ម៉ាក់ៗធ្លាប់ឆ្ងល់អត់? ហេតុអ្វីបានកូនក្នុងផ្ទៃ តែងតែធាក់ច្រើននៅពេលយប់? (មានវីដេអូ)

អ្នកម៉ាក់ៗប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាឱ្យតែនៅពេលយប់ កូនក្នុងផ្ទៃតែងតែធ្វើចលនា និងធាក់​ញឹកញាប់ខុសពីពេលថ្ងៃ ជាពិសេសគឺកំឡុងពេលជិតសម្រាល ​ដែលវាពាក់ព័ន្ធទៅនឹង​សុខភាពរបស់អ្នកម៉ាក់ និង​​ទារកក្នុងផ្ទៃ​ផងដែរ។

តើកូនក្នុងផ្ទៃធាក់បណ្តាលមកពីកត្តាអ្វីខ្លះទៅ?

ខាងក្រោមនេះ គឺជាមូលហេតុដែលបណ្តាលឱ្យទារកកម្រើកញឹកញ៉ាប់ នៅពេលយប់៖

១. ទារកក្នុងផ្ទៃចូលចិត្តធ្វើចលនានៅពេលដែលអ្នកម៉ាក់កំពុងគេង ដោយសារតែនៅពេលថ្ងៃ អូនតូចទំនងជាគេងលក់ ព្រោះម៉ាកធ្វើចលនា។ ប៉ុន្តែនៅពេលដែលអ្នកម៉ាក់សម្រាកពេលយប់ អូនតូចនឹងភ្ញាក់ឡើង ហើយធ្វើចលនា ដូចជា៖ ក្តាប់ដៃ ធាក់ និងកន្ត្រាក់ជាដើម។

ទារកកម្រើកច្រើននៅពេលយប់ ក៏អាស្រ័យទៅលើសកម្មភាពរបស់អ្នកម៉ាក់ផងដែរ ដូចជា ការគេង ដើរ និងអង្គុយជាដើម។

២.តើអូនតូចចាប់ផ្តើមចេះកម្រើកនៅពេលណា?
ជាធម្មតាអ្នកម៉ាក់ដែលធ្លាប់ពពោះរួចហើយ តែងតែចាប់ផ្តើមមានអារម្មណ៍ថាអូនតូចមានចលនា នៅដើមសប្តាហ៍ទី 16 ឬ18 នៃការពពោះ។ ចំណែកអ្នកម៉ាក់ដែលមានផ្ទៃពោះដំបូងៗ អាចយូរជាងនេះ គឺរហូតដល់សប្តាហ៍ទី 20 ទើបអូនចាប់ផ្តើមចេះកម្រើក។

អូនតូចនឹងតែកាន់ធ្វើចលនាតែញឹកញាប់នៅក្នុងត្រីមាសទី៣ គឺនៅពេលជិតសម្រាល ដោយសារតែការធំធាត់របស់ទារកក្នុងផ្ទៃ កាន់តែមានភាពចង្អៀត។

៣. តើកូនក្នុងផ្ទៃធ្វើចលនាច្រើននៅពេលយប់អាចប៉ះពាល់ដែរឬទេ?
ជាទូទៅទារកដែលកម្រើកច្រើន គឺមានសុខភាពល្អ ហើយវាបានក្លាយជារឿងធម្មតាទៅហើយ សម្រាប់ស្រ្តីក្នុងការពពោះ។ វា​គឺ​ជា​ការ​ហាត់​ប្រាណ​របស់ទារក​ ក្នុងការលើក​កម្ពស់​សុខភាព​ឆ្អឹង និង​ការ​អភិវឌ្ឍ​សន្លាក់។ រាល់ការពពោះរបស់អ្នកម៉ាក់ទាំងអស់គឺខុសគ្នា ហើយទារកក្នុងផ្ទៃក៏លូតលាស់ខុសគ្នាដែរ ដូច្នេះអាចកម្រើកខ្លាំង ឬតិចគឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែងរបស់អ្នកម៉ាក់ និងទារក។

៤. តើគួរធ្វើដូចម្តេចប្រសិនបើកូនតូចមិនកម្រើក ឬឈប់ធ្វើចលនា?
ប្រសិនបើអ្នកម៉ាក់មិនទទួលបានអារម្មណ៍នៃការធ្វើចលនារបស់ទារកក្នុងផ្ទៃ ក្នុងរយៈពេល 24 សប្តាហ៍ឡើងទៅ ឬបើគិតថាចលនារបស់ទារក មានការថយចុះ ខ្សោយកម្លាំង សូមទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះយលបល់​ ធ្វើការតាមដាន និងពិនិត្យសុខភាព​។

ជារួមមកវិញការដែលទារកធ្វើចលនាច្រើនមិនថាពេលយប់ ឬថ្ងៃ គឺមិនមានបញ្ហានោះទេ ពោលគឺជាការលូតលាស់របស់ពួកគេ។ អ្វីដែលអ្នកម៉ាក់គ្រប់រូបត្រូវធ្វើ​ គឺថែរក្សាសុខភាពឱ្យបានល្អ និងទទួលទានអាហារដែលមានវីតាមីនឱ្យបានច្រើន៕  

ដកស្រង់ពី៖ Pregancybirth&baby