ប្រយ័ត្នអ្នកម៉ាក់! ពេលពពោះគួរចៀសអាហារទាំងនេះទើបម្តាយ និងកូនមានសុខភាពល្អ
របបអាហារពេលមានផ្ទៃពោះជារឿងសំខាន់ កាលណាម៉ាក់ៗញ៉ាំអាហារមិនគ្រប់គ្រាន់ ឬមិនត្រឹមត្រូវ អាចធ្វើឲ្យប៉ះពាល់សុខភាពខ្លួនឯងផង ឯកូនក្នុងផ្ទៃវិញក៏លូតលាស់មិនបានល្អ អាចកើតមកខ្សោយបញ្ញាស្មារតី។
ខាងក្រោមនេះជាអាហារគួរចៀសវាងពេលមានផ្ទៃពោះ ដែលម៉ាក់ៗចាំបាច់ត្រូវដឹង៖

១. អាហារប្រៃ
ការញ៉ាំអាហារប្រៃពេលពពោះមិនល្អនោះទេ ពិសេសបើម៉ាក់ៗមានបញ្ហាតម្រងនោម ហើម ហើយញ៉ាំប្រៃ និងមានជាតិប្រូតេអ៊ីនក្នុងទឹកនោម អាចវិវត្តទៅជាជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ប្រកាច់ស្លាប់ទាំងម្តាយទាំងកូន។
២. អាហារខ្លាញ់
អាហារខ្លាញ់មិនល្អនោះទេ ញ៉ាំកាន់តែតិចកាន់តែល្អ គ្រូពេទ្យណែនាំឲ្យត្រឹម ៣០០ មិល្លីក្រាម/ថ្ងៃ ប៉ុណ្ណោះ។ កាលណាម៉ាក់ៗញុំាអាហារសម្បូរខ្លាញ់មិនល្អដែលបានមកពីពពួកសត្វ ងាយប្រឈមនឹងជំងឺកកខ្លាញ់ក្នុងសរសៃឈាម និងងាយប្រឈមជំងឺលើសសម្ពាធឈាម ស្ទះសរសៃឈាម។ យកល្អគួរញ៉ាំខ្លាញ់ដែលបានមកពីពពួកខ្លាញ់ត្រីឲ្យបានច្រើន។
៣. អាហារផ្អែម
អាហារមានជាតិស្ករ ឬផ្អែមខ្លាំងពេក ម៉ាក់ៗមិនត្រូវញ៉ាំច្រើនដែរ ព្រោះធ្វើឲ្យលើសជាតិស្ករ។
៤. គ្រឿងសមុទ្រ
គ្រឿងសមុទ្រ មិនថា ក្តាម បង្គា ឬត្រីនោះទេ មានផ្ទុកទៅដោយជាតិបារតខ្ពស់ អាចធ្វើឲ្យទារកក្នុងផ្ទៃខូចខួរក្បាល និងប្រព័ន្ធប្រសាទ ហេតុនេះម៉ាក់ៗគួរញ៉ាំក្នុងបរិមាណតិចតួចប៉ុណ្ណោះ។

៥. សាច់ ឬបន្លែឆៅ
បន្លែ និងសាច់ឆៅមានផ្ទុកនូវពពួកបាត់តេរី ឬសត្វល្អិតមួយចំនួន ម៉ាក់ញ៉ាំទៅអាចរាករូស និងប៉ះពាល់ដល់កូនក្នុងផ្ទៃ បើចង់ញ៉ាំត្រូវចម្អិនឲ្យឆ្អិនល្អ។
៦. កាហ្វេអ៊ីន
ពេលពពោះ ស្រីៗមិនត្រូវញ៉ាំលើសពី ៣០០ មិល្លីក្រាម/ថ្ងៃ ឡើយ កាលណាផឹកកាហ្វេច្រើនជាងនេះ អាចនាំឲ្យរលូតកូន និងកូនកើតមិនគ្រប់គីឡូ។

៧. ជក់បារី
ជាតិនីកូទីន និងសារធាតុគីមីពុលរាប់ពាន់ប្រភេទផ្សេងទៀតដែលមានក្នុងបារី និងផ្សែងបារី អាចធ្វើកូនក្នុងពោះប្រឈមនឹងបញ្ហាសុខភាពច្រើនជាច្រើនទាំងនៅពេលពោះ និងក្រោយពេលសម្រាល ដោយការបឺតស្រូបផ្សែងបារីតាមរយៈទងសុក។
៨. ជាតិអាល់កុល
ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ដូចជាស្រា ឬស្រាបៀរ ពេលពពោះអាចធ្វើឲ្យកូនលូតលាស់មិនប្រក្រតី ឬសម្រាលកូនមុនខែ។
ដកស្រង់ពី៖ Hello Health Group