តាមពិតអ៊ីចឹងសោះ! ទារកទើបកើតចេះតែស្ងួតស្បែក និងប្រេះបបូរមាត់ គឺដោយសារបែបនេះ

ចំពោះមនុស្សពេញវ័យ បញ្ហាបបូរមាត់ប្រះ ឬស្ងួត មិនមែនជាកង្វល់ធំដុំនោះទេ ដោយឡែកចំពោះទារកទើបតែកើតវិញ ទើបជាបញ្ហា ដែលត្រូវទាមទារការយកចិត្តទុកដាក់ និងថែទាំដិតដល់ពីប៉ាម៉ាក់។ មានហេតុផលជាច្រើនដែលអាចបណ្តាលឱ្យទារក ស្ងួត និងប្រេះបបូរមាត់។

ដូច្នេះក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកពីមូលហេតុចំនួន៤ ដែលបណ្តាលឱ្យទារកស្ងួត និងប្រេះបបូរមាត់៖

១. ការស្ងួតស្បែកក្រោយពេលសម្រាល
នៅពេលដែលសម្រាលចេញពីស្បូន ទារកទើបនឹងកើតចាប់ផ្តើមរបកស្រទាប់ស្បែកមួយហៅថា vernix caseosa ដែលវាជួយការពារទារកអំឡុងពេលនៅក្នុងពោះអ្នកម៉ាក់។ ក្រោយពេលរបកវានឹងធ្វើឱ្យស្បែកទារកស្ងួត និងប្រេះបបូរមាត់។ ជាទូទៅវាតែងកើតឡើងនៅរយៈពេល ២សប្តាហ៍ បន្ទាប់ពីសម្រាល។

២. ទារកជញ្ជក់មាត់
ជាធម្មតាទារកដែលទើបនឹងកើត តែងតែជញ្ជក់មាត់ ឬបៀមដៃរបស់ខ្លួនជាប្រចាំ។ ការជញ្ជក់ និងបឺតមាត់ច្រើនពេក នឹងបណ្តាលឱ្យទារកខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យស្ងួតមាត់ និងប្រះបបូរមាត់ផងដែរ។

៣. ការប្រែប្រួលអាកាសធាតុ
អាកាសធាតុប្រែប្រួលគឺជាមូលហេតុមួយនៃបបូរមាត់ប្រេះ ទាំងចំពោះមនុស្សពេញវ័យ និងទារកទើបកើត។ នៅពេលដែលអាកាសធាតុប្រែប្រួលពីក្តៅទៅត្រជាក់ វាស្រូបទាញសំណើមពីស្បែក ដែលបណ្តាលឱ្យស្បែកស្ងួត និងប្រេះបបូរមាត់។

៤. ស្បែកងាយរងប្រតិកម្ម
ចំពោះទារកដែលមានស្បែក​​ងាយ​ប្រតិកម្ម ​អាច​បណ្តាល​ឱ្យ​បបូរមាត់​ប្រេះ​បាន​យ៉ាង​ឆាប់​រហ័ស ប្រសិនបើ​ពួកគេ​ប៉ះ​នឹង​សារធាតុ​រលាកផ្សេងៗ។

មិនមែនទារកទើបនឹងកើតទាំងអស់សុទ្ធតែមានស្បែកដែលងាយប្រតិកម្មនោះទេ។ ម្យ៉ាងវិញទៀត វាអាចបណ្តាលមកពីសមាសធាតុដែលមាននៅក្នុងក្រដាសជូតមាត់ កន្ទប ឬកន្សែងប្រើប្រាស់ជាដើម។

ជារួមមកវិញ ប៉ាម៉ាក់គួរតែយកចិត្តទុកចំពោះស្បែករបស់កូន​ឱ្យបានល្អ និងរួមទាំងសុខភាពរបស់ពួកគេផងដែរ ពិសេសគឺរបស់របរប្រើប្រាស់មួយចំនួនដូចជា កន្ទប កន្សែង ពូក ត្រូវតែស្អាត និងមានអនាម័យជានិច្ច ជៀសវាការឆ្លងមេរោគផ្សេងៗ៕

ដកស្រង់ពី៖ Mom Love Best