ជួយបានច្រើនណាស់! គន្លឹះ ៦ជួយអ្នកម៉ាក់ជួបបញ្ហាឈឺចុកទ្រូងអំឡុងពេលពពោះ
ស្ត្រីមួយចំនួនតែងតែមានអាការៈចុកទ្រូង ដង្ហើមខ្លី បេះដូងលោតខុសប្រក្រតីនៅពេលដែលពួកគេមានផ្ទៃពោះ។ អាការៈនេះភាគច្រើនកើតឡើងដោយសារការថប់អារម្មណ៍ ការចាញ់កូន បញ្ហាសួត ជាតិអាស៊ីតនៅក្នុងក្រពះ បញ្ហាឆ្អឹងជំនី ហើយពេលខ្លះទៀតអាចបណ្ដាលមកពីការកកឈាមនៅក្នុងសួត និងបញ្ហាបេះដូងជាដើម។
ដូចនេះដើម្បីបំបាត់នូវអាការៈនេះ ស្រ្តីមានគភ៌ដែលមានបញ្ហានេះគួរអនុវត្តវិធីសាស្ត្រទាំងនេះ៖
១. ធ្វើឲ្យផ្លូវចិត្តមានសុខភាពល្អ
អ្នកមានផ្ទៃពោះគួរបន្ធួរភាពតានតឹងនៅក្នុងអារម្មណ៍តាមរយៈការស្ដាប់ចម្រៀង ការតាំងសមាធិ ការដើរស្រូបយកខ្យល់ធម្មជាតិ ការអានសៀវភៅជាដើម។ ការបន្ធូរអារម្មណ៍ធ្វើឲ្យអ្នកមានសុខភាពផ្លូវចិត្តល្អដែលជួយបំបាត់អាការៈចុកទ្រូងបានយ៉ាងល្អ។
២. គ្រប់គ្រងរបបអាហារ
ស្ត្រីមានផ្ទៃពោះទាំងអស់គួរជៀសវាងអាហារណាដែលមានរសជាតិហឹរ អាហារដែលឲ្យឡើងជាតិហ្គាសនៅក្នុងក្រពះដូចជា អាហារកែច្នៃ និងអាហារផ្អែមហើយគួរបរិភោគអាហារណាដែលមានជីវជាតិល្អសម្រាប់សុខភាពដូចជា បន្លែ ផ្លែឈើ ត្រី សាច់ជាដើម។
៣. ស្លៀកពាក់រលុង
អ្នកគួរជ្រើសរើសសម្លៀកបំពាក់រលុងៗ ប្រើប្រាស់អាវក្នុងធូរ និងជៀសវាងការស្លៀកពាក់រឹប តឹង ចង្អៀតពេកធ្វើឲ្យរឹបទ្រូង ពិបាកដង្ហើមដែលជាប្រការធ្វើឲ្យកើតនូវអាការៈឈឺទ្រូង។
៤. គេងឲ្យបានត្រឹមត្រូវ
អ្នកមានផ្ទៃពោះគួរផ្លាស់ប្ដូរទម្លាប់គេងដោយគេងបែរទៅចំហៀងដើម្បីកាត់បន្ថយសម្ពាធទៅលើទ្រូង ដោយមានទ្រាប់ខ្នើយទប់ខ្នងដើម្បីជួយទប់លំនឹងខ្លួន។
៥. យករបស់មកស្អំ
ប្រើប្រាស់របស់ ក្ដៅឬត្រជាក់យកមកស្អំទ្រូងដើម្បីកាត់បន្ថយអាការៈឈឺចាប់។
៦. ណាត់ជួបគ្រូពេទ្យ
ប្រសិនបើអាការៈនេះធ្ងន់ធ្ងរ អ្នកគួរទៅជួបវេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ដល់សុខភាព។
ដកស្រង់ពី៖ pethyoeung