ម៉ាក់ត្រូវដឹងមុន! សម្រាលកូនតាមធម្មជាតិ ស្ត្រីពពោះគួរត្រៀមខ្លួនអីខ្លះ?
ចាប់ពីមានផ្ទៃពោះ រហូតដល់ថ្ងៃត្រូវសម្រាល ទោះឆ្លងកាត់រឿងពិបាកច្រើនយ៉ាងណា ក៏ស្រីៗជាម្តាយ អាចស៊ូទ្រាំជម្នះរហូតទាល់តែកូនជាទីស្រលាញ់អាចចេញមកមើលពន្លឺព្រះអាទិត្យដោយសុវត្ថិភាព ក៏ជាពេលវេលាសប្បាយបំផុតសម្រាប់គ្នាយើងមួយចំនួនធំដូចគ្នា។
អំឡុងពេល ៩ ខែនេះ ត្រូវសម្រេចចិត្តឲ្យហើយ សម្រាលតាមធម្មជាតិ ឬដោយវះកាត់ ហើយបើសម្រេចចិត្តសម្រាលតាមធម្មជាត គួរត្រៀមខ្លួនទុកជាមុន អ្វីគ្នាយើងគួរធ្វើមានដូចជា៖

១. ស្វែងយល់ពីដំណាក់កាលសម្រាលកូន
រឿងសម្រាលចំពោះស្រីៗ មិនដូចគ្នានោះទេ យើងក៏មិនអាចទាយថា ត្រូវចំណាយពេលយូរ ឬឆាប់ ឬយ៉ាងណានោះដែរ។ ទោះមិនដូចគ្នាក៏ពិតមែន ប៉ុន្តែរឿងសម្រាលកូន គ្នាយើងទាំងអស់ ចៀសមិនផុតដំណាក់កាលទាំង ៣ នេះដូចគ្នា។
- ដំណាក់កាលទី១៖ សាច់ដុំស្បូនចាប់ផ្តើមកន្ត្រាក់ ហើយរលាវិញ ជាហេតុធ្វើឲ្យមាត់ស្បូនរួញខ្លី និងបើក ដើម្បីឲ្យទារកអាចចេញមកក្រៅតាមទ្វារមាសបាន។ ដំណាក់កាលនេះ អាចមានរយៈពេល ២-៣ ម៉ោង ទៅដល់ ២-៣ ថ្ងៃឯណោះ។ ការកន្ត្រាក់សាច់ដុំស្បូន គឺមានចង្វាក់ទៀងទាត់ ហើយកន្រ្តាក់ជាប់ប្រហែលមួយនាទីឯណោះ។
- ដំណាក់កាលទី២៖ សាច់ស្បូនបើកអស់ហើយ ក៏ជាពេលវេលាគ្នាយើងត្រូវប្រឹងរុញកូនចេញពីស្បូនមកក្រៅ។
- ដំណាក់កាលទី៣៖ ពេលទារកសម្រាលចេញមកក្រៅរួចហើយ ស្បូននៅតែកន្រ្តាក់ទៀត ដើម្បីទម្លាក់សុកចេញមកក្រៅដែរ។
២. ត្រៀមខ្លួនសម្រាប់ការឈឺចាប់
ដើម្បីកុំឲ្យពេលសម្រាលឈឺចាប់ខ្លាំង យើងអាចចាប់ផ្តើមអនុវត្តតាមចំណូចទាំងនេះ អំឡុងពេលកំពុងពពោះ ដូចជា៖

- ម៉ាស្សាតំបន់ប្រដាប់ភេទ៖ ម៉ាស្សាថ្មមៗ និងយឺតៗ ទៅលើស្បែក ជាលិកានៅជុំវិញប្រដាប់ភេទ និងទ្វារលាមក នៅអំឡុង ៤ សប្តាហ៍ចុងក្រោយនៃការពពោះ (ឬចាប់ពីសប្តាហ៍ទី ៣៤ ទៅ)។ មានការសិក្សាជាច្រើនបានបង្ហាញថា ការម៉ាស្សាតំបន់ប្រដាប់ភេទ កាត់បន្ថយការដាច់រហែកទ្វារមាសពេលសម្រាលបានមួយចំនួនធំ។
- លំហាត់ប្រាណអាងត្រគាក (Kegel)៖ ពេលសម្រាល សាច់ដុំអាងត្រគាកធ្វើការយ៉ាងខ្លាំង ដើម្បីរុញទារកចេញពីក្នុងផ្ទៃ។ ដូចនេះ លំហាត់ប្រាណអាងត្រគាក នឹងជួយឲ្យការសម្រាលមិនសូវពិបាក។
៣. សម្អាតរោមលើថ្ងាស
ពេលមានផ្ទៃពោះ ម៉ាក់ៗភាគច្រើនតែងបារម្ភពីការកោររោមលើថ្ងាស (លើប្រដាប់ភេទ) ជាពិសេសការពពោះលើកដំបូង។ ពេលលើថ្ងាសស្អាត មិនរញ៉េរញ៉ៃ វានឹងផ្តល់ភាពងាយស្រួលដល់យើង និងគ្រូពេទ្យក្នុងការពិនិត្យ និងធ្វើទម្រង់ការផ្សេងៗ ក៏កាត់បន្ថយការបង្ករោគមួយចំនួន អាចឆ្លងពីម្តាយទៅកូននៅពេលសម្រាលទៀតផង។ ហេតុនេះហើយ មន្ទីរពេទ្យមួយចំនួន ណែនាំឲ្យស្រីៗពពោះ កោរសម្អាតរោមលើថ្ងាស មុនពេលចូលសម្រាលដើម្បីសុវត្ថិភាព និងអនាម័យ។
ដកស្រង់ពី៖ Hello Health Group