ដំណាក់កាល ២ នេះស្ត្រីអាចនឹងប្រឈមជំងឺបាក់ទឹកចិត្តដ៏គ្រោះថ្នាក់
ក្រោយសម្រាលកូនរួច ស្រីៗមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្ត ផ្លាស់ប្តូរទាំងអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ និងអាកប្បកិរិយា ពិសេសស្រីៗដែលមានកូនដំបូង ខ្វះបទពិសោធក្នុងចិញ្ចឹមបីបាច់កូន។
ស្ត្រីភាគច្រើនជួបអាការៈបាក់ទឹកចិត្តតែក្នុងរយៈ ៣ខែដំបូងប៉ុណ្ណោះ ដោយសារតែកូននៅតូចពេក ត្រូវមើលថែទាំកូនទាំងយប់ទាំងថ្ងៃ អ្នកខ្លះរកតែពេលគេងក៏មិនបាន ញ៉ាំក៏មិនត្រង់មាត់ទៀត។
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីជំងឺបាក់ទឹកចិត្តកម្រាល និងធ្ងន់ធ្ងរមានដូចជា៖

១. សញ្ញាបាក់ទឹកចិត្តក្រោយសម្រាល ដំណាក់កាលស្រាល
បាក់ទឹកចិត្តក្រោយសម្រាលនៅដំណាក់កាលស្រាល មានរយៈពេលតែ ២-៣ ថ្ងៃ ទៅ១ សប្តាហ៍ ឬ ២ខែ បន្ទាប់ពីសម្រាលកូនរួចមានដូចជា៖
- អារម្មណ៍ងាយប្រែប្រួល
- ថប់បារម្ភ
- សោកសៅ
- ឆាប់ខឹង
- មានអារម្មណ៍ធុញថប់
- យំ
- កាត់បន្ថយការផ្តោតអារម្មណ៍
- មិនឃ្លាន
- គេងមិនលក់។
២. សញ្ញាបាក់ទឹកចិត្តក្រោយសម្រាល ដំណាក់កាលធ្ងន់ធ្ងរ
រោគសញ្ញាច្រើនតែកើតមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីសម្រាលកូន ប៉ុន្តែអាចចាប់ផ្តើមមុនពេលមានផ្ទៃពោះ ឬក្រោយមក រហូតដល់ ១ឆ្នាំ បន្ទាប់ពីសម្រាលកូនមានដូចជា៖

- ផ្លាស់ប្តូរអារម្មណ៍ធ្ងន់ធ្ងរ
- យំខ្លាំង
- មិនសូវស្និទ្ធស្នាលជាមួយកូន
- ដកខ្លួនពីក្រុមគ្រួសារ និងមិត្តភក្តិ
- បាត់បង់ចំណង់អាហារ ឬញ៉ាំច្រើនខុសធម្មតា
- គេងមិនលក់ ឬគេងច្រើនជ្រុល
- គ្មានកម្លាំង
- កាត់បន្ថយភាពរីករាយនៅក្នុងសកម្មភាពដែលធ្លាប់តែរីករាយ
- ឆាប់ខឹង និងខឹងខ្លាំង
- អស់សង្ឃឹម
- លទ្ធភាពនៃការគិត និងការសម្រេចចិត្តថយចុះ
- មានគំនិតធ្វើបាបខ្លួនឯង ឬកូន
- មានគំនិតដដែលៗ ចង់ធ្វើអត្តឃាត។
ចំពោះស្រីៗដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ កុំនៅអូសបន្លាយយូរអី លោកស្រីវេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានឲ្យសុំជំនួយពីអ្នកផ្ទះ ពិសេសស្វាមី ឬប្រញាប់ទៅពិគ្រោះជាមួយពេទ្យចិត្តសាស្ត្រ ដើម្បីឲ្យស្ថានភាពផ្លូវចិត្តប្រសើរឡើងវិញ។ ម៉ាក់ៗដែលសម្រាលកូនរួចងាយប្រឈមនឹងជំងឺបាក់ទឹកចិត្តណាស់ ដូចនេះដើម្បីកាត់បន្ថយបញ្ហានេះ ស្វាមីគួរតែជួយសម្រាលកិច្ចការប្រពន្ធខ្លះៗ ដូចជា ជួយមើលកូន ធ្វើកិច្ចការផ្ទះខ្លះៗ ចៀសវាងការដាក់បន្ទុកបន្ថែមទៅភរិយា។
ដកស្រង់ពី៖ Hello Health Group