្រាន់ ទើបមិនជួបបញ្ហាខ្វះទឹកដោះឲ្យកូនម៉ឹម។
ការញ៉ាំអាហារតែមួយមុខមិនអាចផលិតទឹកដោះបានច្រើននោះទេ ត្រូវមានកត្តារួមផ្សំផ្សេងទៀតដូចជា៖

១. ស្ត្រីត្រូវមានសុខភាពល្អ
ជាដំបូង ម៉ាក់ៗត្រូវមានសុខភាពល្អ នោះទើបអាចមានលទ្ធភាពផលិតបរិមាណទឹកដោះឲ្យកូនញ៉ាំបានគ្រប់គ្រាន់តាមតម្រូវការ ហើយលូតលាស់បានល្អ។
២. ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់
ម៉ាក់ៗត្រូវញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងមានគុណភាព មានន័យថា អាហារញ៉ាំត្រូវចម្រុះមុខ មានទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទើបកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីទឹកដោះម្តាយ មិនមែនញ៉ាំៗឲ្យតែតឹងពោះ មិនមានវីតាមីនគ្រប់គ្រាន់ផ្តល់ឲ្យកូននោះទេ។
៣. ផឹកទឹកឲ្យបានច្រើន
ការញ៉ាំអាហារតែមួយមុខមិនគ្រប់គ្រាន់នោះទេ ម៉ាក់ៗត្រូវផឹកទឹកឲ្យបានច្រើនផងដែរ ដោយហេតុថា ទឹកដោះម្ដាយសម្បូរជាតិទឹក ដូចនេះការញ៉ាំទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ២ លីត្រ/ថ្ងៃ ជួយបង្កើនបរិមាណទឹកដោះបានកាន់តែច្រើនដូចគ្នា។

៤. បំបៅដោះកូនឲ្យញឹកញាប់
ត្រូវបំបៅដោះកូនញឹកញាប់ ហើយទៀងទាត់ ដោយសារតែទឹកដោះត្រូវចេញទៅតាមការភ្ញោចពីចុងដោះ តាមរយៈការបឺតជញ្ជក់របស់កូន នោះទើបអាចជំរុញឲ្យក្រពេញដោះឆាប់បញ្ចេញទឹកដោះ។
ក្រៅពីគន្លឹះមួយចំនួនខាងលើនេះ ម្តាយក៏ត្រូវចៀងវាងនូវអាហារ និងភេសជ្ជៈ ដូចជា អាហារក្រៀមក្រោះ អាហារផ្អាប់ បន្លែ ត្រី សាច់ឆៅ ឬចម្អិនមិនបានឆ្អិនល្អ បារី ស្រា ជាដើម នោះទើបបរិមាណទឹកដោះសម្បូរ កូនម៉ឹមទៅមិនធ្វើទុក្ខឲ្យហើមពោះ ក្អួតចង្អោរ ឬរាករូស។
ដកស្រង់ពី៖ Hello Health Group