ថែរឪ្យបានមុនទៅ! របៀបក្នុងការថែរក្សាធ្មេញកូនតូចឪ្យបានស្អាតល្អ មិនពុកធ្មេញ
ការដុះសម្អាតធ្មេញ និងការថែរក្សាធ្មេញជាកត្តាសំខាន់ ចាំបាច់បំផុតដើម្បីឲ្យធ្មេញរឹងមាំបានយូរ។ ម្យ៉ាងទៀតការបាក់ទៅវិញនៃធ្មេញព្រៃ តាមប្រក្រតីរបស់វាមានលក្ខណៈត្រង់ជួរស្អាត។
ការថែទាំធ្មេញថ្គាមធំទីមួយដែលដុះមុនគេឲ្យបានល្អ សំខាន់ណាស់សម្រាប់ដំណុះធ្មេញស្រុកដទៃទៀតត្រង់ជួរល្អដូចខាងក្រោម៖
- ពេលកូននៅតូចអាណាព្យាបាល អាចយកសំឡីឬក្រណាត់ទន់ស្តើងៗជូតធ្មេញឲ្យកូន ក្រោយពេល បំបៅដោះឬបរិភោគអាហារ
- មិនគួរឲ្យកូនគេងបៅដោះ ឬទឹកដោះគោផ្អាប់ក្នុងមាត់រហូតគេងលក់ដោយមិនបានសម្អាត
- មិនគួរបរិភោគអាហារដែលមានជាតិផ្អែម ដែលមានដូចជាពពួកនំ ស្កគ្រាប់
- កុមារក្រោមអាយុពីរឆ្នាំគួរប្រើច្រាសដុះធ្មេញទន់ៗទំហំតូចសម្រាប់ក្មេងដែលមិនចាំបាច់ប្រើប្រាស់ថ្នាំដុះធ្មេញ។
- ធ្មេញព្រៃដែលមានអាយុកាលត្រូវបាក់ គួរជួបប្រឹក្សាជាមួយពេទ្យជំនាញដើម្បីដកចេញ
- ក្រោយពេលបរិភោគអាហារគូរដុះធ្មេញឲ្យបានយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ
- ករណីធ្មេញមានប្រហោងដោយដង្កូវស៊ី មានចង្អូរជ្រៅមិនរាបស្មើ ដែលងាយឲ្យដក់ជាប់កម្ទេចកម្ទីអាហារជាដើម ត្រូវទៅរកការព្យាបាលដើម្បីប៉ះភ្ជិត។
- ក្រៅពីប្រើច្រាស់ដុះធ្មេញ គួរប្រើអំបោះបន្ថែទៀតដើម្បីសម្អាតកម្ទេចអាហារដែលនៅជាប់តាមចន្លោះធ្មេញ
- គួរនាំកូនទៅជួបគ្រូពេទ្យយ៉ាងតិចពីរដងក្នុងមួយឆ្នាំ បន្ទាប់ពីកូនមានអាយុ១៨ខែ។
ហេតុនេះអាណាព្យាបាលត្រូវថែរក្សាធ្មេញរបស់កុមារដែលដុះទាំងធ្មេញព្រៃនិងធ្មេញស្រុក។ ប្រសិនបើធ្មេញព្រៃបាក់មុនកាលកំណត់ នឹងធ្វើឲ្យធ្មេញដែលដុះតាមក្រោយនោះ អាចដុះមិនត្រង់ជួរ។ ចំពោះធ្មេញថ្គាមទីមួយដែលដុះនៅអាយុ០៦ឆ្នាំ បើសិនជាឆាប់បាក់នឹងធ្វើឲ្យធ្មេញស្រុកដទៃទៀតដុះមកឆែវ ផ្អៀងមិនល្អ។ ម្យ៉ាងវិញទៀតធ្វើឲ្យធ្មេញស្រុកដុះយឺតយ៉ាវ៕
ដកស្រង់ពី៖ អ៊ាង សុផល្លែត