ម៉ាក់ៗថ្មីថ្មោងគួរដឹង! ពេលវេលាដែលក្មេងៗត្រូវការគេងចាប់ពី០ខែ រហូតដល់ ១២ឆ្នាំ
ការគេងរបស់កូនជារឿងសំខាន់ ពីព្រោះប្រសិនបើកូនគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ជាច្រើនដូចជា ការលូតលាស់ខួរក្បាល មួម៉ៅច្រើនទៀតផង ហើយអ្នកម៉ាក់មានធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកទើបនឹងកើតត្រូវការគេងច្រើន ហើយដល់ពេលធំបន្តិចមិនសូវគេងសោះ បែរជាលេងច្រើនជាង? តាមពិតពេលវេលាដែលក្មេងៗត្រូវគេង វាអាស្រ័យទៅតាមការលូតលាស់ និងវ័យរបស់ក្មេងម្នាក់។ ចំពោះចំនួនម៉ោងដែលក្មេងៗត្រូវគេង អាចប្រែប្រួលបន្តិចម្តងៗ រហូតទាល់តែពួកគេពេញវ័យ។
ដូច្នេះ ដើម្បីឲ្យកូនៗគេងបានត្រឹមត្រូវទៅតាមអាយុ ឪពុកម្តាយគួរស្វែងយល់ពីចម្លើយដូចខាងក្រោម៖
១. ក្មេងមានអាយុ ០ ដល់ ៤ខែ
ដំណាក់កាលនេះ ពួកគេត្រូវការគេងថ្ងៃប្រមាណជា ៣ដង(ប្រហែលជា៤ម៉ោង) ចំណែកឯពេលយប់វិញ ចាប់ពី ៩ទៅ ១០ម៉ោង។ ដូច្នេះ ក្នុងមួយថ្ងៃ ពួកគេត្រូវការគេង ប្រហែលជា ១៤ម៉ោង។
២. ក្មេងមានអាយុ ៤ ទៅ៦ខែ
ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ២ ទៅ៣ដង(៤ទៅ៥ម៉ោង) ហើយពេលយប់វិញអាច ១០ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤ ទៅ ១៥ម៉ោង។
៣. ក្មេងមានអាយុ ៦ ទៅ៩ខែ
ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ២ដង(២ទៅ៤ម៉ោង) ហើយពេលយប់វិញអាច ១០ ទៅ ១២ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤ ម៉ោង។
៤. ក្មេងមានអាយុ ៩ ទៅ ១២ខែ
ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ២ ទៅ៣ដង(៤ទៅ៥ម៉ោង) ហើយពេលយប់វិញអាច ១០ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤ ទៅ ១៥ម៉ោង។
៥. ក្មេងមានអាយុ ១២ ទៅ ១៨ខែ
ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ១ ទៅ២ដង ហើយពេលយប់វិញអាច ១១ ទៅ១២ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៣ ទៅ ១៤ម៉ោង។
៦. ក្មេងមានអាយុ ១៨ ទៅ ២៤ខែ
ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ១ដង ហើយពេលយប់វិញអាច ១១ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៣ ទៅ ១៤ម៉ោង។
៧. ក្មេងមានអាយុ ២ ទៅ ៣ឆ្នាំ
ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ១ដង ហើយពេលយប់វិញអាច ១០ ទៅ ១១ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ កុមារត្រូវការគេងប្រហែលជា ១២ ទៅ ១៤ម៉ោង។
៨. ក្មេងមានអាយុ ៣ទៅ ៥ឆ្នាំ
ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ១ដង ហើយពេលយប់វិញអាច ១០ ទៅ១១ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ កុមារត្រូវការគេងប្រហែលជា ១១ ទៅ ១៣ម៉ោង។
៩. ក្មេងមានអាយុ ៥ ទៅ ១២ឆ្នាំ
ដំណាក់កាលនេះ ក្មេងត្រូវចូលរៀនហើយ ដូច្នេះពេលថ្ងៃពួកគេអាចមិនបានគេងឡើយ ហើយពេលយប់វិញអាចគេងប្រហែលជា ១០ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ពួកគេត្រូវការគេងប្រហែលជា ១០ម៉ោង។
ដកស្រង់ពី៖ caringforkids