ប៉ាម៉ាក់មិនត្រូវរំលងទេ! ៣វិធីជួយឱ្យកូនមានឆ្អឹងរឹងមាំ និងសុខភាពល្អថែមទៀត
ការលូតលាស់របស់កុមារគឺអាស្រ័យលើការមើលថែររបស់ប៉ាម៉ាក់ ហើយដើម្បីឱ្យកូនមានសុខភាពល្អ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ផ្ទុយទៅវិញប្រសិនបើមិនមានការគិតគូរឱ្យបានដិតដល់នោះទេ វានឹងធ្វើឱ្យការលូរលាស់របស់ពួកមានការគេចុះខ្សោយ ទាំងសមត្ថភាពខួរក្បាល រាងកាយ និងឆ្អឹងមិនរឹងមាំជាដើម។
ខាងក្រោមនេះ យើងនឹងបង្ហាញពីវិធីសាស្ត្រចំនួន៣ ក្នុងការជួយឱ្យកូនរបស់អ្នកមានឆ្អឹងរឹងមាំ៖
១. ផ្តល់អាហារដែលមានសារធាតុកាល់ស្យូមខ្ពស់ទៅកាន់កូនឱ្យបានច្រើន
កាល់ស្យូមជាសារធាតុរ៉ែដែលគេស្គាល់ថា សម្រាប់ការកសាង និងជំនួយឆ្អឹងឱ្យរឹងមាំ និងមានសុខភាពល្អ។ វាត្រូវបានរកឃើញនៅក្នុងផលិតផលទឹកដោះគោ សណ្តែក បន្លែស្លឹកបៃតង និងអាហារប្រភេទគ្រាប់មួយចំនួន ដែលជួយពង្រឹងសមត្ថភាពឆ្អឹងរបស់កុមារ។ កាល់ស្យូមក៏សម្បូរនៅក្នុងទឹកក្រូច និងគ្រាប់ធញ្ញជាតិផងដែរ។
២. ផ្តល់អាហារបំប៉នដែលមានវីតាមីន D
វីតាមីន D មានសារៈសំខាន់ណាស់ក្នុងការជួយលើកម្ពស់សុខភាពកុមារ និងជាពិសេសគឺជួយឱ្យឆ្អឹងរឹងមាំ។ វាមាននាទីជួយឱ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានច្រើន ដែលល្អសម្រាប់ការលូតលាស់ឆ្អឹង និងការលូតលាស់រាងកាយរ ។
អាហារដូចជា ទឹកដោះគោ និងផ្លែឈើស្រស់ជាដើម គឺសម្បូរទៅដោយវីតាមីនD ដែលប៉ាម៉ាក់អាចផ្តល់ឱ្យកូន។
៣. លើកទឹកចិត្តឱ្យកូនធ្វើលំហាត់ប្រាណ
សាច់ដុំ និងឆ្អឹងរបស់កុមារនឹងកាន់តែរឹងមាំ ប្រសិនបើពួកគេហាត់ប្រាណញឹកញាប់។ សកម្មភាពហាត់ប្រាណដូចជាការដើរ រត់ និងលោតជាដើម គឺធ្វើឱ្យរាងកាយប្រើប្រាស់ចលនាសាច់ដុំបានច្រើន និងជាផ្នែកដ៏សំខាន់ក្នុងការជម្រុញឱ្យមានការលូតលាស់ឆ្អឹងយ៉ាងរឹងមាំ។
ជារួមមកវិញលោកប៉ាអ្នកម៉ាក់ត្រូវប្រាកដថា កូនរបស់ខ្លួនទទួលបានអាហារូបត្ថម្ភដែលមានកាល់ស្យូម និងវីតាមីនគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ពួកគេ ដើម្បីជួយឱ្យឆ្អឹងរបស់ពួកគេរឹងមាំ និងមានសុខភាពល្អ៕
ដកស្រង់ពី៖ Kids Health