ពពោះត្រូវដឹង និងប្រយ័ត្ន! កូនកើតមកមានមាត់ឆែបដោយសារតែមិនប្រយ័ត្នរឿងទាំងនេះ
បញ្ហាមាត់ឆែប ឬមាត់មិនប្រកតីគឺជាកង្វល់របស់ប៉ាម៉ាក់ចំពោះកូនៗ ដែលវាគឺជាពិការភាពកើតឡើងចំពោះទារកពីកំណើត។ វាទាក់ទៅនឹងការលូតលាស់របស់ទារកក្នុងផ្ទៃ ព្រមទាំងសុខភាពរបស់អ្នកម្តាយក្នុងពេលមានពពោះផងដែរ។
ខាងក្រោមនេះជាមូលហេតុ និងកត្តាមួយចំនួនដែលធ្វើឪ្យកូនមានមាត់ឆែប៖

១. តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យទារកកើតមកមានមាត់ឆែប?
បបូរមាត់ឆែប ឬក្រអូមមាត់ឆែបពីកំណើត គឺជាបញ្ហាដែលកើតមាននៅក្នុងត្រីមាសទី ១ គឺរយៈពេល 3ខែដំបូង នៃការមានផ្ទៃពោះរបស់អ្នកម៉ាក់ ដែលជាពេលទម្រង់មុខរបស់ទារកចាប់ផ្តើមរីកលូតលាស់។ ស្នាមប្រេះនៅត្រង់មាត់ទារកនឹងកើតឡើង ប្រសិនបើជាលិកា និងកោសិកាបង្កើតមិនបានត្រឹមត្រូវ។
ចំពោះមូលហេតុពិតប្រាកដនៃការឆែបមាត់ទារកពីកំណើតនេះ មិនត្រូវបានគេកំណត់ច្បាស់លាស់នៅឡើយទេ ក៏ប៉ុន្តែគ្រូពេទ្យជំនាញជឿថា វាបណ្តាលមកពីកត្តាហ្សែន ឬបរិស្ថានជុំវិញអ្នកម្តាយនៅពេលពពោះ។
កត្តាមួយចំនួនដែលអាចជាហានិភ័យនៃការឆែបមាត់ពីកំណើតមានដូចជា៖

- មានប្រវត្តិគ្រួសារមានបបូរមាត់ឆែប ឬក្រអូមមាត់ឆែប
- ការប្រើប្រាស់ថ្នាំជក់ គ្រឿងញៀន ឬគ្រឿងស្រវឹងអំឡុងពេលមានផ្ទៃពោះ
- មិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ ដូចជាកង្វះអាស៊ីតហ្វូលិកជាដើម
- អ្នកម៉ាក់មានជំងឺទឹកនោមផ្អែមមុនពេលមានផ្ទៃពោះ
- អ្នកម៉ាក់លេបថ្នាំមួយចំនួនមិនបានត្រឹមត្រូវ អំឡុងពេលពពោះ
- អ្នកម៉ាក់ធាត់ខ្លាំងអំឡុងពេលមានផ្ទៃពោះ
- មានការឆ្លងមេរោគមួយចំនួនអំឡុងពេលមានផ្ទៃពោះ ដូចជាជម្ងឺកញ្ជ្រឹលជាដើម។
២. តើអ្នកម៉ាក់អាចការពារបានដោយវិធីណាខ្លះ?
ដោយសារតែមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃជំងឺនេះ ដូច្នេះគេមិនមានវិធីសាស្ត្រការពារច្បាស់លាស់នោះទេ ក៏ប៉ុន្តែអ្នកម៉ាក់គួរតែអនុវត្តវិធីសាស្ត្រខាងក្រោមនេះ ដើម្បីជៀសវាង៖
- ទទួលទានអាស៊ីតហ្វូលិកមុន និងអំឡុងពេលមានផ្ទៃពោះឱ្យបានគ្រប់គ្រាន់
- ជៀសវាងការជក់បារី គ្រឿងញៀន និងគ្រឿងស្រវឹងអំឡុងពេលមានផ្ទៃពោះ
- តាមដានទម្ងន់របស់ខ្លួនឱ្យបានល្អ
- ទទួលថ្នាំបង្ការ និងការពារឱ្យបានត្រឹមត្រូវ
- អាចពិភាក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីជួយកាត់បន្ថយហានិភ័យនៃពិការភាពពីកំណើត៕
ដកស្រង់ពី៖ Family Doctor