គិតឪ្យច្បាស់មុនសម្រេច! ស្ដ្រីរំលូនកូនមានផលប៉ះពាល់ច្រើនខ្លាំងណាស់
ស្ដ្រីមួយចំនួនបានពន្លូតកូនដោយគ្មានសុវត្ថិភាពជាមួយគ្រូពេទ្យដែលមិនមានជំនាញច្បាស់លាស់ ឬក៏ពន្លូតកូនដោយមិន មានការយល់ព្រមពីគ្រូពេទ្យ ប្ដី ឬឪពុកម្ដាយ នាំធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពម្ដាយ។
ស្ដ្រីដែលធ្វើការពន្លូតកូនដោយគ្មានការយល់ព្រម និងមិនមានការណែនាំពីវេជ្ជបណ្ឌិតជំនាញ ពិតជាមានផលប៉ះពាល់ យ៉ាងច្រើន ដែលរួមមាន ៖
១. ធ្លាក់ឈាមច្រើន
ការធ្វើការពន្លូតដោយចិត្ដឯងដោយគ្រូពេទ្យមិនមានជំនាញ មិនមានអនាម័យល្អ ធ្វើឱ្យមានការ ធ្លាក់ឈាមយ៉ាងច្រើន។ ជួនកាលទារកមានអាយុច្រើនសប្ដាហ៍ពេកក៏អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពម្ដាយយ៉ាងធ្ងន់ធ្ងរ នាំ ឱ្យមានអាការកង្វះឈាមក្រហម។ ស្ដ្រីមួយចំនួនដែលពន្លូតកូននៅកន្លែងដែលគ្មានសុវត្ថិភាពពោលគ្រូពេទ្យគ្មានជំនាញ និងគ្មាន អនាម័យ អាចបណ្ដាលឱ្យធ្លាយស្បូនក៏មានដែរ។ ស្ដ្រីខ្លះមិនបានដឹងថាស្បូនរបស់ខ្លួនធ្លាយនោះទេ ចេះតែបណ្ដោយទុកយូរៗទៅអាច ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
២. ការបង្ករោគ
ស្ដ្រីដែលពន្លូតកូននៅកន្លែងដែលគ្មានសុវត្ថិភាព សម្ភារៈពន្លូតមិនបានសម្លាប់មេរោគឱ្យបានត្រឹមត្រូវ អាចនាំមេរោគពីខាងក្រៅចូលទៅក្នុងស្បូន ដែលជាហេតុធ្វើឱ្យមានជម្ងឺដំបៅភ្នាសស្បូន អាប់សែភ្នាសស្បូន រាលដាលទៅដល់ដៃស្បូន ធ្វើឱ្យរលាកដៃស្បូន អាប់សែកន្សោមពងកូន ជួនកាលអាចធ្លាយអាប់សែ បណ្ដាលឱ្យមានខ្ទុះពេញពោះ និងបណ្ដាលឱ្យរលាកស្រោម ពោះជាបន្ដបន្ទាប់។ ជាចុងក្រោយវាអាចធ្វើឱ្យអ្នកជម្ងឺបាត់បង់ជីវិតថែមទៀតផង។
៣. សុខភាពចុះខ្សោយ
ករណីបាត់បង់កូនក្នុងផ្ទៃ និងប្រឈមខ្ពស់បញ្ហាសុខភាពផ្សេងៗ។ ក្នុងចំណោមកត្តាទាំងនោះ កត្តារំលូតកូនដោយចេតនា និងការរលូតកូនលើកទី ២ និងទី ៣ សុទ្ធតែប៉ះពាល់ដល់សុខភាពស្រីៗ។ ការសិក្សាបានបង្ហាញដែរថា គ្មានការលើកទឹកចិត្តពីប្តី ឬមិត្តប្រុស ជាកត្តាដ៏ចម្បងបណ្តាលឲ្យមានការរំលូតកូននេះឯង ហើយហានិភ័យសម្រេចចិត្តរំលូត ខ្ពស់ជាស្រីៗមានដៃគូលើកទឹកចិត្តដល់ទៅ ៦ ដង។
៤. មិនអាចមានកូនទៀតបាន
ចំពោះស្ដ្រីដែលពន្លូតកូនញឹកញាប់ អាចប្រឈមនឹងការមិនអាចមានកូនបាន បើមានក៏ អាចបណ្ដាលឱ្យមានការរលូតកូនដែរ ដោយសារតែភ្នាសស្បូនខាងក្នុងបានរងដោយការពន្លូតញឹកញាប់ ដូចនេះជាហេតុធ្វើឱ្យមានការ រលូតញឹកញាប់ដែរ។ទាំងនេះគឺជាផលប៉ះពាល់មួយចំនួនដែលបង្កឡើងដោយការពន្លូតកូនជាមួយគ្រូពេទ្យដែលមិនមានឯកទេស។
ដូចនេះដើម្បី ចៀសវាងគ្រោះថ្នាក់ខាងលើ ស្ដ្រីត្រូវទៅមន្ទីរពេទ្យដើម្បីពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញជាមុនសិនដើម្បីសុវត្ថិភាព ជា ពិសេសគឺអាចគេចផុតពីគ្រោះថ្នាក់មួយចំនួនបានថែមទៀតផង។
សរុបមកវិញ ការពន្លូតកូនអាចធ្វើឱ្យ ម្ដាយមានគ្រោះថ្នាក់ដល់ជីវិត ហើយក៏ជាអំពើព្រៃផ្សៃមួយដែលសង្គមមិនអនុញ្ញាតឡើយ លើកលែងតែមានការអនុញ្ញាតពីគ្រូពេទ្យ ដោយមានហេតុផលច្បាស់លាស់ ទើបអាចពន្លូតបាន។
ដកស្រង់ពី៖ មន្ទីរពេទ្យកាល់ម៉ែត្រ