កុំប្រហែសឪ្យសោះ! ក្រោយសម្រាលកូនរួច ស្អំថ្ម ទឹកកក ទឹកក្តៅលើពោះ អាចគ្រោះថ្នាក់
ចាស់ៗពីដើមតែងតែឲ្យស្រីៗសម្រាលកូនរួចថ្មី ស្អំថ្ម-ក្អមដុតដាក់អំបិល ឬទឹកកក ខ្នើយទឹកក្តៅលើពោះ។ ទម្លាប់នេះតែងតែធ្វើតៗគ្នា ព្រោះតែមានជំនឿថា វាជួយបំបាត់ការឈឺចាប់ ធ្វើឲ្យឆ្អិនសរសៃ ក្បាលពោះឆាប់រាបស្មើដូចដើម។
ជំនឿ និងការអនុវត្តបែបនេះត្រូវបានគ្រូពេទ្យអះអាងថា គ្រោះថ្នាក់បំផុត មិនត្រូវបន្តធ្វើឡើយ ព្រោះវាមិនត្រឹមត្រូវតាមក្បូនវេជ្ជសាស្ត្រនោះទេ។
ខាងក្រោមនេះជាមូលហេតុដែលស្ត្រីក្រោយមិនគួរធ្វើដូចខាងក្រោម៖

ក្រោយសម្រាលរួច ស្បូនស្រីៗយើងត្រូវការកន្ត្រាក់ដើម្បីត្រលប់ មកសភាពដើមវិញ តែបើយើងយកថ្ម ទឹកកក ទឹកក្តៅ មកស្អំលើពោះ ធ្វើឲ្យរំខានដល់ការកន្ត្រាក់នៃស្បូន នាំឲ្យដក់ឈាមក្នុងស្បូន ឈានទៅមានបញ្ហាឆ្លងមេរោគពីខាងក្រោមទ្វារមាសទៅក្នុងស្រទាប់ស្បូន ដែលយូរៗទៅនឹងវិវត្តជារលាកស្រទាប់ស្បូន ឬរលាកស្រោមពោះក៏មាន។
ម្យ៉ាងវិញទៀត ក្រោយសម្រាលអាអូន បើស្បូនម៉ាក់មិនកន្ត្រាក់ល្អនោះទេ អាចនឹងដក់ឈាម ឬធ្លាក់ឈាមក្រោយសម្រាល ដែលបញ្ហានេះគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាពម៉ាក់ៗ អាចឈានដល់ស្លាប់ក៏មាន បើសិនមិនទទួលការព្យាបាលទាន់ពេលវេលា។

អំឡុងពេលមានផ្ទៃពោះសរសៃឈាមចិញ្ចឹមស្បូន និងស្បូនត្រូវរីកធំ ចំណែកក្រោយសម្រាលរួចសរសៃឈាមចិញ្ចឹមស្បូន-ស្បូននឹងត្រូវរួមខ្ជិបបន្តិចម្តងៗ រហូតដូចដើមវិញ ដែលជាទូទៅត្រូវការពេលប្រមាណ ៣-៤ អាទិត្យ។
ក្នុងករណីស្រីៗសម្រាលអាអូនហើយនៅមានក្បាលពោះនោះ អាចប្រើហ្គេនរឹតក្បាលពោះ ឬហាត់ប្រាណ។ ការធ្វើបែបនេះក្រោយសម្រាលអូនៗបាន ១ខែកន្លះ ឬបន្ទាប់ពីពេលយើងចាប់មានរដូវធម្មតាវិញ ល្អទាំងសុខភាព រាងក៏ស្អាតដូចដើម។