ត្រូវដឹងជាចាំបាច់! កត្តា ៣ បណ្តាលឲ្យកូនតូចៗងាយកើតជំងឺរលាកខួរក្បាល
យើងដឹងហើយ ក្មេងៗឧស្សាហ៍ឈឺណាស់ ហើយពេលខ្លះមិនត្រឹមតែឈឺជំងឺត្រឹមផ្ដាសាយ ក្អក ក្ដៅខ្លួនស្រាលៗប៉ុណ្ណោះទេ កូនតូចៗនឹងអាចប្រឈមជំងឺប៉ះពាល់ដល់អាយុជីវិត ដូចជាជំងឺរលាកខួរក្បាលជាដើម។
តើមានកត្តាអ្វីខ្លះដែលកូនតូចងាយកើតជំងឺរលាកខួរក្បាល?
ភាគច្រើននៃក្មេងដែលកើតមានជំងឺរលាកខួរក្បាលនេះ គឺបណ្ដាលមកពីកត្តាដូចជា៖
- ចាក់វ៉ាក់សាំងមិនគ្រប់គ្រាន់
- ញ៉ាំអាហារមិនគ្រប់គ្រាន់ ខ្វះអាហារូបត្ថម្ភ
- កង្វះអនាម័យ ឆ្លងពពួកវីរុស ជាដើម។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្មេងៗណាកើតជំងឺនេះមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ហើយក្រោយពីកើតជំងឺរលាកខួរក្បាលហើយ វាអាចបណ្តាលឲ្យក្មេងទៅជាពិការអវយវៈ ពិការប្រាជ្ញា ហើយអាចឈានទៅក្លាយជាមនុស្សរុក្ខជាតិទៀតផង។
ក្មេងដែលមានកើតបញ្ហារលាកខួរក្បាលនេះ តែងចេញរោគសញ្ញាស្រដៀងនឹងជំងឺស្រាលៗធម្មតាដែរ ក្នុងនោះមានដូចជា ឈឺក្បាល ក្ដៅខ្លួន ចង់ក្អួត ប៉ុន្តែក្នុងករណីដែលកូនបង្ហាញអាការៈមិនស្រួលខ្លួន មិនឆ្លើយតប មិនសូវលេងដូចធម្មតា មើលទៅអស់កម្លាំង ឬកូនឧស្សាហ៍ត្អូញថាឈឺក្បាល ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលទាន់ពេល។
ដកស្រង់ពី៖ Hello Health Group