រឿងល្អៗពេលពពោះ ប៉ាម៉ាក់គួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីឪ្យកូនកើតមកមាន IQ ខ្ពស់
ពេលពពោះម៉ាក់ៗច្បាស់ជាខំបំប៉នអាហារគ្រប់មុខ ដើម្បីឲ្យកូនផ្ទៃទទួលបានជីវជាតិគ្រប់គ្រាន់ លូតលាស់បានល្អទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។
ក្រៅពីរបបអាហាររបស់ម្តាយ សកម្មភាពងាយៗមួយចំនួនខាងក្រោមនេះ ក៏អាចជួយឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ ពេលកើតមកមាន IQ ខ្ពស់ដែរ។
១. និយាយលេងជាមួយកូនឲ្យបានច្រើន
ម៉ាក់ប៉ាមួយចំនួនប្រហែលជាមិនសូវនិយាយលេងជាមួយក្នុងពោះនោះទេ ដោយគិតថា គេមិនទាន់អាចស្តាប់សំឡេងបាន តែតាមពិតទៅកូនក្នុងផ្ទៃអាចស្តាប់ឮសំឡេងយើងបានតាំងពីអាយុ ២៧សប្តាហ៍មកម្ល៉េះ។ ការដែលម៉ាក់ប៉ាព្យាយាមនិយាយជាមួយកូនឲ្យបានច្រើនតាំងពីនៅក្នុងពោះ ធ្វើឲ្យកូនរីករាយ ថែមទាំងជួយដល់ការលូតលាស់ផ្នែកខួរក្បាល។
បន្ថែមពីការនិយាយលេង យើងអាចអានសៀវភៅ ឬរឿងនិទានឲ្យកូនស្តាប់តាំងពីនៅក្នុងពោះ ក៏ជាវិធីមួយដែលជួយឲ្យពួកគេឆ្លាតដែរ ទោះជាកូនយើងមិនដឹងពីអត្ថន័យ ឬពាក្យពេចន៍ដែលយើងអានក៏ដោយ។
២. ចាក់ចម្រៀងឲ្យកូនស្តាប់
តន្ត្រីធ្វើឲ្យយើងសប្បាយរីករាយ បាត់អស់ទុក្ខកង្វល់ ក្រៅពីនិយាយជាមួយកូនឲ្យបានច្រើន ម៉ាក់ប៉ាគួរតែរកចម្រៀងណាពីរោះៗ សប្បាយៗ ចាក់ឲ្យនៅក្នុងពោះស្តាប់ ទើបកូនយើងមានអារម្មណ៍ស្រស់ស្រាយ ឯខួរក្បាលក៏ភ្លឺថ្លាទៅតាមនោះដែរ។
៣. អង្អែលក្បាលពោះម្តាយ
ការអង្អែលក្បាលពោះម្តាយថ្នមៗ ជាសកម្មភាពបង្កើនភាពស្និទ្ធស្នាល និងភាពកក់ក្តៅដល់កូន។ ម៉ាក់ៗអាចអង្អែលក្បាលពោះខ្លួនឯង ឬក៏ប៉ាៗឧស្សាហ៍អង្អែលក្បាលពោះម៉ាក់ៗក៏បាន ដែលការធ្វើបែបនេះ ម៉ាក់ក៏កក់ក្តៅ កូនក៏កក់ក្តៅ។
៤. ធ្វើចិត្តឲ្យរីករាយ
ស្រីៗពពោះផ្លូវចិត្តមិនសូវល្អប៉ុន្មានទេ ដោយសារតែអ័រម៉ូនផ្លាស់ប្តូរ រាងកាយប្រែប្រួល ណាមួយជួបអាការៈចាញ់កូនទៀត អ៊ីចឹងហើយងាយនឹងឆាប់ខឹងមួរម៉ៅ អាចជះឥទ្ធិពលមិនល្អដល់កូនផ្ទៃ។ តែទោះយ៉ាងណាយើងអាចក្រែប្រែស្ថានការណ៍ទាំងនោះបាន ដោយម៉ាក់ៗព្យាយាមធ្វើចិត្តឲ្យរីករាយ ឯប៉ាៗវិញគួរតែធ្វើរឿងល្អៗ ឲ្យប្រពន្ធសប្បាយចិត្ត ឬក៏ឧស្សាហ៍នៅប្រពន្ធដើរលេង។
ដកស្រង់ពី៖ Hello Health Group