អស់បញ្ហាទៀតហើយ! តិចនិកទាំង៥ ជួយដោះស្រាយបញ្ហាពិបាករំលាយអាហារពេលពពោះ
ពិបាករំលាយអាហារ អំឡុងពេលមានផ្ទៃពោះអាចបណ្តាលមកពីសញ្ញា ក្អួតចង្អោរ ឆ្អល់ពោះ ទល់លាមក ខ្វះចំណង់អាហារ និងចេញទឹកមាត់ហួសហេតុ។
ខាងក្រោមនេះជាតិចនិកទាំង៥ ជួយបញ្ចៀសការពិបាកក្នុងការរំលាយអាហារពេលពពោះ៖
១. ញ៉ាំអាហារតិចតួច ប៉ុន្តែញឹកញាប់
ម៉ាក់ៗគួរញ៉ាំអាហារតិចតួច ប៉ុន្តែញឹកញាប់ ព្រមទាំងជ្រើសរើសញ៉ាំអាហារដែលមានសារជាតិបំប៉នគ្រប់គ្រាន់នៅអំឡុងពេលពពោះ។ យ៉ាងណាមិញ ការញ៉ាំច្រើនជ្រុលអាចធ្វើឲ្យម៉ាក់ៗប្រឈមនឹងការពិបាកក្នុងការរំលាយអាហារ ដោយសារតែបរិវេណពោះរបស់យើងមានទំហំធំស្រាប់។ ជាមួយគ្នានេះដែរ ម៉ាក់ៗមិនគួរញ៉ាំអាហារពេលល្ងាចនៅយប់ជ្រៅពេកដែរ។
២. ជៀសវាងអាហារហឹរ និងចៀន
បន្ថែមពីនេះ អនាគតម៉ាក់ៗត្រូវជ្រើសរើសអាហារប្រកបដោយភាពឈ្លាសវៃ ដោយការកាត់បន្ថយការញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន មានជាតិហ្គាសច្រើន និងអាហារហឹរ ឬអាហារដែលសម្បូរដោយជាតិខ្លាញ់។ ពពួកអាហារទាំងនេះ អាចបណ្ដាលឲ្យមានការរលាក និងហើមពោះ ហើយនៅក្នុងករណីធ្ងន់ធ្ងរ វាក៏អាចបង្កជាជំងឺរលាកក្រពះ ថែមទៀតផង។
៣. អង្គុយឲ្យត្រង់ខ្លួន
បន្ទាប់ពីញ៉ាំអាហាររួច យើងមិនត្រូវគេងភ្លាមៗឡើយ ពីព្រោះវាអាចធ្វើឲ្យដំណើរការនៃការរំលាយអាហារមានភាពយឺតយ៉ាវ។ នៅពេលញ៉ាំអាហារ ចូររក្សាឥរិយាបថឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អ។
៤. ជៀសវាងពាក់សំលៀកបំពាក់តឹងពេក
សំលៀកបំពាក់តឹងពេក អាចដាក់សំពាធកាន់តែខ្លាំងនៅជុំវិញបរិវេណពោះ ដែលបណ្ដាលឲ្យស្រីៗយើងពិបាកក្នុងការរំលាយអាហារ និងមិនស្រួលក្នុងខ្លួន។ ជាងនេះទៅទៀត វាក៏អាចជះឥទ្ធិពលអាក្រក់ដល់ទាំងសុខភាពម្ដាយ និងទារកថែមទៀតផង។
៥.កាត់បន្ថយស្រ្តេស និងរក្សាជាតិទឹកក្នុងខ្លួន
ជាមួយគ្នានេះដែរ ម៉ាក់ៗគួរចំណាយពេលខ្លះដើម្បីធ្វើឲ្យអារម្មណ៍ស្ងប់ល្អ នៅមុនពេលចូលគេង ដោយការធ្វើសមាធិ ឬចំណាយពេលនៅស្ងប់ស្ងាត់ម្នាក់ឯង។ ធ្វើដូចនេះ រាងកាយរបស់ម៉ាក់ៗនឹងធូរស្រាលពីភាពតានតឹងដែលកើតឡើងពេញមួយថ្ងៃ។ លើសពីនេះ ចូរញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកនៅក្នុងរាងកាយ។
ដកស្រង់ពី៖ Hello Health Group