ជិតដល់ថ្ងៃសម្រាលកូន! តើគួរត្រៀមអ្វីខ្លះ សម្រាប់យកទៅមន្ទីរពេទ្យ? (មានវីដេអូ)
ការមានផ្ទៃពោះ រយៈពេល ៤០ សប្តាហ៍របស់ស្រី្ត បានផ្តល់ឲ្យពេលវេលាច្រើនគួរសម សម្រាប់ការរៀបចំ ទទួលយកបទពិសោធន៍ ពីកំណើតទារកថ្មី តែអ្នកបែរជាមានអារម្មណ៍ថា ពេលវេលា ដើរទៅមុខយ៉ាងលឿន និងប្រែជាយូរបំផុតវិញ នៅពេលអ្នកស្ថិតក្នុងបន្ទប់សម្រាលកូន។
វាអាចជាការពិបាកក្នុងការដឹងអំពីអ្វីដែលត្រូវរៀបចំ ឬខ្ចប់ទុកសម្រាប់ការសម្រាលកូនរបស់អ្នក ជាពិសេសប្រសិនបើអ្នកក្លាយជាម្តាយជាលើកដំបូង។ ខាងក្រោមនេះជាសម្ភារៈដែលអ្នកម្តាយគួរត្រៀមពេលទៅមន្ទីរពេទ្យ៖
១. សម្រាប់អ្នកម៉ាក់
- បញ្ជីវេចខ្ចប់របស់យើងខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរមាន មុនពេលទៅមន្ទីពេទ្យ៖
- ឯកសារវេជ្ជសាស្ត្រមានផ្ទៃពោះ ឬសៀវភៅពិនិត្យផ្ទៃពោះរបស់ម៉ាក់ៗ រួមជាមួយនឹងលទ្ធផលធ្វើតេស្តឈាម (ប្រសិនបើមាន)
- អត្តសញ្ញាណប័ណ្ណ និងប័ណ្ណ បសស (បើមាន)
- សម្លៀកបំពាក់ដែលមានផាសុកភាព (បើនៅពេទ្យរដ្ឋគួរត្រៀមសារ៉ុងសម្រាប់ស្លៀកពេលសម្រាល)
- មួក និងស្រោមជើងសម្រាប់ពាក់ក្រោយពេលសម្រាល
- ខោទឹកនោមបកបិទសម្រាប់ម៉ាក់ស្លៀកនៅពេលសម្រាល និងក្រោយសម្រាលរួច ព្រោះក្រោយសម្រាលនឹងមានការធ្លាក់ឈាម (បើសម្រាលនៅពេទ្យរដ្ឋ)
- ខ្នើយពេលបំបៅ
- អាវទ្រនាប់ពេលបំបៅ
- បន្ទះសំឡីសម្រាប់ជូតទ្រាប់សុដន់ពេលបំបៅហើយ
២. សម្រាប់បេប៊ី
- សម្លៀកបំពាក់ មួក ស្រោមដៃ ស្រោមជើងទារក
- កន្សែងរុំទារក កន្សែងជូតខ្លួន
- ភួយទារក
- ឧបករណ៍សម្រាប់បូមយកទឹកដោះ
- ដបទឹកដោះគោ (ទោះបីជាអ្នកមានគម្រោងបំបៅកូនដោយទឹកដោះម្តាយក៏ដោយ)
- ម្សៅទឹកដោះគោ និងទឹកសម្រាប់ឆុងទឹកដោះគោ ដែលមាន គុណភាពនិងថ្ងៃផុតកំណត់កាលបរិច្ឆេទខ្ពស់
- សាប៊ូ និងច្រាសដុសលាងកំប៉ុងទឹកដោះគោ
- ខោទឹកនោមទារក និងកម្រាលសម្រាប់ពេលប្តូរកន្ទប
- ប្រេងកូឡាសម្រាប់ទារក
- ក្រដាសសើម (ប្រហែល២-៣ដុំ ព្រោះពេទ្យរដ្ឋខ្លះត្រូវការក្រដាសសើមដើម្បីជូតសម្អាតទារកបន្ទាប់ពីសម្រាលរួចភ្លាមៗ)
- ក្រដាសជូតមាត់
- សាប៊ូដុសខ្លួន
- កាតាបសម្រាប់ទុកដាក់កំប៉ុង
- កាតាបដាក់សម្ភារ