ម៉ាក់ៗមុនឆុងទឹកដោះគោឲ្យកូន ត្រូវប្រយ័ត្នរឿងសំខាន់ទាំង ៧ នេះ

នៅពេលជ្រើសរើសម្សៅទឹកដោះគោ ត្រូវពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ប្រ​ប្រាស់​ជានិច្ច។ ប្រសិនបើផុតកំណត់ ឬកំប៉ុងទឹកដោះគោកំប៉ិត គួរកុំទិញយកមកប្រើ។

លើសពីនេះ នៅពេលម៉ាក់ប៉ាត្រៀមឆុងទឹកដោះគោឲ្យកូន ត្រូវអនុវត្តតាមតិចនិកប៉ុន្មានខាងក្រោមនេះរួមមាន៖

១. លាងដៃ
មុនចាប់កាន់ដបទឹកដោះគោ យើងត្រូវលាងដៃជាមួយសាប៊ូនឹងទឹកស្អាត សម្លាប់មេរោគលើបាតដៃជាមុនសិន។

២. សម្អាតកំប៉ុងទឹកដោះគោ
យើងត្រូវលាងសម្អាតគម្របកំប៉ុងទឹកដោះគោជាមួយសាប៊ូ និងទឹកក្ដៅ ជូតឲ្យស្អាត ទុកឲ្យស្ងួត សឹមបើកប្រើ។

៣. លាយឲ្យត្រូវតាមការណែនាំ
ពិនិត្យមើលការណែនាំមានលើសំបកកំប៉ុងទឹកដោះគោ ដើម្បីដឹងថាពីបរិមាណទឹក និងចំនួនស្លាបព្រានៃម្សៅទឹកដោះគោត្រូវលាយឲ្យកូនបៅ។

៤. ត្រាំដបទឹកដោះគោក្នុងទឹកត្រជាក់ (បើចាំបាច់)
ជាទូទៅ យើងត្រូវលាយម្សៅទឹកដោះគោកូន ជាមួយទឹកក្ដៅដាំពុះ​ ទុក​ឲ្យ​ត្រជាក់​ល្មម​ ទើបមិនប៉ះពាល់សុខភាពកូន។ ប៉ុន្តែ បើវាក្ដៅពេក យើងអាចត្រាំដបទឹកដោះគោក្នុងទឹកត្រជាក់ ឬទឹកក ក្រោយឆុងរួច សឹមយកឲ្យកូនបៅ។

៥. ពិនិត្យសីតុណ្ហភាព
មុននឹងឲ្យកូនបៅ យើងគួរចាក់ទឹកដោះគោលើដៃ ដើម្បីពិនិត្យមើលថាតើទឹកដោះគោក្ដៅ ឬត្រជាក់ល្មមឲ្យកូនបៅបានឬនៅ។

៦. ឲ្យកូនបៅភ្លាម
ក្រោយលាយម្សៅទឹកដោះគោរួច គួរឲ្យកូនបៅភ្លាមៗក្នុងរយៈ ១-២ម៉ោង ដើម្បីកុំឲ្យទឹកដោះគោខូច។

៧. បោះចោលទឹកដោះគោសល់
រាល់ម្សៅទឹកដោះគោដែលលាយឲ្យកូនបៅរួច សុទ្ធតែអាចផ្ទុកមេរោគទោះយើងរក្សាវាក្នុងទូទឹកកកក៏ដោយ ដូចនេះគួរបោះចោល មិនគួរឲ្យកូនបៅបន្តទៀតទេ។

អ្វីចាំបាច់បំផុតដែលម៉ាក់ប៉ាត្រូវតែអនុវត្តជាប្រចាំរាល់ពេលឆុងទឹកដោះគោឲ្យកូននោះ គឺត្រូវតែមានអនាម័យខ្ពស់ជានិច្ច ដើម្បីការពារកូនពីបញ្ហាឈឺពោះ ហើមពោះ ឬឈឺនេះឈឺនោះពេលបៅទឹកដោះគោ។

ដកស្រង់ពី៖ Hello Health Group