ត្រូវដឹងមុនចាំបាច់! បើកូនស្លាក់អ្វីមួយ ប៉ាម៉ាក់ត្រូវធ្វើម៉េច?
ការស្លាក់កើតឡើងនៅពេលវត្ថុមួយ ដូចជា គ្រាប់ឃ្លី គ្រាប់ចិញ្ចៀន និងថ្មពិលតូច (button batteries) ឬវត្ថុតូចៗផ្សេងទៀត ស្ទះជាប់បំពង់ក ឬបំពង់ខ្យល់ ជាហេតុធ្វើឲ្យស្ទះចរន្តខ្យល់ មិនអាចដកដង្ហើមបាន។
ខាងក្រោមនេះអ្នកម៉ាក់នឹងបានរៀនពីវិធីដោះស្រាយពេលកូនជួបបញ្ហាស្លាក់៖

១. ក្មេងនៅអាយុក្រោម ១ ឆ្នាំ
សូមដាក់គេផ្កាប់នៅលើកំភួនដៃ ឬនៅលើភ្លៅ បើកំភួនដៃមិនអាចដាក់គេមានលំនឹងបាន។ បន្ទាប់មកកាន់ថ្គាម និងទ្រក្បាល ដោយដៃម្ខាង និងដាក់ឲ្យទាបជាងទ្រូងក្មេង។ ប្រើថ្លើមដៃម្ខាងទៀត ទះខ្នងក្មេង (ផ្នែកចន្លោះឆ្អឹងស្លាបប្រចៀវទាំងពីរ) ចំនួន ៥ ដងឲ្យលឿន។ បើក្មេងនៅតែមិនដកដង្ហើម ព្យាយាមសង្កត់ទ្រូង ដោយផ្ងារក្មេងឡើងក្នុងស្ថានភាពក្បាលទាបជាងទ្រូង រួចដាក់ម្រាមដៃពីរនៅកណ្ដាលទ្រូង ហើយសង្កត់ ៥ ដង។ ត្រូវធ្វើរបៀបនេះម្ដងហើយម្ដងទៀត (ទាំងផ្កាប់ហើយទះខ្នង និងសង្កត់ទ្រូង) រហូតទាល់តែរបស់នោះអាចមើលឃើញ និងយកចេញផុត។
២. ក្មេងអាយុលើស ១ ឆ្នាំ
ត្រូវឈរនៅក្រោយខ្នងក្មេង ដោយដាក់ដៃទាំងពីរជុំវិញចង្កេះ ដៃម្ខាងក្ដាប់ ហើយតម្រង់មេដៃចំចុងដង្ហើមក្មេង ដៃម្ខាងទៀតត្រូវដាក់ពីលើ បន្ទាប់មកសង្កត់ចូលក្នុង រួចរុញឡើងលើ។ អង្គការកាកបាតក្រហម បានណែនាំឲ្យជំនួសការសង្កត់ពោះ ទៅជាការទះខ្នងវិញ ដើម្បីព្យាយាមយករបស់ដែលស្ទះនោះចេញ។ បើក្មេងសន្លប់ ត្រូវធ្វើវីធីសង្គ្រោះបន្ទាន់ CPR (Cardiopulmonary resuscitation) ភ្លាម។

៣. ក្មេងទើបចេះដើរ ឬក្មេងធំ
ត្រូវប្រាប់ឲ្យក្អក ដើម្បីឲ្យវត្ថុដែលស្ទះធ្លាក់ចេញមកក្រៅ។ មិនត្រូវព្យាយាមយករបស់ដែលស្ទះនោះចេញឡើយ លើកលែងយើងមើលវាឃើញ ព្រោះអាចរុញវាឲ្យចូលកាន់តែជ្រៅទៅក្នុងបំពង់ខ្យល់។ ត្រូវសួរ “តើកូនកំពុងស្លាក់មែនទេ?” បើក្មេងងក់ក្បាល មានន័យថាពិតហើយ តែបើគេមិនតប មានន័យថាគេត្រូវការឲ្យជួយហើយ។
ទៅពេទ្យបន្ទាន់បើក្មេងសន្លប់ ឬមិនអាចដកដង្ហើមបាន ព្រោះតែមានវត្ថុអ្វីមួយបិទបំពង់ខ្យល់ ឬមានបញ្ហាអ្វីមួយ ធ្វើឲ្យបំពង់ខ្យល់បិទ ឬបើក្មេងដកដង្ហើមឮសំឡេង ដង្ហក់ មិនអាចស្រែក ឬមុខរបស់គេឡើងខៀវ រួចចាប់កាន់ក និងមើលទៅកំពុងស្លន់ស្លោ ភ័យខ្លាច។
ក្មេងតូចងាយនឹងស្លាក់ណាស់ ដូចនេះយើងត្រូវតែរៀបចំខ្លួនបង្ការទុកជាមុន។ ត្រូវរៀនពី វិធីសង្កត់ពោះពេលស្លាក់ (Heimlich maneuver) និងវិធីសង្គ្រោះ CPR ម៉ាក់ប៉ា អ្នកថែទាំក្មេង មេដោះ ត្រូវតែចេះ។
ដកស្រង់ពី៖ Hello Health Group