បង្រៀនមុនឪ្យហើយទៅ! ម៉ាក់ៗធ្វើបែបនេះ នឹងជួយបង្កើតទម្លាប់អានឱ្យកូនតាំងពីតូច
កូនដែលល្អ និងឆ្លាតក៏អាស្រ័យទៅលើការថែទាំ និងបង្ហាត់បង្រៀនពីប៉ាម៉ាក់ផងដែរ ហើយការអានគឺជាប្រភពចំណេះដឹងដ៏សម្បូរបែប និងជាទម្លាប់ដ៏ល្អមួយដែលប៉ាម៉ាក់គួរតែបង្រៀនកូន។ វាមិនមែនជារឿងងាយស្រួល ហើយក៏មិនពិបាកពេកដែរ ក្នុងការបង្រៀនកូនរបស់អ្នកឱ្យរៀនអាននៅផ្ទះ។
ដូច្នេះក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីតចនិចមួយចំនួន ដែលប៉ាម៉ាក់អាចបង្រៀនកូនឱ្យចេះអាននៅផ្ទះបាន៖
១. ច្រៀង ឬសូត្រកំណាព្យឱ្យកូនស្តាប់
ការសូត្រកំណាព្យ ឬច្រៀងឱ្យកូនស្តាប់គឺជួយបានច្រើនណាស់ ក្នុងការពង្រឹងការស្តាប់ទៅលើពាក្យ និងព្យាង្គ ព្រមទាំងជម្រុញឱ្យពួកគេឆាប់ចេះអាន និងចូលចិត្តការអានផងដែរ។ វាជារឿងទាក់ទាញកុមារ ហើយពួកគេចូលចិត្តណាស់។
២. ព្យាយាមអានជាមួយកូនរបស់អ្នកឱ្យបានច្រើន
ការអាន និងស្តាប់កាន់តែច្រើន គឺជាកត្តាជម្រុញឱ្យខួរក្បាលកុមារមានការរីកច្រើន និងលូតលាស់ល្អ។ កុមារដែលបានអានយ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍ មានការយល់ដឹងអំពីសូរសព្ទ ច្រើនជាងកុមារដែលត្រូវបានអានតិចជាង។
៣. ផ្តោតលើអក្ខរក្រម
អក្ខរក្រមភ្ជាប់ទំនាក់ទំនងជាមួយការប្រើប្រាស់សូរសំឡេង ជាមួយនឹងការប្រកបអក្សរ ហើយវាក៏ជាផ្នែកដែលសំខាន់ក្នុងជួយឱ្យកុមារឆាប់ចេះអានផងដែរ។ ប៉ាម៉ាក់គួរតែលើកទឹកចិត្ត និងប្រាប់កូនក្នុងការអានឱ្យបានត្រឹមត្រូវទៅតាមពាក្យនីមួយៗ។
៤. ទន្ទេញ ឬអានឡើងវិញនូវពាក្យដដែលៗ
ពាក្យដដែលៗជួយកុមារឱ្យចេះជំនាញថ្មីៗ និងចងចាំបានយូរ។ វាបង្កើនល្បឿននៃការរៀនសូត្ររបស់ពួកគេក្នុងការអាន។ យ៉ាងណាមិញ ប៉ាម៉ាក់ក៏គួរបង្រៀនកូនឱ្យស្គាល់អក្សរ និងការប្រកបផងដែរ ទើបល្អសម្រាប់ពួកគេ។
៥. ដាក់សៀវភៅនៅក្នុងផ្ទះឱ្យច្រើន
ប៉ាម៉ាក់គួរតែមានសៀវភៅនៅក្នុងផ្ទះឱ្យបានច្រើន ដើម្បីកូនបានឃើញញឹកញាប់។ អាចធ្វើកូនបណ្ណាល័យតូចមួយ ឬកន្លែងដាក់សៀវភៅសម្រាប់អាននៅក្នុងផ្ទះ។ ធ្វើបែបនេះអាចធ្វើឱ្យកូនរបស់អ្នកចូលចិត្តការអាន និងមានទម្លាប់អានតាមអ្នកផងដែរ។
ជារួមមកវិញការបង្រៀនកូនឱ្យអានគឺជាផ្នែកដ៏ល្អមួយសម្រាប់ការលូតលាស់ខួរក្បាល ហើយវាក៏បង្កើតទម្លាប់ល្អដល់ពួកគេផងដែរ។ ដូច្នេះប៉ាម៉ាក់គួរតែយកចិត្តទុកដាក់ និងបង្ហាត់បង្រៀនកូនបន្ថែមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ដកស្រង់ពី៖ Scarry Mommy