ប្រយ័ត្នណាម៉ាក់! កៀកដល់ថ្ងៃសម្រាលហាមធ្វើរឿង ៤ យ៉ាងនេះដាច់ខាត
ជិតដល់ថ្ងៃសម្រាលហើយ ម៉ាក់ៗតែងតែមានអារម្មណ៍រំភើប ហើយត្រូវត្រៀមខ្លួនរួចរាល់ ដើម្បីត្រៀមលក្ខណៈក្នុងការសម្រាលកូនបានល្អ ទោះបីជាយ៉ាងណាអ្នកម៉ាក់មួយចំនួននៅបានការធ្វេសប្រហែសអំពីចំណុចខ្លះនៅជិតសម្រាល។
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីរឿងដែលអ្នកម៉ាក់ជិតសម្រាលមិនគួរធ្វើនៅពេលជិតសម្រេាល៖

១. កុំធ្វើការដោយគ្មានពេលសម្រាក
តាមក្បួនពេទ្យ គេឲ្យស្រីៗដែលត្រៀមសម្រាលកូន សម្រាកពីការងារ ១ខែ ឬកន្លះខែមុន ដើម្បីត្រៀមថាមពលទុកពេលសម្រាលកូន។ ទោះសម្រាកពីការងារក្តី តែមិនមានន័យថា ម៉ាក់ៗអត់ធ្វើអីសោះនោះ ត្រូវព្យាយាមធ្វើការងារស្រាលៗ កុំស្ពឹកស្រពន់ឲ្យសោះ។
២. កុំធ្វើដំណើរផ្លូវឆ្ងាយ
ចាស់ៗពីដើម ហាមដាច់ខាតរឿងធ្វើដំណើរផ្លូវឆ្ងាយពេលពពោះ ព្រោះនាំឲ្យអស់កម្លាំងទាំងម្តាយទាំងកូន ហើយបើឈឺពោះចំពេលកំពុងធ្វើដំណើរទៀត វីវរធំហើយមិនដឹងទៅរកពេទ្យនៅឯណាទេ ឯសម្ភារៈក៏គ្មានតាមខ្លួនទៀត។
៣. កុំបារម្ភខ្លាំងពេក
ជិតដល់ពេលសម្រាលកូន ម៉ាក់ៗបារម្ភគ្រប់រឿង ដូចជាបារម្ភខ្លាចទៅពេទ្យមិនទាន់ បារម្ភខ្លាចឈឺពោះខ្លាំងទ្រាំមិនបាន បារម្ភខ្លាចពិបាកកើតកូនជាដើម។ ទោះយ៉ាងណាក៏ដោយ យើងមិនត្រូវបារម្ភពេកទេ នាំឲ្យស្ត្រេសលើសដើម កាន់តែពិបាកខ្លាំងពេលដល់ថ្ងៃសម្រាល។
៤. កុំបំប៉នអាហារពេក
ខ្វះតែ ២-៣ អាទិត្យទៀតដល់ថ្ងៃសម្រាល បើកូនគ្រប់គីឡូហើយ ម៉ាក់ៗមិនអាចប៉ូវអាហារគ្រប់មុខ និងច្រើនៗ ដូចមុននោះទេ គឺអាចឡើងគីឡូលឿន ឯកូនក្នុងពោះក៏ថ្លោសខ្លាំងទៅតាមនោះដែរ។ កាលណាកូនថ្លោសខ្លាំងពេក ចំណែកម៉ាក់ៗមានអាងត្រគាកតូចទៀត នាំឲ្យពិបាកសម្រាលតាមធម្មជាតិ។
ដកស្រង់ពី៖ Hello Health Group