ចង់ឪ្យកូនឆាប់ចេះនិយាយ! ប៉ាម៉ាក់មកសាកវិធីសាស្ត្រថ្មីនេះធានានឹងបានលទ្ធផលល្អ

ឪពុកម្តាយឥឡូវប្រហែលជាមានការព្រួយបារម្ភច្រើនទាក់ទងនឹងការចេះនិយាយរបស់កូនតូចរបស់ខ្លួន ដោយសារតែកូនក្មេងសម័យបច្ចុប្បន្ននេះភាគច្រើនតែងកម្រចេះនិយាយ បើប្រៀបធៀបនឹងកូនដែលកើតពីជំនាន់មុនៗ។ ម្យាងវិញទៀតហេតុផលធំមួយដែលបណ្តាលមកមានបញ្ហានេះ គឺដោយសារតែឪពុកម្តាយខ្លះមិនសូវចំនាយពេលជាមួយកូនរបស់ខ្លួនគ្រប់គ្រាន់នោះទេ ប៉ុន្តែបែរជាអោយកូនរបស់ខ្លួនជក់ជាមួយការមើលវីដេអូក្នុងទូរស័ព្ទ ឬលើអ៊ីនធឺណែតផ្សេងៗទៅវិញ។

សម្រាប់អ្នកដែលមានបញ្ហាកូនមិនទាន់ចេះនិយាយ ខណះដែលពួកគេមានអាយុរាងច្រើនទៅហើយនោះ អ្នកអាចសាកល្បងវិធីធំៗទាំង៦នេះបាន ដើម្បីទទួលបានប្រសិទ្ធិភាព ដោយក្នុងនោះមានដូចជា៖

១. ចាប់ផ្តើមនិយាយទៅកាន់កូនអោយបានច្រើនជាងមុន
ការនិយាយសន្ទនាជាមួយកូនគឺជាកត្តាជម្រុញដ៏សំខាន់មួយសំរាប់អោយកូនរបស់អ្នកឆាប់ចេះនិយាយ ព្រោះថានៅពេលដែលអ្នកចំនាយពេលនិយាយជាមួយពួកគេ ពួកគេនឹងរៀនចេះពាក្យច្រើនពីការសន្ទនានោះ។

២. នៅពេលដែលពួកគេចេះមួយពាក្យៗ ចាប់ផ្តើមចាប់ពាក្យពីរបីម៉ាត់ចូលបន្ថែមទៀត
វិធីម្យ៉ាងទៀតនៅក្នុងការផ្ចុងផ្តើមកូនអោយឆាប់ចេះនិយាយ គឺតាមរយះការបន្ថែមពាក្យទៅអោយពួកគេ។ ជាទូទៅ ក្មេងចាប់ផ្តើមដោយពាក្យតែមួយម៉ាត់ប៉ុណ្ណោះ ដូច្នេះហើយនៅពេលដែលពួកគេចេះប្រើពាក្យទាំងនោះហើយ អ្នកគួរតែឧស្សាហ៍បន្ថែមពាក្យថ្មីដើម្បីបង្រៀនអោយពួកគេចេះប្រើរួមគ្នា។

៣. បង្រៀនពាក្យពួកគេ ដោយអ្នកនិយាយដដែលៗជាមួយនឹងពាក្យនោះ
ដើម្បីអោយកូនក្មេងឆាប់ចាប់បានពាក្យដែលអ្នកបង្រៀន អ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ពាក្យនោះជាមួយពួកគេម្តងហើយម្តងទៀត ដើម្បីអោយពាក្យទាំងនោះចងចាំនៅក្នុងខួរក្បាលរបស់ពួកគេ។

៤. លេងល្បែងផ្សេងៗជាមួយកូន
វិធីដែលជួយអោយកូននិយាយបានច្រើនផងនោះ គឺតាមរយះការលេងល្បែងផ្សេងៗជាមួយកូន ជៀសវាងអោយពួកគេប្រើប្រាស់តែប្រព័ន្ធអេឡិចត្រូនិច។ ការធ្វើដូចនេះ អាចនឹងជួយបង្វែរចំណាប់អារម្មណ៍របស់កូនអោយចង់ព្យាយាមនិយាយមកកាន់អ្នក ដើម្បីលេងជាមួយអ្នកកាន់តែច្រើនទៀត។

៥. សួរជាសំនួរទៅកាន់កូនជាប្រចាំ
វិធីមួយទៀតដើម្បីបង្ខំអោយកូនឆាប់ចេះនិយាយគឺ ការសួរសំនួរជាប្រចាំដដែលៗទៅកាន់កូន ព្រោះការធ្វើដូចនេះនឹងធ្វើអោយកូនរបស់អ្នកទម្លាប់ត្រចៀកទៅនឹងសំនួរទាំងនោះ ហើយធ្វើអោយពួកគេរៀនឆ្លើយនឹងអ្នកទៀតផង។

៦. ប្រើប្រាស់សម្ភារះផ្សេងៗនៅពេលបង្រៀនកូន
ការប្រើប្រាស់ឧបករណ៍ រឺសម្ភារះផ្សេងៗមកបង្រៀនកូនក្នុងការនិយាយជារឿងដែលមានប្រសិទ្ធិភាពមួយ ព្រោះការក្មេងឆាប់ចាប់បានអ្វីដែលអ្នកបង្រៀននៅពេលដែលពួកគេមើលឃើញពីរបស់នោះ ជាជាងនៅពេលដែលអ្នកគ្រាន់តែនិយាយមាត់ ព្រោះខួរក្បាលរបស់ពួកគេមិនទាន់ចេះស្ទាត់ដូចមនុស្សធំនោះឡើយ៕

ដកស្រង់ពី៖ Anachak