តិចនិកងាយៗ! ប៉ាម៉ាក់ចង់ឲ្យកូនកូនឆ្លាតវៃតាំងពីតូចត្រូវធ្វើមានទម្លាប់ជាប្រចាំ

ក្មេង​កើត​មក​មិន​មែន​មាន​ខួរក្បាល​ឆ្លាត​ស្រាប់​នោះ​ទេ ចាំបាច់​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម រួម​នឹង​សកម្មភាព​មួយ​ចំនួន​ទៀត ទើប​អាច​បង្វឹក​ខួរក្បាល​ឲ្យ​ឆ្លាត​វាង​វៃ។

ខាង​ក្រោម​នេះ ជា​សកម្មភាព​មួយ​ចំនួន​ជួយ​ឲ្យ​ខួរ​ក្បាល​ក្មេង​កាន់​តែ​ឆ្លាតវៃ៖

១. និយាយ ឬ​សួរ​នាំ​កូន​ឲ្យ​ច្រើន
ទម្លាប់​និយាយ និង​សួរ​នាំ​កូន​ឲ្យ​ច្រើន​ពី​នេះ​ពី​នោះ មិន​ថា​ពេល​នៅ​ផ្ទះ ឬ​ធ្វើ​ដំណើរ​ទៅ​ណា​នោះ​ទេ អាច​ជួយ​ឲ្យ​ការ​វិវត្ត​ខួរក្បាល​កូន។ ពេល​សួរ​នាំ ក្មេង​ខំ​ប្រឹង​​គិត ខំ​ប្រឹង​ឆ្លើយ ដែល​ដំបូង​គេ​អាច​ឆ្លើយ​ខ្លីៗ យូរៗ​ទៅ​ គេ​អាច​បង្កើត​ឃ្លា​ឃ្លោង​បាន​យ៉ាង​ល្អ។

២. ឆ្លើយ​​សំណួរ​របស់​កូន​គ្រប់​ពេល
ក្មេងៗ​ឆ្ងល់​ច្រើន ពេល​ឆ្ងល់ តែង​សួរ​អ៊ីចឹង​ហើយ ជួនកាល​សួរ​ដេញ​យើង​ជា​ប៉ា​​ម៉ាក់ ដល់​ថ្នាក់​ឆ្លើយ​មិន​ចេញ​ផង ​ក៏​មាន។ តែ​ទោះ​យ៉ាង​ណា ​យើង​មិន​ត្រូវ​ធុញ​ទ្រាន់ ឬ​គេច​វេះ​ពី​សំណួរ​របស់​កូន​នោះ​ទេ ព្រោះ​អាច​បង្អាក់​សកម្មភាព​ខួរក្បាល​របស់​គេ ត្រូវ​ព្យាយាម​រក​ចម្លើយ​ដែល​សមរម្យ ធ្វើ​ឲ្យ​អស់​ចម្ងល់។

៣. និទាន​រឿង​ឲ្យ​ស្តាប់
អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់ មិន​មែន​ដើម្បី​តែ​រំសាយ​អារម្មណ៍​មួយ​មុខ​ទេ គឺ​អាច​ឲ្យ​ក្មេង​ចាប់​ផ្តើម​ស្គាល់​ពាក្យ ខួរក្បាល​ប្រឹង​ចាប់​យក​ពាក្យ​នីមួយៗ​នៅ​ក្នុង​សាច់​រឿង។ ពេល​អាន​រឿង យើង​ត្រូវ​រក​រឿង​ណា​ដែល​មាន​ខ្លឹមសារ​អប់រំ បណ្តុះ​គំនិត​ក្មេងៗ​ឲ្យ​ក្លាយ​មនុស្ស​ល្អ មិន​ត្រូវ​អាន​សៀវភៅ​ដែល​មាន​ហិង្សា បាញ់​បោះ​នោះ​ទេ។

៤. ច្រៀង​លេង​ជាមួយ​កូន
ចម្រៀង​ធ្វើ​ឲ្យ​សប្បាយ អ៊ីចឹង​ហើយ​ក្មេង​ងាយ​នឹង​ចាប់​អារម្មណ៍ គេ​អាច​បញ្ចេញ​សំឡេង​រណ្តំ​ទៅ​តាម​ចង្វាក់​ភ្លេង និង​ទំនុក​ច្រៀង។ ការ​ចាប់​ផ្ដើម​ជាមួយ​ចម្រៀង​ជា​ការ​បណ្ដុះ​ឲ្យ​កូន​មាន​ជំនាញ​សិល្បៈ​ផង ជា​ការ​ហាត់​ពត់​ក្មេង​ឲ្យ​ឆាប់​ចេះ​និយាយ និង​ជួយ​ដល់​ការ​លូតលាស់​​ខួរក្បាល។

៥. លេង​ល្បែង​កម្សាន្ត​មាន​ប្រយោជន៍
ការ​ជ្រើសរើស​ល្បែង​កម្សាន្ត​ដែល​មាន​ប្រយោជន៍ ដូច​ជា​ ល្បែង​រៀប ឬ​ផ្គុំពាក្យ ល្បែង​សង់​ផ្ទះ ឬ​វត្ថុ​អ្វី​មួយ​ជា​ដើម ជា​ហ្វឹក​ហាត់​ខួរក្បាល​ក្មេង​ឲ្យ​ឆ្លាត​តាំង​ពី​ក្មេង។ ចូរ​កាត់​បន្ថយ​ការ​ឲ្យ​កូន​នៅ​មុខ​ទូរទស្សន៍ ទូរស័ព្ទ ឬ iPad តែ​ម្នាក់​ឯង។

៦. ផ្តល់​អាហារ​សម្បូរ DHA
ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ការ​ផ្តល់​អាហារ​បំប៉ន​បន្ថែម ឬ​ម្សៅ​ទឹក​ដោះ​គោ​ដែល​សម្បូរ DHA ដល់​កូន នោះ​ខួរក្បាល​ក៏​ឆ្លាត ភ្នែក​ក៏​ភ្លឺ។ ប្រភព​នៃ DHA មាន​នៅ​ក្នុង​ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន បង្គា​ធំៗ សាច់សត្វ ស៊ុត និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន។

ដកស្រង់ពី៖ Hello Health Group