ងាយណាស់! ចង់ឪ្យធ្មេញកូនល្អ ស្អាត រឹងមាំអាហារ ៤ ប្រភេទនេះពិសេសបំផុត
ធ្មេញដង្កូវស៊ី កើតឡើងដោយសារតែកំណកកំបោរ ស្នឹមនៅជាប់តាមជើងធ្មេញ ឬការធ្វើអនាម័យមិនបានត្រឹមត្រូវ។ តែទោះជាយ៉ាងណា កុំបារម្ភខ្លាំងពេក បញ្ហាមួយនេះអាចការពារបាន ហើយធ្មេញកូនរបស់អ្នកនៅតែមានភាពរឹងមាំរហូត ប្រសិនបើអ្នកទម្លាប់ឲ្យពួកគេទទួលទានអាហារទាំងប៉ុន្មានប្រភេទនេះជាប្រចាំ។
តើមានអាហារអ្វីខ្លះដែលអាចធ្វើឪ្យធ្មេញកូនរបស់អ្នករឹងមាំ?
ខាងក្រោមនេះអ្នកម៉ាក់នឹងបានស្វែងយល់កាន់តែច្បាស់អំពីអាហារដែលជួយឪ្យធ្មេញកូនរឹងមាំ៖
១. ឈីស
ផលិតផលធ្វើពីទឹកដោះគោ ដូចជាឈីស ត្រូវបានគេចាត់ទុកជាអាហារដែលមានសមត្ថភាពក្នុងការពង្រឹងសុខភាពមាត់ធ្មេញ និងការពារធ្មេញមិនឲ្យពុក។ ឈីស មានកម្រិត pH ខ្ពស់ ដែលអាចជួយបង្កើនបរិមាណកាល់ស្យូម និងរំញោចការផលិតទឹកមាត់ ធ្វើឲ្យធ្មេញរឹងមាំល្អ។
២. ផ្លែប៉ោម
ការទទួលទានផ្លែប៉ោមជាប្រចាំថ្ងៃ គឺមានអត្ថប្រយោជន៍ណាស់ក្នុងការការពារធ្មេញកុមារមិនឲ្យដង្កូវស៊ី។ បរិមាណជាតិស្ករធម្មជាតិនៅក្នុងផ្លែឈើស្រស់មួយប្រភេទនេះ អាចរំញោចដល់ការបញ្ចេញទឹកមាត់។ ការបញ្ចេញទឹកមាត់នេះហើយ អាចកាត់បន្ថយបរិមាណបាក់តេរីនៅតាមចន្លោះជើងធ្មេញ ធ្វើឲ្យធ្មេញមិនងាយមានបញ្ហាពុក ឬដង្កូវស៊ីឡើយ។
៣. ទឹកដោះគោ
អាហារ និងភេសជ្ជៈមួយចំនួនដែលអ្នកផ្តល់ឲ្យកុមាររាល់ថ្ងៃ អាចកាត់បន្ថយកម្រិត pH របស់ធ្មេញ ដែលបណ្តោលឲ្យធ្មេញជួយបញ្ហាដង្កូវស៊ី។ ប៉ុន្តែទឹកដោះគោ អាចជួយនាំកម្រិត pH របស់ធ្មេញត្រឡប់មកវិញ ហើយជួយការពារមិនឲ្យដង្កូវស៊ីធ្មេញថែមទៀត។
៤. អាហារមានផ្ទុកជាតិសរសៃ
អាហារដែលសម្បូរជាតិសរសៃច្រើន អាចជួយរំញោចក្រពេញទឹកមាត់ ជួយបង្កើតជាតិខនិច ប្រឆាំងនឹងជំងឺដង្កូវស៊ីធ្មេញ។ ប្រភពដ៏ល្អនៃជាតិសរសៃរួមមានចេក ផ្លែប៉ោម ផ្លែក្រូច សណ្តែក និងផ្តាខាត់ណាពណ៌ខៀវ…។
ម្យ៉ាងវិញទៀត អាណាព្យាបាលទាំងឡាយត្រូវកាត់បន្ថយ រាល់ភេសជ្ជៈដែលមានជាតិផ្អែម ស្ករគ្រាប់ ឬនំផ្អែមៗ ព្រោះជាតិស្ករដែលនៅជាប់តាមជើងធ្មេញ អាចបណ្តោលឲ្យធ្មេញកុមារពុកបាន ជាពិសេសប្រសិនបើវានៅជាប់តាមជើងធ្មេញយូរមិនសម្អាតចេញ៕
ដកស្រង់ពី៖ Health.com