អស់បារម្ភទៀតហើយ! ប៉ាម៉ាក់មានកូនលេងទូរសព្ទច្រើន អាចសាកវិធីទាំងនេះឈប់ដូចគេបេះ! (មានវីដេអូ)

បច្ចុប្បន្នការលេងទូរសព្ទគឺជាក្តីបារម្ភរបស់លោកប៉ាអ្នកម៉ាក់គ្រប់ចំពោះកូនៗ ពិសេសគឺកូនចាប់ពីអាយុពី១ខួប ឡើងទៅ។ វាមិនល្អចំពោះកូនអ្នកឡើយ ប្រសិនបើពួកគេលេងទូរសព្ទច្រើនពេក ព្រោះអាចប៉ះពាល់ដល់ខួរក្បាល ការលូតលាស់ និងអត្តចរិករបស់ពួកគេ។

ខាងក្រោមនេះជាគន្លឹះដ៏មានប្រសិទ្ធភាពចំនួន៤ មកបង្ហាញប៉ាម៉ាក់ក្នុងការអនុវត្ត ដើម្បីជួយដោះស្រាយបញ្ហាកូនលេងទូរសព្ទច្រើន៖

១. បង្រៀនពីអ្វីផ្សេងៗដល់ពួកគេមុនពេលចូលគេង
ប៉ាម៉ាក់មិនត្រូវឱ្យកូនលេងទូរសព្ទមុនពេលចូលគេងដាច់ខាត ព្រោះវានឹងបង្ករជាទម្លាប់មិនល្អ ពិសេសគឺ ប៉ះពាល់ដល់សុខភាព និងការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ពួកគេ។ ដូច្នេះជំនួសឱ្យការលេងទូរស័ព្ទ  ប៉ាម៉ាក់អាចអានសៀវភៅ ឬ ច្រៀងបំពេរឱ្យពួកគេស្តាប់ ដើម្បីឆាប់គេងលក់។

២. កំណត់ម៉ោងឱ្យកូនលេងទូរសព្ទច្បាស់លាស់
ប៉ាម៉ាក់គួរបែងចែកពេលវរលាចំពោះកូនឱ្យបានត្រឹមត្រូវក្នុងសកម្មភាពប្រចាំថ្ងៃ ទាំងការសិក្សា ការលេងកម្សាន្ត និងការប្រើប្រាស់ទូរសព្ទផងដែរ។ ធ្វើបែបនេះគឺអាចគ្រប់គ្រងរយៈពេលដែលពួកគេប្រើប្រាស់ឧបករណ៍មួយនេះ បានយ៉ាងងាយ។

៣. ព្យាយាមបង្កើតបរិយាកាសរីករាយជំនួសទូរសព្ទ
ក្មេងអាយុចាប់ពីមួយខួបជាងឡើងទៅ គឺចូលចិត្តភាពសប្បាយ និងការលេងច្រើន ជាជាងភាពស្ងប់ស្ងាត់។ ដូច្នេះប៉ាម៉ាក់គួរតែបង្កើតបរិយាសកាសរីករាយទៅកាន់ពួកគេឱ្យបានច្រើន ដូចជាការនាំលេងបិទពួន លាក់របស់ជាដើម។ ធ្វើបែបនេះនឹងផ្តាច់ពួកគេពីការលេងទូរសព្ទបានច្រើន។

៤. ប្រយ័ត្នមនុស្សជុំវិញខ្លួន
មជ្ឈដ្ឋានជុំវិញក៏អាចជះឥទ្ធិពលមិនល្អមកលើកូនរបស់អ្នកបានផងដែរ។ ក្នុងន័យនេះគឺយើងចង់ណែនាំឱ្យប៉ាម៉ាក់គ្រប់រូប មិនត្រូវប្រើប្រាស់ទូរសព្ទនៅចំពោះមុនកូនៗញឹកញាប់ឡើយ ព្រោះវានឹងធ្វើឱ្យពួកគេចង់លេង ចង់កាន់ និងអាចយំដណ្តើមទូរសព្ទពីអ្នកបានគ្រប់ពេល។

ជារួមមកវិញ ប៉ាម៉ាក់គួរតែកាត់បន្ថយការប្រើប្រាស់ ឬ លេងទូរសព្ទឱ្យបានតិចបំផុតពេលនៅចំពោះមុខកូនៗតាមដែលអាចធ្វើទៅបាន ពីព្រោះវាអាចជាគំរូមិនល្អ ហើយនៅពេលកូនៗអនុវត្តតាមគឺអាចប៉ះពាល់ដល់សមត្ថភាពនៃការលូតលាស់ និងអត្តចរិករបស់ពួកគេ នេះបើតាមការសិក្សាស្រាវជ្រាវពី គេហទំព័រ​ Snotty Nose ដែលនិយាយអំពីការគ្រប់គ្រងកុមារក្នុងការប្រើប្រាស់ទូរស័ព្ទ ។

ដកស្រង់ពី៖ Snotty Nose