រឿង ១០ យ៉ាងដែលប៉ាម៉ាក់ថ្មីថ្មោងមិនធ្លាប់ដឹងពីការមានកូន
គ្មាននរណាម្នាក់ធ្លាប់ធ្វើជាឪពុកម្តាយដោយគ្មានកូននោះឡើយ មែនទេ? និងពិតប្រាកដណាស់ថា មានរឿងជាច្រើនដែលលោកឪពុកអ្នកម្តាយថ្មោងថ្មីទើបនឹងបានដឹង ក៏នៅពេលដែលមានកូនតំបូងហ្នឹងឯង។
តើមានរឿងអ្វីខ្លះដែលធ្វើឪ្យប៉ាម៉ាក់ថ្មីថ្មោងមិនដែរដឹង?
ខាងក្រោមនេះ គឺជារឿងពិត 10 ចំណុចដែលអ្នកស្រី Karyn អ្នកម្តាយវ័យជាងសាមសិបឆ្នាំ ម្ចាស់ Blog of Cardigan បានរកឃើញដោយខ្លួនឯង ហើយគាត់លួចខ្សឹបប្រាប់ថា រឿងទាំងអស់នេះគ្មានអ្នកណាម្នាក់ធ្លាប់ប្រាប់គាត់ពីមុនមកឡើយ។
១. យើងជាឪពុកម្តាយដែលអន់បំផុត និងល្អហួសពីការគិតស្មានក្នុងពេលតែមួយ
នៅរៀងរាល់ព្រឹកយើងនឹងក្លាយជាឪពុកម្តាយច្រើនស្ទីល ព្រោះអីកូនតូចក៏មិនដែលដូចកាលពីម្សឹលមិញមួយដងណាដែរ ពេលខ្លះប្តូរអារម្មណ៍នៅនឹងមុខយើងតែម្តងក៏មាន។
២. ក្រោយពេលប្រសូតហើយ ខ្លួនឯងមើលមិនបានឡើយ
ទាំងធាត់កន្រ្ទីលកន្រ្ទល ទាំងអុីកអ៊ាក គួរឱ្យស្អប់ តែសូមកុំភ្លេចឱ្យសោះថា យើងទើបតែបង្កើតមនុស្សមួយទាំងមូលចេញមកណា៎ អ្វីដែលគួរធ្វើគឺ ជ្រើសរើសញ៉ាំអាហារល្អៗ ហាត់ប្រាណ និងគិតតែរឿងល្អៗរបស់ខ្លួនឯង។
៣. កូនយើងមិនដូចក្មេងឯទៀតសោះ
មកពីវាខុសគ្នាហ្នឹងហើយ ទើបគេមិនបានធ្វើ ក្លាយជា ឬចូលចិត្តដូចដែលនៅក្នុងសៀវភៅ ឬអ្នកជិតខាងគេប្រាប់នោះ ហើយអ្នកដែលស្គាល់កូនយើងច្បាស់ជាទីបំផុត គឺ មនុស្សដែលជាឪពុកម្តាយរបស់គេហ្នុងឯង។
៤. មិនចាំបាច់ត្រូវតែ “ងាយ” ជានិច្ចនោះទេ
នៅក្នុងការចិញ្ចឹមកូន ពេលខ្លះរឿងដែលពិបាក អាចជារឿងល្អខ្លាំងទៅវិញរឿងខ្លះដែលយើងគិតថាពិបាកបំផុតនោះ ក៏អាចងាយស្រួលបានដូចគ្នា រឿងបែបនេះ អ្នកស្រី Karyn ហៅថា “រឿងមហស្ចារ្យ” ដែលអាចកើតឡើងបានចំពោះលោកឪពុកអ្នកម្តាយគ្រប់គ្នានៅលើពិភពលោកនេះ។
៥. នៅជាមួយលាមក
ឪពុកម្តាយគេចមិនរួចពីរឿងលាមករបស់កូនទេ ព្រោះត្រូវចាំសង្កេតមើល ហឹត លាង កត់កំណត់ហេតុ ដូច្នេះទើបត្រូវធ្វើចិត្តឱ្យធ្លាប់ឱ្យហើយ។
