កុំភ្លេចឪ្យសោះ! ក្រោយពេលសម្រាលភា្លម អ្នកម្តាយកុំភ្លេចដាក់កូនឱ្យគេងលើដើមទ្រូង
គេតែងសង្កេតឃើញថា បន្ទាប់ពីសម្រាលភ្លាមៗ គ្រូពេទ្យតែងតែដាក់ទារកឱ្យគេងនៅលើដើមទ្រូងអ្នកម៉ាក់ជានិច្ច។ តើវាបណ្តាលមកពីអ្វីទៅ? ហេតុអ្វីបានជាគ្រូពេទ្យតែងតែធ្វើបែបនេះ? តើវាមានសារៈសំខាន់សម្រាប់អ្នកម៉ាក់ និងទារកដែរឬទេ?
ដើម្បីដឹងច្បាស់ ខាងក្រោមនេះគឺជាហេតុផលនៅពីក្រោយចំនួន៤ ដែលគេតែដាក់ទារកដែលទើបនឹងកើតភ្លាមៗ ឱ្យគេងនៅលើទ្រូងអ្នកម៉ាក់៖

ទី១ ជួយឱ្យអូនតូចឆាប់បាត់យំ
ការស្រាវជ្រាវបង្ហាញថា ទារកដែលប៉ះស្បែកជាមួយម្តាយភ្លាមៗក្រោយពេលកើត មានទំនោរយំតិចជាងទារកដែលមិនបានដាក់។ ការស្ទាបអង្អែលនិងភាពកក់ក្តៅរបស់ម្តាយ ជួយលួងលោមឱ្យអូនតូចទទួលបានអារម្មណ៍នៃក្តីស្រឡាញ់ និងធ្វើឱ្យពួកគេស្ងប់បាត់យំ។
ទី២ អាចដាក់ឱ្យកូនបៅបានភ្លាមៗ
ក្នុងអំឡុងពេលប៉ះនឹងស្បែក ទារករុករកសុដន់របស់ម្តាយពួកគេ ហើយព្យាយាមរកក្បាលដោះដោយខ្លួនឯង នៅលើដើមទ្រូងអ្នកម៉ាក់។ វាជួយទារករកក្បាលសុដន់ និងចាប់ផ្តើមបៅដោះ ដែលជាមេរៀនដំបូង បង្ហាញពីការដោះស្រាយបញ្ហារបស់គេ។ អ្នកជំនាញបានបញ្ជាក់ថា ទារកដែលបៅដោះម្តាយក្រោយពេលសម្រាល ទំនងជាមិនសូវមានបញ្ហាក្នុងការបៅនោះទេ។

ទី៣ ជួយគ្រប់គ្រងកម្តៅដល់ទារកបានល្អ
ទារកទើបនឹងកើតមិនអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ពួកគេ ដូចមនុស្សពេញវ័យនោះទេ។ ការប៉ះពាល់ស្បែកភ្លាមៗបន្ទាប់ពីកើត ដោយដាក់ឱ្យដេកនៅលើទ្រូងអ្នកម៉ាក់ គឺជាវិធីសាស្រដ៏ល្អ ដែលត្រូវបានណែនាំដោយដោយអ្នកជំនាញ។
ទី៤ ការផ្ទេរបាក់តេរីល្អ
ការប៉ះស្បែកទៅស្បែកគឺជាវិធីផ្ទេរបាក់តេរីពីស្បែកម្តាយទៅទារក។ ការផ្ទេរបាក់តេរីរបស់ម្តាយនេះជួយដល់ការវិវត្តនៃប្រព័ន្ធភាពស៊ាំរបស់ទារក ដែលចាំបាច់ដើម្បីប្រឆាំងនឹងការឆ្លងមេរោគ។
ជារួមមកវិញ វាគឺជាល្អណាស់ក្នុងការដែលដាក់ទារកទើបនឹងកើតភ្លាម ឱ្យគេងនៅលើទ្រូងអ្នកម៉ាក់ ពីព្រោះវាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ បន្ថែមពីនេះ វាក៏ផ្សារភ្ជាប់ទៅនឹងទំនាក់ទំនង និងអារម្មណ៍ ក៏ដូចជាក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលអ្នកម៉ាក់មានចំពោះអូនតូចផងដែរ។
ដកស្រង់ពី៖ Mom Junction