ពេលពពោះចេះតែអស់កម្លាំងល្ហិតល្ហៃ មែនទេ? ៥ ចំណុចនេះអាចជួយបាន
អំឡុងពពោះ ជាពេលដែលអ័រម៉ូនប្រែប្រួល ហើយម្ដាយត្រូវបែងចែកអាហារទៅចិញ្ចឹមកូនតាមរយៈទងសុក ធ្វើឲ្យប្រព័ន្ធការពារ និងប្រព័ន្ធឈាមរត់ចុះខ្សោយ។ បែបនេះស្ត្រីជួបអាការៈអស់កម្លាំង ហើយបើមានបញ្ហាចាញ់អាអូនទៀតនោះ រឹតតែធ្វើឲ្យសុខភាពចុះខ្សោយខ្លាំង។
តើមានវិធីសាស្ត្រអ្វីខ្លះដែលជួយឪ្យអ្នកម្តាយពពោះអស់កម្លាំង?
ខាងក្រោមនេះដំណោះស្រាយបញ្ហាអស់កម្លាំងពេលពពោះ៖

១. សម្រាកឲ្យបានច្រើន
ស្រីៗពពោះមានសុខភាពខ្សោយ ត្រូវការគេងឲ្យបានគ្រប់គ្រាន់ សម្រាកឲ្យបានច្រើន មិនត្រូវធ្វើការហួសកម្លាំង អង្គុយ ឬឈរយូរពេកទេ។ ដោយសារស្រ្តីមានផ្ទៃពោះមានបម្រែបម្រួលច្រើន ពេទ្យតែងណែនាំឲ្យគេងឲ្យបាន ១០ ម៉ោង បើសិនជាមានអារម្មណ៍ល្វើយខ្លាំង អស់កម្លាំង ឬមានបញ្ហាណាមួយ តែបើគ្មានបញ្ហាចោទនោះទេអាចគេងចន្លោះពី ៧-៨ ម៉ោង/ថ្ងៃ។
២. ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹកលើស ២ លីត្រ/ថ្ងៃ ពិសេសញ៉ាំទឹកឲ្យបានច្រើននៅពេលថ្ងៃ ដើម្បីជួយបំពេញកង្វះជាតិទឹកពេលមានផ្ទៃពោះ ឯរាងកាយក៏មានកម្លាំងជាងមុន។ កង្វះជាតិទឹកពេលពពោះ ធ្វើឲ្យរាងកាយឡើងកម្ដៅខ្លាំង ឯទឹកនោមមានពណ៌លឿងចាស់ ក៏ជាសញ្ញាព្រមានមួយដែរ។
៣. ញ៉ាំអាហារសម្បូរជីវជាតិ
ពេលពពោះគ្រាប់ឈាមក្រហមត្រូវចុះខ្សោយ ចំណីអាហារដែលញ៉ាំចូល ត្រូវយកទៅចិញ្ចឹមមនុស្ស ២ នាក់ អ្វីៗទាំងអស់ត្រូវចែកឲ្យកូន អ៊ីចឹងហើយម៉ាក់ៗត្រូវញ៉ាំអាហារឲ្យគ្រប់គ្រាន់ និងជ្រើសរើសអាហារណាដែលល្អ សម្បូរជីវជាតិ មានទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសជាតិដែកឲ្យបានច្រើន ដើម្បីជួយដល់សុខភាពម្តាយ និងគភ៌។

៤. ញ៉ាំអាហារតិចៗ តែច្រើនដង
ស្ត្រីមានផ្ទៃពោះឃ្លានគ្រប់ពេល តែទោះបីជាឃ្លានខ្លាំងយ៉ាងណាក៏ដោយ ម៉ាក់ៗមិនត្រូវញ៉ាំច្រើន និងញ៉ាំទាំងបង្ខំនោះទេ ត្រូវញ៉ាំតិចៗ តែញ៉ាំឲ្យបានច្រើនដងវិញទើបល្អ បើអាចគួរមានតែមានអាហារសម្រន់ដាក់តាមខ្លួនជានិច្ច។
៥. ធ្វើចលនាសន្សឹមៗពេលក្រោយពីដេក
មានពោះពុង ពេលងើបពីគេងគ្រូពេទ្យណែនាំឲ្យងើបដោយសន្សឹមៗ និងត្រូវងើបទៅខាងស្តាំ ដោយច្រត់ដៃដើម្បីទប់លំនឹង មិនឲ្យធេងធោង ឬវិលមុខ។
ដកស្រង់ពី៖ Hello Health Group