ទារកទើបកើតយំច្រើន ប៉ាម៉ាក់ថ្មីថ្មោងកុំបារម្ភនេះជាមូលហេតុរបស់កូន
ទារកទើបកើតចំណាយពេលច្រើនលើការគេង ប្រសិនបើអូនតូចយំ មានន័យថាអូនតូចត្រូវការការយកចិត្តទុកដាក់ពីមនុស្សធំហើយ។ ដោយសារអូនតូចមិនទាន់ចេះនិយាយ ឬប្រើកាយវិការ អូនតូចប្រើការយំដើម្បីទំនាក់ទំនងជាមួយប៉ាម៉ាក់ ឬអ្នកនៅជុំវិញខ្លួន។
ប៉ាម៉ាក់ថ្មីថ្មោងអាចពិបាកក្នុងការដឹងពីតម្រូវការរបស់អូនតូច ខាងក្រោមនេះជាតិចនិចដោះស្រាយពេលអូនតូចយំ៖
១. អូនតូចឃ្លាន៖ នេះជាមូលហេតុទូទៅបំផុតដែលធ្វើឱ្យអូនតូចយំ។ ដោយសារក្រពះររបស់ទារកទើបកើតនៅតូច អូនតូចមិនអាចបៅម្តងបានច្រើនទេ ដូច្នេះអូនតូចត្រូវការបៅញឹកញាប់។ ម៉ាក់ៗគួរបំបៅអាអូនរៀងរាល់ ១-៣ ម៉ោងម្តង និង ៨-១២ ដង/ថ្ងៃ។
២. អូនតូចឈឺ ឬហើមពោះ៖ ម៉ាក់ប៉ាអាចសម្គាល់ដោយឃើញអូនតូចក្តាប់ដៃ បត់ជង្គង់ ឬអែនខ្នង មុខឡើងក្រហម ទោះលួងយ៉ាងម៉េចក៏មិនបាត់យំ។ វាអាចបណ្តាលមកពីបញ្ហាប្រព័ន្ធរំលាយអាហាររបស់អូនតូច ឬអូនតូចអាលែកហ្ស៊ីជាមួយអ្វីមួយនៅក្នុងទឹកដោះម្តាយ ឬម្សៅទឹកដោះគោ ឬក្បាលដបទឹកដោះគោដែលអូនតូចបៅមិនជួយរាំងទប់ខ្យល់ក្នុងដប ដែលធ្វើឱ្យអូនតូចបឺតខ្យល់ច្រើនចូលពោះ។
៣. អូនតូចត្រូវការដូរខោទឹកនោម៖ អូនតូចក៏យំដែរ ប្រសិនបើខោទឹកនោមសើម ប្រឡាក់លាមក ឬរោលជាមួយខោទឹកនោម។
៤. អូនតូចរងា ឬស្អុះពេក៖ ប៉ាម៉ាក់អាចដឹងថាអាអូនរងា ឬស្អុះពេកដោយយកដៃស្ទាបពោះ ឬកញ្ចឹងកអាអូន។ កុំស្ទាបបាតដៃ ឬប្រអប់ជើងអាអូន ព្រោះជាមធ្មតាបាតដៃ ឬប្រអប់ជើងតែងតែត្រជាក់ជាងរាងកាយ។ ប្រសិនបើពោះអូនតូចក្តៅពេក ប៉ាម៉ាក់ត្រូវយកភួយចេញពីអូនតូច តែបើពោះអូនតូចត្រជាក់ ប៉ាម៉ាក់ត្រូវដណ្តប់ភួយ ឬស្លៀកពាក់ឱ្យអូនតូចមួយជាន់ទៀត។
៥. អូនតូចត្រូវការភាពកក់ក្តៅ៖ អាអូនត្រូវការឱ្យប៉ាម៉ាក់ព ត្រូវការឱ្យមានការប៉ះរាងកាយដើម្បីមានអារម្មណ៍សុវត្ថិភាព។ អំឡុងពេលពអាអូនម៉ាក់ប៉ាក៏អាចច្រៀងលោងលោម ឬនិយាយលេងជាមួយអាអូនដែរ។
ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអាអូនមានអាការៈដូចខាងក្រោម ត្រូវរកពេទ្យឱ្យជួយ
- យំឮខ្លាំងៗ (ដូចសំឡេងឆ្មាយំ)
- យំខ្សោយៗ
- យំមិនបាត់។
ដកស្រង់ពី៖ Hello Health Group