កុំរំលងឪ្យសោះ! វិធីសាស្ត្រ ៥ជួយអ្នកម៉ាក់សម្រាលកូនដោយងាយស្រួល និងសុវត្ថិភាព
ការសម្រាលឬហៅថា ឆ្លងទន្លេគឺជាដំណាក់កាលដ៏ពិបាកមួយក្នុងជីវិតមនុស្សស្រី ហើយក៏មានស្ត្រីជាច្រើនដែរដែលព្រួយបារម្ភពីដំណាក់កាលនេះ។ វិធីសាស្ត្រមានប្រយោជន៍មួយចំនួនដែលស្ត្រីពពោះ ឬជិតគ្រប់ខែអាចមើលទុកជាមេរៀន សម្រាប់ពេលសម្រាល កុំឱ្យមានការភ័យខ្លាច និងសម្រាលដោយងាយ៖
១. កម្លាំងចិត្ត
នៅពេលឈឺពោះសម្រាល ស្វាមីគួរតែនៅក្បែរប្រពន្ធក្នុងបន្ទប់សម្រាលដើម្បីផ្ដល់កម្លាំងចិត្ត ភាពកក់ក្ដៅ ការយកចិត្តទុកដាក់ និងដឹងពីទុក្ខលំបាក និងការលះបង់ដ៏ធំធេងរបស់ភរិយាដើម្បីតែជីវិតកូនក្នុងផ្ទៃ។ ក្រៅពីនេះ អ្នកម្ដាយក៏អាចផ្ដល់ជាកម្លាំងចិត្តដល់កូនស្រីដែលត្រូវសម្រាលនេះបានដែរ។
២. ពេលស្បូនបើក
នៅពេលស្បូនចាប់ផ្ដើមបើក ហើយអ្នកនៅផ្ទះ មិនទាន់ទៅមន្ទីរពេទ្យនៅឡើយ អ្នកអាចញ៉ាំអាហារខ្លះដើម្បីផ្ដល់កម្លាំងសម្រាប់ពេលកើត តែគួរចៀសវាងអាហារប្រភេទខ្លាញ់ និងពិបាករំលាយ ព្រោះវានឹងបណ្ដាលឱ្យមានបញ្ហា ឬប៉ះពាល់សុខភាពទៅវិញ។
៣. ទឹកភ្លោះ
បើទឹកភ្លោះមិនទាន់បែកនៅឡើយ តែស្បូនចាប់ផ្ដើមបើក អ្នកអាចងូតទឹកត្រជាក់ៗ ដើម្បីបំបាត់អារម្មណ៍តានតឹង និងមានអារម្មណ៍ធូរស្រាល។ ប៉ុន្តែបើទឹកភ្លោះចាប់ផ្ដើមបែកពេលមិនទាន់ទៅដល់ពេទ្យ អ្នកមិនគួរឈរយូរទេ ព្រោះវានឹងបណ្ដាលឱ្យទឹកភ្លោះហូរលឿន ឆាប់អស់ដែលនាំឱ្យមានបញ្ហាដល់កូនក្នុងផ្ទៃ។ ដូច្នេះបើឃើញទឹកភ្លោះបែកហើយ គួរប្រញាប់ទៅមន្ទីរពេទ្យតាមដែលអាចធ្វើបាន។
៤. ការបន្ធូរការឈឺចាប់
សម្រាប់នារីដែលឈឺពោះរៀបសម្រាល អាចប្រឈមនឹងការឈឺចាប់ខ្លាំង រហូតស្ទើរទ្រាំមិនបាន។ ប៉ុន្តែអ្នកអាចបន្ធូរបន្ថយវាបាន ដោយការដកដង្ហើមវែងៗ ឬឱ្យស្វាមី ឬសមាជិកគ្រួសារម៉ាស្សាថ្នមៗ។
៥. មុនពេលឡើងគ្រែសម្រាល
ដើម្បីងាយស្រួលកើត និងមិនសូវឈឺចាប់ ស្ត្រីគួរដើរឱ្យបានច្រើន ឬធ្វើចលនាដោយការហាត់ប្រាណចុះឡើង ដើម្បីសម្រួលដល់ការសម្រាលឱ្យមានភាពងាយស្រួល និងឆាប់រហ័ស៕
ដកស្រង់ពី៖ Health.com