កុំរំលង! ខ្ញីមានប្រយោជន៍ច្រើនណាស់ សម្រាប់ស្ត្រីពពោះត្រៀមសម្រាល

ខ្ញីប្រហែលជាមិនផ្តល់វីតាមីន ឬសារធាតុរ៉ែច្រើននោះទេ ប៉ុន្តែវាពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារអ្នកម៉ាក់ និងទារកដែលកំពុងលូតលាស់នៅក្នុងផ្ទៃ។ ការទទួលទានខ្ញីឆៅ ឬចំរាញ់ពីខ្ញី ត្រូវបានគេដឹងថា អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកម្តាយពពោះ និងអូនតូចក្នុងផ្ទៃ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការទទួលទានខ្ញីអំឡុងពេលពពោះ៖

១. ជួយបន្ថយការចាញ់កូន និងចង្អោរ
ស្ត្រីពពោះនឹងទទួលរងការចាញ់កូន ជាពិសេសគឺត្រីមាសទី១ ដែលមានដូចជាការក្អួត និងចង្អោរជាដើម។ មានសារធាតុគីមីជាច្រើនដែលមាននៅក្នុងខ្ញីមួយចំនួន ដែលត្រូវបានគេចាត់ទុកថា អាចកាត់បន្ថយស្ត្រីពីការចាញ់កូននេះបាន។

២. ជួយដល់ការរំលាយអាហារ និងហើមពោះ
ខ្ញីត្រូវបានគេស្គាល់ថាជាឱសថធម្មជាតិទូទៅសម្រាប់បញ្ហាក្រពះ ដូចជាការរំលាយអាហារ និងការទល់លាមកជាដើម ដែល​ជា​ភាព​មិន​ស្រួលសម្រាប់​ស្ត្រីភាគ​ច្រើន នៅពេលមានផ្ទៃពោះ​។ ការសិក្សាបានបង្ហាញថាខ្ញីអាចជួយជំរុញចលនាអាហារតាមរយៈប្រព័ន្ធរំលាយអាហារ ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ ការទល់លាមក និងកាត់បន្ថយការហើមពោះ។

៣. ជួយអ្នកប្រឆាំងនឹងការក្អក និងផ្តាសាយ
អំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធភាពស៊ាំរបស់អ្នកម៉ាក់ចុះខ្សោយ ធ្វើឱ្យងាយនឹងកើតជំងឺ។ ខ្ញីពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងនឹងអតិសុខុមប្រាណ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកម៉ាក់ និងជួយឱ្យជាសះស្បើយលឿនជាងមុន។

៤. ជួយប្រឆាំងនឹងការរលាក
សារធាតុគីមីរបស់ខ្ញី (gingerols)និង (shogaols) ត្រូវបានគេស្គាល់ថាជាថ្នាំប្រឆាំងនឹងការរលាក។ ការទទួលទានខ្ញី ឬទឹកខ្ញីក្នុងអំឡុងពេលពពោះអាចជួយឱ្យអ្នកម៉ាក់កាត់បន្ថយបានច្រើនពីការរលាកផ្សេងៗ។

៥. ជួយសម្រួលដល់ចរន្តឈាម និងកាត់បន្ថយកូឡេស្តេរ៉ុល
ខ្ញីមានផ្ទុកនូវអាស៊ីតធម្មជាតិមួយហៅថា (salicylate) ដែលធ្វើការជាថ្នាំបញ្ចុះឈាម ធ្វើអោយប្រសើរឡើងនូវចរន្តឈាម និងការផ្គត់ផ្គង់ឈាមដល់ទារកដែលកំពុងលូតលាស់ផងដែរ។ វាក៏ផ្ទុកនូវអង់ស៊ីមដែលបានធ្វើឱ្យសកម្ម ដែលជួយបង្កើនការប្រើប្រាស់កូឡេស្តេរ៉ុលក្នុងរាងកាយរបស់អ្នកម៉ាក់ និងកាត់បន្ថយតាមធម្មជាតិ។

យ៉ាងណាក៏ដោយ ស្រ្តីពពោះត្រូវទទួលទានក្នុងបរិមាណដ៏ត្រឹមត្រូវ ពោលគឺមិនគួរច្រើនពេកទេ ព្រោះខ្ញីមានធាតុក្តៅដែលអាចបណ្តាលឱ្យអ្នកម៉ាក់ទល់លាមក និងអាចទទួលរងនូវប៉ះពាល់ផ្សេងៗទៀតបាន៕

ដកស្រង់ពី៖ feed mom and me