ម៉ាក់ៗពពោះត្រូវដឹង! តើទារកកើតមកទម្ងន់ប៉ុន្មាន ទើបហៅថាគ្រប់គីឡូ?
ម៉ាក់ប៉ាគ្រប់គ្នាច្បាស់ជាដឹងហើយថា កាលណាទារកកើតមកគឺត្រូវគិតទៅតាមគីឡូដែលបានកំណត់តាមស្តង់ដារ ព្រោះវាអាចជួយបញ្ជាក់ឲ្យដឹងពីសុខភាពរបស់ក្មេង ប៉ុន្តែមានដឹងអត់ថា ទារកមានគីឡូប៉ុន្មានបានគិតថាគ្រប់តាមស្តង់ដារ។
គីឡូស្តង់ដាររបស់ទារកគឺទម្ងន់ចាប់ពី ២,៥គីឡូ (២.៥០០ក្រាម) ឡើងទៅ ហើយកាលណាទារកកើតមកមានគីឡូតិចជាង ២,៥គីឡូ គឺទម្ងន់កូនមិនត្រូវតាមស្តង់ដារទេ។ ម្យ៉ាងវិញទៀត បើទារកកើតមកមានទម្ងន់តិចជាង ១.៥០០ក្រាម ឬ ១.០០០ក្រាម គឺទារកនោះអាចមានបញ្ហាធ្ងន់ធ្ងរហើយ។

ទារកកើតមកមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ ហើយអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះក្នុងករណីដែលធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ទារកមិនគ្រប់គីឡូអាចប្រឈមនឹងវិបត្តិជាច្រើនដូចជា៖
- ការរំលាយអាហារមិនល្អ ធ្វើឲ្យទារកកាន់តែខ្សោយ មិនងាយឡើងទម្ងន់
- ចុះកម្តៅក្នុងខ្លួនខ្លាំង
- ចុះជាតិស្ករ
- ចុះជាតិកាល់ស្យូម
- ងាយឡើងលឿង។ល។

ស្រ្តីពពោះទាំងអស់ដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរទៅធ្វើការតាមដានសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ និងមានបទពិសោធន៍ខ្ពស់ ដើម្បីថែទាំសុខភាពកូនឲ្យបានកាន់តែដិតដល់ថែមទៀត។
ដកស្រង់ពី៖ Hello Health Group