សំខាន់ណាស់! ពពោះបីខែដំបូងដល់សម្រាលអ្នកម៉ាក់ គួរអនុវត្តន៍តាមរបៀបគេងទាំងនេះ
ការគេងគឺជារឿងមួយដែលស្ត្រីត្រូវយកចិត្តទុកដាក់ ក្នុងអំឡុងពេលពពោះ ហើយវាមានសារៈសំខាន់ណាស់ក្នុងត្រីមាសនីមួយៗ ដែលទាក់ទងទៅនឹងសុខភាពអ្នកម៉ាក់ និងទារកក្នងផ្ទៃ។ ប្រសិនបើអ្នកម៉ាក់គេងមិនបានត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ វានឹងផ្តល់ផលមិនល្អ ចំពោះខ្លួនឯង និងការលូតលាស់របស់កូនក្នុងផ្ទៃ។
ខាងក្រោមនេះយើងនឹងបង្ហាញពីសំខាន់នៃការគេង ចំពោះអ្នកម៉ាក់ក្នុងត្រីមាសនីមួយៗនៅពេលពពោះ៖

១. ត្រីមាសទី១ (បីខែដំបូង)
ក្នុងអំឡុងត្រីមាសដំបូងនៃការពពោះ រាងកាយរបស់អ្នកម៉ាក់មានការប្រែប្រួលច្រើន រួមទាំងអារម្មណ៍ និងផ្លូវចិត្តផងដែរ ដែលទាមទារការគេងឱ្យបានច្រើន។ អ្នកម៉ាក់មានភាពតានតឹងច្រើនជាងធម្មតា ដូច្នេះត្រូវចូលគេងឱ្យបានគ្រប់គ្រាន់ និងទៀងទាត់បំផុតពី៨ ទៅ ១០ម៉ោងក្នុងមួយយប់។
២. ត្រីមាសទី២ (ចូលខែទី៤)
ក្នុងអំឡុងត្រីមាសទី២នេះ រាងកាយរបស់អ្នកម៉ាក់ត្រូវការបង្កើតឈាមបន្ថែមទៀតសម្រាប់ទារក ហើយបេះដូងត្រូវលោតខ្លាំងជាងមុន ដើម្បីធ្វើចរាចរឈាមទៅកាន់ទារក។ ប្រសិនបើអ្នកម៉ាក់គេងតិចពេក អាចបង្ករបញ្ហាដល់សុខភាព ដូចជាអាចកើតជំងឺទឹកនោមផ្អែមពេលមានគភ៌ ជំងឺធ្លាក់ទឹកចិត្ត និងការថយចុះគុណភាពនៃជីវិត។
យ៉ាងណាមិញ អ្នកម៉ាក់ក៏មិនគួរគេងលើសពី ១២ ម៉ោងឡើយក្នុងមួយយប់នោះឡើយ។
៣. ត្រីមាសទី៣ (ចូលខែទី៧)
ក្នុងត្រីមាសទី3 នេះគឺជាដំណាក់កាលដែលអ្នកម៉ាក់ពិបាកគេងបំផុត ក្នុងចំណោមដំណាក់កាលទាំង 3 ដោយសារតែជួបបញ្ហាច្រើន ដូចជា ពោះធំពេកពិបាកគេង អស់កម្លាំង កូនក្នុងផ្ទៃធាក់ច្រើន និងអារម្មណ៍ភ័យខ្លាច ដែលទាក់ទងទៅនឹងការសម្រាលជាដើម។

ក្នុងត្រីមាសនេះ គេពិបាកកំណត់ថាតើ អ្នកម៉ាក់គួរតែគេងឱ្យបានប៉ុន្មានក្នុងម៉ោងមួយយប់ ទើបល្អ ប៉ុន្តែជាទូទៅត្រូវឱ្យបានពី ៨ ទៅ ១០ ម៉ោង នេះបើតាមការបកស្រាយរបស់វេបសាយមួយដែលមានឈ្មោះថា newtonbaby ។
ជារួមមកវិញការគេងគឺជារឿងសំខាន់សម្រាប់អ្នកម៉ាក់គ្រប់រូប និងកូនក្នុងផ្ទៃ ចាប់តាំងពីខែដំបូងនៃការពពោះ រហូតដល់មុន និងក្រោយពេលសម្រាល ហើយអ្នកម៉ាក់ត្រូវធានាថាខ្លួនគេងគ្រប់គ្រាន់ និងទៀងពេលវេលា ដើម្បីឱ្យខ្លួន និងកូនមានសុខភាពល្អ៕
ដកស្រង់ពី៖ newton baby