៣ ចំណុចនៅពេលកូនគេង បើបណ្តោយបែបនេះកូនអាចខូចឆ្អឹងគ្រោះថ្នាក់ណាស់

ឆ្អឹងរបស់ទារកទើបនឹងកើតមានភាពទន់ជ្រាយខ្លាំងណាស់ ហើយអាចប្រឈមនឹងបញ្ហាខូចខាតគ្រប់ពេលប្រសិនបើឪពុកម្តាយទាំងឡាយមិនមានការប្រុងប្រយ័ត្នទេនោះ។ ក៏ប៉ុន្តែឪពុកម្តាយមួយចំនួន តែងតែព្រងើយកណ្តើយជាមួយឥរិយាបទ ៣ចំណុចរបស់ទារកនៅពេលគេង ដែលធ្វើឲ្យពួកគេត្រូវប្រឈមនឹងការខូចខាតឆ្អឹងដោយមិនដឹងខ្លួន។

ខាងក្រោមនេះអ្នកម៉ាក់នឹងបានជ្រាបច្បាស់អំពីការគេងរបស់ទារកម្តងៗមានដូចជា៖

១.បណ្តោឲ្យកូនគេងផ្កាប់មុខ
ឪពុកម្តាយមួយចំនួនចូលចិត្តបណ្តោលឲ្យកូនគេងផ្គាប់មុខ ព្រោះយល់ថាពួកគេអាចគេងលក់ស្រួល ហើយគ្មានភាពរំខាន់ថែមទៀត។ ក៏ប៉ុន្តែទម្លាប់មួយនេះមិនមានសុវត្ថិភាពចំពោះកុមារនោះទេ ព្រោះពួកគេអាចថប់ដង្ហើម និងបង្កើនឱកាសស្លាប់បានគ្រប់ពេល។ ទារកដែលគេងផ្គាប់មុខជារឿយៗផ្អៀងក្បាលម្ខាង ឬមុខចុះក្រោមទល់នឹងខ្នើយតែម្តង ដែលធ្វើឲ្យ.កងើយឡើងលើខ្លាំង និងពិបាកដកដង្ហើម។ ចំណែកជើងរបស់ពួកគេវិញកោងមិនបានលាឲ្យត្រង់នោះទេ បើទម្លាប់បែបនេះយូរៗទៅវានឹងជះឥទ្ធិពលអាក្រក់ដល់ឆ្អឹងជើង និងឆ្អឹងខ្នង។

២.បណ្តោលឲ្យកូនគេងផ្អៀងទៅឆ្វេងច្រើនពេក
ការគេងទៅខាងឆ្វេងច្រើនពេកមិនត្រូវបានក្រុមអ្នកជំនាញណែនាំនោះទេ ព្រោះវាអាចដាក់សម្ពាធលើបេះដូង ធ្វើឲ្យទារកពិបាកដកដ្ហើម ប៉ះពាល់ដល់ការវិវត្តនៃបេះដូង ក៏ដូចជាឆ្អឹងទ្រូងផងដែរ។

៣.ឲ្យកូនគេងខ្នើយខ្ពស់ពេក
ក្រៅពីឥរិយាបទខាងលើនេះ ការគេងខ្នើយខ្ពស់ពេកអាចធ្វើឲ្យ.ក របស់ទារកត្រូវរងសម្ពាធខ្លាំង ការវិវត្តឆ្អឹងខ្នងមានការប្រែប្រួល ហើយត្រូវប្រឈមហានិភ័យខូចទ្រង់ទ្រាយឆ្អឹងខ្នងខ្ពស់ណាស់។

អាស្រ័យហេតុនេះ សូមអាណាព្យាបាលទាំងឡាយយកចិត្តទុកដាក់ចំពោះទម្លាប់ទាំង៣ចំណុចខាងលើនេះ បើអាចគួរតែកែប្រែឲ្យបាន៕

ដកស្រង់ពី៖ Health.com