ជៀសបានជៀសទៅ! អ្នកម៉ាក់ពពោះ ប្រើគ្រឿងសម្អាងទាំងនេះ អាចប៉ះពាល់កូនក្នុងផ្ទៃ
ការពពោះជារឿងសំខាន់ជាពិសេសរបបអាហារ សកម្មភាពនាៗ និងទម្លាប់មួយចំនួនដែលអ្នកម៉ាក់ត្រូវមានការយកចិត្តទុកដាក់ចំពោះខ្លួនឯង និងកូនក្នុងផ្ទៃ។ ម្យ៉ាងវិញទៀតពេលវេលានៃការពពោះគឺធ្វើឪ្យអ្នកម្តាយជួបបញ្ហាជាច្រើនដូចជាសម្ភស្សជាដើម។
ពេលមានផ្ទៃពោះ ការលាបក្រែមថែមម្សៅ ប្រើផលិតផលមួយចំនួន អាចប៉ះពាល់កូនបាន តើមានអ្វីខ្លះ? ប៉ះពាល់កម្រិតណា?
ខាងក្រោមនេះអ្នកម៉ាក់នឹងបានជ្រាបច្បាស់អំពីបញ្ហាដែលត្រូវប្រឈមការប្រើប្រាស់សម្ភារៈសម្អាងនៅពេលពពោះ៖

១. ផលិតផលធ្មេញស
សារធាតុផ្សំក្នុងផលិតផលធ្វើឲ្យធ្មេញស គឺ Peroxide ដែលមានសុវត្ថិភាពសម្រាប់មនុស្សពេញវ័យ បើទោះលេបវាចូលក្នុងពោះក៏ដោយ។ ប៉ុន្តែសារធាតុមួយចំនួនក្នុងផលិតផលធ្វើឱ្យធ្មេញសនោះ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជំនួសឲ្យការប្រើផលិតផលធ្វើឲ្យធ្មេញស ផ្ដេសផ្ដាសផ្សេងៗ យកល្អ ស្ត្រីមានផ្ទៃពោះ គួរប្រើប្រភេទថ្នាំដុសធ្មេញជួយឲ្យធ្មេញស ហើយឧស្សាហ៍ទៅពេទ្យសម្អាតធ្មេញ។
២. ស្ព្រាយបាញ់សក់ និងថ្នាំក្រចក
សារធាតុ Phthalate គេរកឃើញក្នុងស្ព្រាយបាញ់សក់ និងថ្នាំលាបក្រចក។ វាអាចមានហានិភ័យធ្វើឲ្យកូនក្នុងផ្ទៃអត់គ្រប់លក្ខណៈ និងការអភិវឌ្ឍផ្លូវភេទបុរសមិនប្រក្រតី។ ដើម្បីសុវត្ថិភាព គួរប្រើផលិតផលគ្មានសារធាតុ Phthalate។ យើងអាចប្រើហ្វូមលាបសក់ ឬចាហួយលាបសក់ ជំនួសការប្រើស្ព្រាយ។

៣. ក្រែមលាបមាត់
សារធាតុសំណ ត្រូវគេប្រទះឃើញក្នុងក្រែមលាបមាត់ ដើម្បីជួយរក្សាពណ៌លើមាត់។ ជិត ៦១% នៃក្រែមល្បីៗ សុទ្ធតែផ្សំពីសារធាតុនេះ។ ដើម្បីសុវត្ថិភាព គួរជ្រើសយកធម្មជាតិទៅ ឬប្រើផលិតផលដែលគ្មានជាតិសំណ និងពិគ្រោះជាមួយពេទ្យមុនប្រើ។
៤. ក្រែម ឬឡេ
ក្រែមភាគច្រើន (ឡេការពារកម្ដៅថ្ងៃ ក្រែមបំបាត់ជ្រួញ និងក្រែមមួយចំនួនទៀតផ្សេងៗទៀត) មានផ្ទុកសារធាតុដែលអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ មុននឹងប្រើ គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន។

៥. ចាក់ថ្នាំបំបាត់ជ្រួញ (Botox)
ទម្រាំតែកូនម៉ាក់កើតមក គួរផ្អាកកែសម្ផស្សទៅ ព្រោះការចាក់ថ្នាំនេះបង្កគ្រោះថ្នាក់ណាស់។ មិនមានភស្តុតាងអ្វីដែលធានាថា ការចាក់ថ្នាំបំបាត់ជ្រួញ មានសុវត្ថិភាពចំពោះអ្នកមានផ្ទៃពោះឡើយ។
៦. ថ្នាំលាបសក់
ពេទ្យមួយចំនួនបានផ្តល់យោបល់ថា ស្ត្រីមានផ្ទៃពោះគួរនៅឱ្យឆ្ងាយពីថ្នាំលាបសក់ ឯពេទ្យខ្លះថាមិនអីទេ បើប្រើវាល្មមៗ។ សារធាតុគីមីក្នុងផលិតផលទាំងនេះ អាចជ្រាបចូលស្បែកម៉ាក់បាន ហើយភាគច្រើនមានសារធាតុពុល។ បន្ទាប់ពីពិនិត្យឃើញមានផ្ទៃពោះហើយ វិធីប្រសើរបំផុត គួរពិភាក្សាជាមួយពេទ្យ ឬយកល្អ កុំប្រើតែម្ដង។
ដកស្រង់ពី៖ Hello Health Group