ជិតគ្រប់ខែ! អ្នកម៉ាក់ហាមធ្វើរឿងទាំង៤នេះ ទើបងាយស្រួល ពេលសម្រាល

ការឆ្លងទន្លេរបានឆាប់រហ័ស និងមានភាពងាយស្រួល ឬពិបាក ក៏អាស្រ័យទៅលើការថែទាំសុខភាពរបស់អ្ន​កម៉ាក់ផងដែរ ជាពិសេសគឺពេលជិតដល់ថ្ងៃសម្រាល។ សកម្មភាពប្រចាំថ្ងៃមួយចំនួនគឺជាដើមហេតុដែលអាចបណ្តាលឱ្យអ្នកម៉ាក់ជួបការលំបាកខ្លាំង ក្នុងពេលសម្រាល។  

តើមានចំណុចអ្វីខ្លះដែលអ្នកម៉ាក់មិនត្រូវធ្វើពេលពពោះ?

ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយគួរតែប្រយ័ត្ន ទើបមិនធ្វើឲ្យអ្នកពិបាកឆ្លងទន្លេ៖

១. កុំ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាក
ក្នុងពេលជិតគ្រប់ខែ អ្នកម្តាយមិនគួរធ្វើការនឿយហត់ពេកទេ ដោយការងារផ្ទះទាំងអស់ គួរតែទុកឲ្យប៉ាៗជាអ្នកធ្វើ ព្រោះពេលដែលអ្នកនឿយហត់ពេក នឹងធ្វើឲ្យអ្នកម៉ាក់គ្មានកម្លាំងក្នុងពេលបង្កើតកូនទេ។
តាម​ក្បួន​ពេទ្យ គេ​ឲ្យ​ស្រីៗ​ដែល​ត្រៀម​សម្រាល​កូន សម្រាក​ពី​ការងារ ១ខែ ឬ​កន្លះ​ខែ​មុន ដើម្បី​ត្រៀម​ថាមពល​ទុក​ពេល​សម្រាល​កូន។

២. មិនត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ
ចាស់ៗ​ពី​ដើម ហាម​ដាច់​ខាត​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេល​ពពោះ ព្រោះ​នាំ​ឲ្យ​អស់​កម្លាំង​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ឈឺ​ពោះ​ចំ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៀត វីវរ​ធំ​ហើយ​មិន​ដឹង​ទៅ​រក​ពេទ្យ​នៅ​ឯណា​ទេ ឯ​សម្ភារៈ​ក៏​គ្មាន​តាម​ខ្លួន​ទៀត។

៣. មិនត្រូវគិតច្រើន ឬបារម្ភច្រើនឡើយ
ក្នុងពេលដែលអ្នកម្តាយជិតគ្រប់ខែ អារម្មណ៍របស់អ្នកត្រូវតែសប្បាយ មិនភ័យខ្លាច មិនបារម្ភច្រើន ព្រោះពេលដែលអារម្មណ៍របស់អ្នកតែងស្ថិតក្នុងការភ័យខ្លាច នឹងធ្វើឲ្យអ្នកគេងមិនលក់។ ពេលដែលអ្នកគេងមិនលក់ សុខភាពរបស់អ្នកនឹងចុះខ្សោយ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ការសម្រាលដោយធម្មជាតិបានយ៉ាងងាយ។

៤. កុំ​បំប៉ន​អាហារ​ពេក
ខ្វះ​តែ ២-៣ អាទិត្យ​ទៀត​ដល់​ថ្ងៃ​សម្រាល បើ​កូន​គ្រប់​គីឡូ​ហើយ ម៉ាក់ៗ​មិន​អាច​ប៉ូវ​អាហារ​គ្រប់​មុខ និងច្រើនៗ​ ដូច​មុន​នោះ​ទេ គឺ​អាច​ឡើង​គីឡូ​​លឿន ឯ​កូន​ក្នុង​ពោះ​ក៏​ថ្លោស​ខ្លាំង​ទៅ​តាម​នោះ​ដែរ។ កាលណា​កូន​ថ្លោស​ខ្លាំងពេក ចំណែក​ម៉ាក់ៗ​មាន​អាង​ត្រគាក​តូច​ទៀត នាំ​ឲ្យ​ពិបាក​សម្រាល​តាម​ធម្មជាតិ។

ជារួមមកវិញអ្នកម៉ាក់ត្រូថែរក្សាសុខភាពឱ្យបានល្អ និងត្រូវយកចិត្តទុកដាក់ទៅលើចំណុចទាំង ៤ចំណុចខាងលើ ជាពិសេសគឺទទួលទានអាហារដែលមានផ្តល់វីតាមីន និងសារធាតុចិញ្ចឹមច្រើន ដើម្បីជំនួយដល់កម្លាំង ព្រមទាំងងាយស្រួលក្នុងការសម្រាលក្នុងពេលឆាប់ៗខាងមុខ៕