ពពោះគួរដឹង! អាស៊ីតហ្វូលិកសំខាន់ណាស់សម្រាប់អ្នកម៉ាក់ពពោះ ឬត្រៀមយកបុត្រ(មានវីដេអូ)
សុខភាពពេលពពោះជារឿងសំខាន់ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើសុខភាពខ្លួនឯងនោះទេ វាពិតជាប៉ះពាល់ខ្លាំងណាស់ចំពោះខ្លួនអ្នក និងទារកក្នុងផ្ទៃ បន្ថែមពីនោះការពពោះក៏ទាមទារឪ្យអ្នកញ៉ាំរបបអាហារ និងវីតាមីនមួយចំនួនឪ្យសមស្របសុខភាពអ្នកម៉ាក់ផងដែរ។ ដោយឡែកពេលនេះយើងនឹងលើកយកសារៈសំខាន់នៃ អាស៊ីតហ្វូលិក( Folic acid) ដែលអ្នកពពោះត្រូវដឹង។
តើអាស៊ីតហ្វូលិក( Folic acid) គឺជាអ្វី? ហេតុអ្វីបានជាវាមានសារៈសំខាន់?
ខាងក្រោមនេះជាចំណុចខ្លះៗដែល អ្នកម៉ាក់កំពុងពពោះ ឬត្រៀមយកបុត្រត្រូវដឹងជាចាំបាច់៖
១. អាស៊ីតហ្វូលិកជាអ្វី?
អាស៊ីតហ្វូលិក ឬ Folic acid គឺជាសារធាតុ Folate ជាសារធាតុចិញ្ចឹមដែលមានក្នុងវីតាមីន B ដូចជាអាហារ និងអាហារបំប៉នផ្សេងៗ។ Folate អាចហៅម្យ៉ាងទៀតថា វីតាមីន B-9 ដែលកើតឡើងដោយធម្មជាតិ និងត្រូវបានគេបន្ថែមទៅក្នុងផលិតផលអាហារបំប៉នមួយចំនួន។
២. សារៈសំខាន់អាស៊ីតហ្វូលិក ឬ Folic acid
អាស៊ីតហ្វូលិក គឺជាវីតាមីនដែលមានសារៈសំខាន់ណាស់ ចំពោះស្ត្រីកំពុងមានផ្ទៃពោះ ឬមានគម្រោងពពោះ ក្នុងការជួយការពារបញ្ហាខួរក្បាល និងឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ។ វាក៏ជួយបង្កើត DNA និងសម្ភារៈហ្សែនផ្សេងទៀតរបស់អ្នកម៉ាក់ផងដែរ។
៣. ការទទួលទានអាស៊ីតហ្វូលិក
ស្រ្តីគួរទទួលទានអាស៊ីតហ្វូលិកឱ្យបានច្រើន បើទោះបីជាមិនទាន់មានគម្រោងយកបុត្រក៏ដោយ។ យ៉ាងហោចណាស់ 1ខែ មុនពេលមានផ្ទៃពោះ និងរហូតដល់ 3ខែដំបូងនៃការមានផ្ទៃពោះ អ្នកម៉ាក់ត្រូវទទួលទានវាឱ្យបានគ្រប់គ្រាន់។
អ្នកម៉ាក់កំពុងពពោះ ឬមានគម្រោងមានផ្ទៃពោះ គួរតែញ៉ាំអាហារបំប៉ន និងអាហារដែលមានជាតិអាស៊ីតហ្វូលិក ( Folic acid) ពី 400 ទៅ 800 មីក្រូក្រាមជារៀងរាល់ថ្ងៃទើបល្អ។
ការទទួលទាន អាស៊ីតហ្វូលិកឱ្យបានគ្រប់គ្រាន់ គឺជារឿងដ៏សំខាន់មួយដែលអ្នកម៉ាក់គ្រប់រូប គួរតែយកចិត្តទុកដាក់ ដើម្បីទទួលបាននូវសុខភាពល្អ ទាំងខ្លួនឯង និងទារកក្នុងផ្ទៃ។
ដកស្រង់ពី៖ Myhealthfinder