ពពោះកូនដំបូង និងកូនបន្ទាប់ មានអ្វីខុសគ្នាខ្លះ?
ស្រីៗដែលធ្លាប់សម្រាលកូនច្រើនដង ប្រហែលជាបានកត់ចំណាំនូវចំណុចខុសគ្នារវាងការមានកូនលើកដំបូង និងកូនបន្ទាប់ទៀតមិនខាន។ ទោះបីជាយ៉ាងណាអ្នកម៉ាក់មួយចំនួនតែងតែចង់ដឹងថារវាងពពោះដំបូង និងពពោះបន្តបន្ទាប់ខុសគ្នាដូចម្តេច?
ខាងក្រោមនេះជាអ្វីដែលនឹងបង្ហាញភាពខុសគ្នារវាងការពពោះកូនលើកទី១ និងការពពោះកូនបន្ទាប់៖
១. កូនកម្រើកលឿនជាងមុន
ស្រីៗពពោះកូនដំបូង នឹងមានអារម្មណ៍ដឹងថា កូនកំពុងធាក់ពោះយើង នៅចន្លោះសប្តាហ៍ទី ១៨-២០ នៃការពពោះ។ ចលនាកូន វាអាចនឹងមានភាពស្រាលៗ អាចធ្វើឲ្យយើងមានអារម្មណ៍មិនប្រាកដ ដោយលើពេលវេលាកម្រើកលឿន និងខ្លីៗ។ តែចំពោះគ្នាយើងធ្លាប់មានកូនពីមុន ងាយសម្គាល់ដឹងពីសញ្ញា និងចលនាដំបូងរបស់កូន នៅពេលពពោះបាន ១៦ សប្តាហ៍។
២. ពោះធំជាងមុន
កាលពពោះលើកដំបូង នៅត្រីមាសដំបូងស្រីៗមិនសូវខ្ទាតពោះប៉ុន្មាន ទម្រាំខ្ទាតពោះ អាចឲ្យដឹងថា មានផ្ទៃពោះ ទាល់តែ៤-៥ ខែឯណោះ។ តែបើមានកូនលើកទី២ ទី៣ ពោះឆាប់ធំណាស់ នេះដោយសារតែស្បូនរីកធំ ហើយស្បែកយារធ្លាក់ដោយសារតែធ្លាប់ឆ្លងកាត់ការពពោះពីមុនមក។
៣. សម្រាលកូនលឿនជាងមុន
មិនមែនស្រីៗសម្រាលកូនលើកទី២ទាំងអស់សុទ្ធតែស្រួលជាងលើកទី១នោះទេ តែភាគច្រើនគឺអាចសម្រាលកូនស្រួល ហើយលឿនជាងមុន និងពេលខ្លះមាត់ស្បូនអាចស្តើងជាងមុន ដោយសារតែយើងធ្លាប់ឆ្លងកាត់បទពិសោធពីមុនមកខ្លះ ដឹងពីការត្រៀមលក្ខណៈ របៀបប្រឹង ឬក៏តិចនិកផ្សេងទៀត នេះនិយាយចំពោះការសម្រាលដោយធម្មជាតិ។
៤. ឈឺស្បូនខ្លាំងជាងមុន
ក្រោយសម្រាលរួច ស្រីៗជួបអាការៈឈឺស្បូន ហើយការឈឺនោះបើម៉ាក់ៗសម្រាលកូនដំបូងមិនសូវឈឺខ្លាំងនោះទេ អាចទ្រាំបាន តែបើសម្រាលកូនក្រោយៗទៀត ឈឺខ្លាំងសឹងទ្រាំមិនបាន មានស្រីៗខ្លះដល់ថ្នាក់ចាក់ថ្នាំបំបាត់ការឈឺចាប់ ទើបអាចទប់ទល់បាន។
ដកស្រង់ពី៖ Hello Health Group