កូនតូចមានអាយុ ៩-១២ខែ ប៉ាម៉ាក់គួរបង្រៀនអីខ្លះ?

ដល់អាយុ ៩-១២ ខែ អូនតូចចេះវារ ឈរ តោងដើរ ឬដើរដោយមានការជួយទប់ អាចមើល​ឃើញ​ពណ៌យ៉ាងច្បាស់ អាចប្រើដៃទាំង ២ ចេះធ្ងល់ ចេះ​រុករក ចាំថារបស់ទុកនៅឯណា និងអាចធ្វើតាម​ការប្រាប់សាមញ្ញជាៗដើម។ ដើម្បីជំរុញដល់ការអភិវឌ្ឍអាអូន នៅដំណាក់កាលនេះ​ម៉ាក់ប៉ាអាច​បង្រៀន​អាអូនតាមរយៈការលេង និងតាមរយៈសកម្មភាពប្រចាំថ្ងៃ។

ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប៉ាម៉ាក់អាចបង្រៀនអូនតូច ដើម្បីជំរុញដល់​ការលូតលាស់​រាងកាយ​ និងការអភិវឌ្ឍបញ្ញាស្មារតីរបស់អូនតូច៖

១. លេងលាក់របស់
ប៉ាម៉ាក់អាចលាក់របស់លេងនៅក្រោយខ្នង ឬក្រោមខ្នើយ រួចសួរអាអូនថា “ឡាន​អូននៅឯណា?” រួចឱ្យអូនតូចរក។ ការលេងបែប​នេះអាចបង្កើនការយល់ដឹង និង​សមត្ថភាព​រុក​រករបស់អាអូន។

២. បង្រៀនអូនតូចឱ្យស្គាល់ឈ្មោះ
ប៉ាម៉ាក់អាចបង្រៀនអូនតូចឱ្យហៅសមាជិកនៅក្នុងគ្រួសារ និង​បង្រៀនអូនតូចឱ្យស្គាល់ និងហៅឈ្មោះវត្ថុឬ សត្វចិញ្ចឹមដើម្បីឱ្យអូនតូចចាប់អារម្មណ៍ និងបង្កើត​ទំនាក់​ទំនងជាមួយបរិស្ថានជុំវិញខ្លួន និងរៀនពាក្យថ្មីៗ។

៣. បង្រៀនអូនតូចឱ្យប្រើកាយវិការ
ម៉ាក់ប៉ាអាចបង្រៀនអាអូនប្រើដៃធ្វើ​កាយវិការមួយចំនួនដូចជា បាយៗ ចាបៗ ប៊ីៗ ទះដៃ កុំមាត់ជាដើម។ ការធ្វើបែបនេះនឹងជួយអាអូនរៀនធ្វើតាមការប្រាប់។

៤. បង្រៀនអូនតូចពីអវយវៈរាងកាយ
ប៉ាម៉ាក់អាចចង្អុល និងប្រាប់ពីភ្នែក​ ច្រមុះ ត្រចៀក មាត់ សក់ ដៃ ជើងរបស់តុក្កតាដល់អូនតូច រួចឱ្យអូនតូចចង្អុលពីភ្នែក ច្រមុះ…របស់អូនតូច និងរបស់ប៉ាម៉ាក់។ ការធ្វើបែបនេះយូរៗទៅអូនតូចនឹងស្គាល់អវយវៈរាងរបស់រាងកាយហើយ។

៥. អានសៀវភៅឱ្យអាអូនស្តាប់
ប៉ាម៉ាក់អាចជ្រើសរើសសៀវភៅដែលមានរូបភាពធំៗ និងមានពណ៌​អានឱ្យអូនតូចស្តាប់បណ្តើរ ចង្អុលប្រាប់ពីរូបនីមួយៗនៅក្នុងសៀវភៅបណ្តើរ។ បន្ទាប់​មកប្រាប់អូន​តូចឱ្យរករូបក្នុងសៀវភៅ ព្រោះក្នុងវ័យនេះអូនតូចចូលចិត្តប្រើដៃណាស់ ហើយ​ក៏មើលឃើញ​ពណ៌​ច្បាស់ដែរ។

ប៉ាម៉ាក់ត្រូវឧស្សាហ៍លើកទឹកចិត្តអូនតូចដោយប្រើពាក្យសរសើរដូចជា ពូកែណាស់ ល្អណាស់ ធ្វើ​បាន​ល្អណាស់ជាដើម ដើម្បីបង្កើនជំនឿចិត្តអូនតូចក្នុងការរៀនរបស់ថ្មីៗ និងចៀសវាង​ប្រើពាក្យ​ដូច​ជា ខុសហើយ មិនត្រូវទេ​…​ដែល​​អាចធ្វើឱ្យអូនតូចមានការរាលថយក្នុងការរៀនព្រោះខ្លាចខុស ។

ដកស្រង់ពី៖ Hello Health Group