បែបនេះល្អជាង! ឈឺក្បាលពេលពពោះ សាកតិចនិកធម្មជាតិជាមុនសិន
អាការៈឈឺក្បាលអាចជាបញ្ហាទូទៅកើតឡើងនៅអំឡុងពេលម៉ាក់ៗពពោះដំបូងៗ ប៉ុន្តែជួនកាលវាអាចជាសញ្ញានៃជំងឺបម្រុងក្រឡាភ្លើង ឬជំងឺលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ។ ធម្មតា ពេលយើងឈឺក្បាលខ្លាំង មានតែលេបថ្នាំបំបាត់ការឈឺចាប់ទេ ទើបជួយសម្រួលការឈឺចាប់បានទាន់ចិត្ត។
ខាងក្រោមនេះជាតិចនិកធម្មជាតិបំបាត់បញ្ហាឈឺក្បាលអំឡុងពពោះមានដូចជា៖
- ចៀសវាងអ្វីបង្កឲ្យឈឺក្បាល៖ ប្រសិនបើក្លិន ឬអាហារណាមួយបណ្ដាលឲ្យម៉ាក់ៗធុំក្លិននោះហើយឈឺក្បាល គួរតែនៅឲ្យឆ្ងាយៗពីក្លិននោះ។
- ហាត់ប្រាណជាប្រចាំ៖ សាកល្បងធ្វើសកម្មភាពរាងកាយឲ្យបានច្រើនដូចជាហាត់ប្រាណ ដោយការដើរ ឬហាត់យូហ្គាជាដើម។
- គ្រប់គ្រងស្ត្រេស៖ ព្យាយាមគ្រប់គ្រងភាពតានតឹងរបស់យើង ព្រោះការគិតច្រើនបណ្ដាលឲ្យយើងឈឺក្បាលកាន់តែខ្លាំង។
- ញ៉ាំឲ្យបានទៀងទាត់៖ ម៉ាក់ៗគួរញ៉ាំអាហារទៅតាមពេលវេលាឲ្យបានទៀងទាត់ និងមានរបបអាហារមានតុល្យភាព សម្បូរជីវជាតិ ព្រោះការដែលមានរបបអាហារត្រឹមត្រូវ អាចបង្ការកុំឲ្យអាការៈឈឺក្បាលកើតឡើងបាន។ ម៉ាក់ៗក៏ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃដែរ។
- គេងឲ្យទៀងទាត់៖ ការចូលគេងមិនគ្រប់គ្រាន់ ឬមិនទៀងទាត់ អាចជាមូលហេតុបង្កឲ្យម៉ាក់ៗឈឺក្បាលពេលពពោះ។
- អនុវត្តតិចនិកសម្រួលអារម្មណ៍៖ សាកល្បងតិចនិកដកដង្ហើម ឬការតាំងសមាធិ ឬម៉ាស្សា ដើម្បីសម្រួលអារម្មណ៍ឲ្យបានធូរស្រាល។
ជាចុងក្រោយ បើឈឺក្បាលខ្លាំងម៉ាក់ៗក៏អាចប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជាបានដែរ ព្រោះភាគច្រើននៃថ្នាំបំបាត់ការឈឺចាប់មិនបង្កជាបញ្ហាដល់គភ៌ ឬម៉ាក់ៗទេ ប៉ុន្តែមុននឹងប្រើត្រូវសួរបញ្ជាក់ពីគ្រូពេទ្យឲ្យបានច្បាស់សិន។
ដកស្រង់ពី៖ Hello Health Group