ការពារមុនទៅ! វិធីទាំងនេះជួយការពារកូនពីបញ្ហារលាកស្បែកដោយសារខោទឹកនោម
សម្រាប់អាណាព្យាបាលដែលមិនសូវមានពេលវេលាគ្រប់គ្រាន់ ដោយសារការមមាញឹកនិងការងារឬរបររកស៊ីប្រចាំថ្ងៃ តែងតែជ្រើសរើសយកការប្រើប្រាស់ខោទឹកនោម ជាជាងការប្រើប្រាស់ក្រណាត់ទ្រនាប់។ ក្នុងនោះមានកត្តាមួយចំនួនផងដែរ ដែលមាតាបិតានិងអាណាព្យាបាលគ្រប់រូបមិនសូវបានចាប់អារម្មណ៍ទៅលើវិធីប្រើប្រាស់ដែលអាចបណ្តាលអោយកូនៗរបស់លោកអ្នកកើតមានជំងឺផ្សេងៗដោយសារតែខោទឹកនោមទាំងមិនដឹងខ្លួន។
ហេតុនេះហើយដើម្បីការពារកុំឱ្យកូនៗតូចៗរបស់លោកអ្នកកើតមានបញ្ហារលាកស្បែកដោយសារខោទឹកនោមនោះ លោកអ្នកត្រូវប្រតិបត្តិទៅតាមវិធីដូចខាងក្រោម៖

- ត្រូវផ្លាស់ប្តូរខោទឹកនោមឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ជាពិសេសគឺត្រូវផ្លាស់ប្តូរនៅពេលសើម។
- លាងសម្អាតទារក ឬកុមារដែលប្រើប្រាស់ខោទឹកនោមជាមួយនឹងក្រណាត់ស្តើងស្អាតដោយជ្រលក់ទឹកក្តៅឧណ្ហៗយកទៅជូតគូទទារកគ្រប់ពេលដែលគេបត់ជើងតូច ឬធំ។
- មិនត្រូវស្លៀកខោទឹកនោមឱ្យកុមារគ្រប់ពេលវេលាទេ ត្រូវជ្រើសរើសពេលវេលាណាមួយដែលសមគួរ ដើម្បីឱ្យទារក ឬកុមារនោះនៅខ្លួនទទេសម្រាប់ឱ្យទទួលពន្លឺថ្ងៃ ទទួលខ្យល់ធម្មជាតិ ព្រោះវាអាចជួយឱ្យស្បែកកុមារចៀសផុតពីជំងឺផ្សេងៗ។
- ត្រូវចៀសវាងប្រើប្រាស់សម្លៀកបំពាក់មានជាតិប្លាស្ទិក ព្រោះវាអាចធ្វើឱ្យស្បែករលាក។
- ត្រូវបោកសម្លៀកបំពាក់ក្មេងឱ្យស្អាត បើសម្លៀកបំពាក់ដែលបោកជាមួយសាប៊ូត្រូវលាងជម្រះឱ្យបានស្អាតល្អ។

- ក្រោយពេលប្រើប្រាស់វិធីការពារខាងលើមិនបានផល កុមារ ឬទារកនៅតែទទួលរងការរលាកស្បែកត្រង់បរិវេណគូទនោះ គឺត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរកថ្នាំព្យាបាល។
- លោកអ្នកដែលជាអាណាព្យាបាលត្រូវតែចេះជ្រើសរើសខោទឹកនោមណាដែលមានគុណភាពល្អ ព្រោះវាអាចជួយកាត់បន្ថយការរលាកស្បែកគូទរបស់កូនលោកអ្នកបាន៕
ដកស្រង់ពី៖ Parents.com