ប្រសើរខ្លាំងណាស់! ៤ចំណុចប៉ាម៉ាក់គួរបង្រៀនកូនចេះដោះស្រាយបញ្ហាដោយខ្លួនឯង
ក្តីបារម្ភរបស់ប៉ាម៉ាក់គ្រប់រូបគឺខ្លាចកូនទន់ជ្រាយ និងភ័យខ្លាចក្នុងចំណោមក្មេងៗដ៏ទៃ ជាពិសេសគឺខ្លាចពួកគេមិនមានភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហាដែលជួបប្រទះ។ អ្វីដែលសំខាន់គឺក្នុងនាមជាម៉ាក់ប៉ាត្រូវណែនាំ និងបង្រៀនពួកគេឱ្យមានភាពក្លាហាន ក្នុងការជម្នះឧបសគ្គដែលរារាំងពួកគេក្នុងជីវិតប្រចាំថ្ងៃ។
ខាងក្រោមនេះយើងនឹងបង្ហាញពីវិធីសាស្រ្តចំនួន ៤ ដែលជួយជម្រុញឱ្យកូនរបស់អ្នកមានភាពក្លាហាន៖
១. បង្រៀនកូនប្រឈមមុខនឹងបញ្ហា
ប្រសិនបើអ្នកជួយដោះស្រាយបញ្ហាជំនួសកូនញឹកញាប់ពេក វានឹងធ្វើឱ្យពួកគេទន់ខ្សោយ ជាពិសេសគឺមិនអាចរស់នៅដោយខ្វះជំនួយពីអ្នកឡើយ។ អ្នកគួរតែបង្រៀនពួកគេឱ្យហ៊ានប្រឈមមុខនឹងបញ្ហា និងរៀនដោះស្រាយបដោយខ្លួនឯង ពីព្រោះថាវាគឺជាតួនាទី និងដើម្បីឱ្យពួកគេមានភាពក្លាហាននៅថ្ងៃក្រោយ។
២. ធ្វើជាគំរូល្អដល់កូន
ប៉ាម៉ាក់ត្រូវធ្វើខ្លួនជាគម្រូដល់កូន និងបង្ហាញថាគ្មានអ្វីដែលយើងមិនអាចធ្វើបានឡើយ ពីព្រោះពួកគេតែងតែចាត់ទុកប៉ាម៉ាក់ជាវីរៈបុរសក្នុងដួងចិត្តជានិច្ច។ ដូច្នេះអ្នកត្រូវមានទំនួលខុសត្រូវ និងដោះស្រាយបញ្ហាភ្លាមៗឱ្យកូនៗបានឃើញ ដើម្បីឱ្យពួកគេយកតម្រាប់តាម។
៣. លើកទឹកចិត្តកូនឱ្យមានភាពជឿជាក់លើខ្លួនឯង
ភាពជឿជាក់គឺជាគ្រឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា ហើយវាក៏ជាហេតុដែលនាំឱ្យមានភាពក្លាហានផងដែរ។ ប៉ាម៉ាក់មានតួនាទីណែនាំ និងលើកទឹកចិត្តកូនឱ្យជឿថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងបញ្ហានាៗ ហើយគ្មានអ្វីដែលពួកគេមិនអាចធ្វើបាននោះឡើយ។
៤. បង្រៀនកូនឱ្យមានទំនួលខុសត្រូវ
អ្នកត្រូវបង្រៀនកូនឱ្យចេះស្គាល់ពីតួនាទី មានទំនួលខុសត្រូវខ្ពស់ និងជម្នះរាល់បញ្ហាដែលពួកគេជួបប្រទះ ពីព្រោះវាជាមេរៀនដែលពួកគេត្រូវឆ្លងកាត់ក្នុងជីវិត។ ទំនួលខុសត្រូវនឹងជម្រុញឱ្យកូនអ្នកមានភាពម្ចាស់ការលើខ្លួនឯង។
ជារួមមកវិញប៉ាម៉ាក់ត្រូវតែយកចិត្តទុកដាក់លើចំណុចទាំងនេះ ព្រោះវាគឺជាតួនាទី និងទំនួលខុសត្រូវរបស់អ្នកក្នុងការជម្រុញពួកគេឱ្យមានភាពក្លាហាន និងមានភាពម្ចាស់ការលើខ្លួនឯងទៅថ្ងៃអនាគត៕
ដកស្រង់ពី៖ All Pro Dad