៦. បើចេះស្តាប់គេឯង អ្វីៗនឹងងាយស្រួលឡើង
ពេលអ្នកឯទៀតដឹងថាយើងកំពុងតែចិញ្ចឹមកូនតូចនោះ អ្នកណាៗក៏តែងតែចូលមកណែនាំ “ធ្វើបែបនេះទៅ កូនបងក៏ធ្លាប់អុីចឹងដែរ” អ្នកខ្លះអាចមានអារម្មណ៍ថាច្រើនពេករហូតធុញនឹងស្តាប់ តែការពិតទៅជ្រើសរើសស្តាប់ទុកខ្លះក៏មិនខាតបង់អីដែរ រឹតតែល្អទៅទៀតដែលមានអ្នកគេព្រួយបារម្ភពីយើងនោះ។
៧. ដល់ពេលត្រូវចេះបន្ធូរបន្ថយ
ពេលមានកូន អ្វីៗក៏មើលទៅហាក់ដូចជាមិនបានដូចចិត្តទាំងអស់ មិនថាតែពេលគេង
ការតែងខ្លួន ឬសម្ព័ន្ធភាពក្នុងគ្រួសារ យើងត្រូវតែចេះបន្ធូរបន្ថយអារម្មណ៍ និងត្រូវទទួលស្គាល់ថា អ្វីៗច្រើនយ៉ាងអាចមិនល្អទំនងដូចកាលពីពេលមុន តែអ្វីៗគ្រប់យ៉ាងនឹងល្អរៀបរយឡើងវិញនៅទីបំផុត។
៨. សង្គមគ្រួសារដ៏ល្អ សំខាន់បំផុត
សម្រាប់សម្រាកកាយ សម្រាកចិត្តពីរឿងឈឺក្បាលនៅខាងក្រៅផ្ទះ ព្រោះសង្គមគ្រួសារដែលល្អនឹងជួយឱបក្រសោបកូនជំនួសយើងពេលដែលយើងទន់ជ្រាយ មនុស្សជុំវិញខ្លួននឹងនៅចាំជួយដាស់តឿនផ្លូវចិត្តមិនឱ្យយើងភ្លេចថា តើខ្លួនយើងជាអ្នកណា នៅពេលដែលយើងមានអារម្មណ៍អស់សង្ឃឹម។
៩. ឪពុកម្តាយថ្មោងថ្មី ត្រូវផ្តល់កម្លាំងចិត្តដល់គ្នា
ចង់វិភាគ ពិចារណា ឬចង់អបអរ សរសើចំពោះគ្នា មិនពិបាកជ្រើសរើសធ្វើទេ មែនទេ?។ ប្រហែលជាគ្មានអ្នកណាចង់ខាតពេល ខាតវេលាមកអង្គុយច្រណែនយើងនោះទេ គេចាប់អារម្មណ៍ខ្លាំងជាងថា តើកូនយើងស្អាតគួរឱ្យស្រឡាញ់យ៉ាងណាខ្លះទៅ ចូរយករឿងរ៉ាវបែបនេះមក Shareគ្នាវិញល្អជាង។
១០. បើមិនឈប់ គង់តែសម្រេច
បន្ទាប់ពីកូនអាយុគ្រប់ 1ខួប គ្មានអ្នកណាដឹងប្រាកដថានឹងក្លាយទៅជាយ៉ាងណាឡើយតទៅមុខទៀត យើងត្រូវតែរៀនយល់ដឹង ជាពិសេសតាមរយៈកំហុសឆ្គងកន្លងមក ដើម្បីនឹងបានធ្វើជាឪពុកម្តាយដ៏ល្អឡើងរៀងរាល់ថ្ងៃ។ សាកល្បងបើកចិត្ត សាកល្បងធ្វើ បើមិនបានផលល្អ ក៏ត្រឹមតែប្តូរវិធីថ្មីប៉ុណ្ណឹងឯង៕
ដកស្រង់ពី៖ parents.com