គ្រោះថ្នាក់ណាស់! ប៉ាម៉ាក់បណ្តោយឪ្យកូនញ៉ាំចំណី ៥ប្រភេទនេះងាយនឹងស្លាក់ខ្លាំងណាស់
មានករណីជាច្រើនមកហើយ ទាក់ទងទៅនឹងការស្លាក់ចំណីអាហារលើកុមារ ដែលភាគច្រើនវាកើតឡើងញឹកញាប់ចំពោះកុមារតូចៗ អាយុក្រោម ៥ឆ្នាំ និងក្មេងអាយុលើសពីនេះ។ មានចំណីអាហារមួយចំនួនដែលបង្កើនហានិភ័យខ្ពស់ចំពោះកុមារ ដែលប៉ាម៉ាក់គួរប្រុងប្រយ័ត្ន ពិសេសចំពោះក្មេងដែលរពិស។
ជាមួយគ្នានេះដែរ Parenting Tip នឹងលើកយកអាហារមួយចំនួនដែលប៉ាម៉ាក់គួរប្រយ័ត្នក្នុងការឱ្យកូនញ៉ាំ ព្រោះវាមានហានិភ័យងាយនឹងធ្វើឱ្យកូនស្លាក់ខ្លាំងណាស់៖
១. ស្ករកៅស៊ូ និងស្ករគ្រាប់
ចំពោះកុមារតូចៗ ប៉ាម៉ាក់មិនគួរឱ្យកូនញ៉ាំស្ករគ្រាប់ ឬស្ករកៅស៊ូនោះទេ ព្រោះវាងាយនឹងស្លាក់ខ្លាំងណាស់ ពិសេសគឺបង្ករហានិភ័យដល់សុវត្ថិភាពរបស់ពួកគេខ្ពស់។ តាមការស្រាវជ្រាវបង្ហាញថា មានកុមារច្រើនណាស់ដែលមានគ្រោះថ្នាក់ដោយសារស្លាក់ស្ករគ្រាប់ និងស្ករកៅស៊ូ។
២. ហតដក ឬសាច់ក្រក
ប៉ាម៉ាក់គួរតែកាត់ ឬហាន់ហតដក ឬសាច់ក្រក ឱ្យចេញជាកំណាត់តូចៗ មុនពេលឱ្យកូនតូចញ៉ាំ ដើម្បីឱ្យពួកគេងាយស្រួលលេប ទើបមិនងាយស្លាក់ ព្រោះវាជាប្រភេទអាហារដែលងាយនឹងរអិលណាស់ បើមិនប្រយ័ត្នទេ កូនអាចស្លាក់បានយ៉ាងងាយ។
៣. អាហារប្រភេទគ្រាប់
អាហារប្រភេទគ្រាប់ក៏ងាយនឹងបង្ករគ្រោះថ្នាក់ដល់កុមារតូចៗផងដែរ ដែលទាមទារឱ្យមាតាបិតាមានការប្រុងប្រយ័ត្នក្នុងការឱ្យកូនទទួលទាន។ អ្នកជំនាញផ្នែកសុខភាព ស្នើរឱ្យប៉ាម៉ាក់ទាំងអស់ ជៀសវាងការផ្តល់អាហារប្រភេទគ្រាប់ ទៅកាន់កូនអាយុក្រោម ៧ ឆ្នាំ។
៤. ផ្លែឈើមួយចំនួន
ផ្លែឈើមួយចំនួនធ្វើឱ្យកុមារពិបាកក្នុងការទំពា ឬលេប ព្រោះវារឹង និងមានគ្រាប់ ដែលអាចបង្ករហានិភ័យនៃការស្លាក់ខ្ពស់ដល់កូនរបស់អ្នក។ មានដូចជា ផ្លែមៀន ទំពាំងបាយជូរ និងផ្លែបោមជាដើម។ ប៉ាម៉ាក់ត្រូវប្រាកដថា ខ្លួនបានចិត ឬបកត្រឹមត្រូវ មុនឱ្យកូនញ៉ាំ។
៥. ពោតលីង
គ្រាប់ពោតមានទំហ៊ំតូចល្មមដែលងាយនឹងធ្វើឱ្យក្មេងស្លាក់ខ្លាំងណាស់ ហើយប៉ាម៉ាក់គួរតែមានការប្រុងប្រយ័ត្ននៅពេលឱ្យកូនញ៉ាំអាហារនេះ។
បន្ថែមពីនេះ ប៉ាម៉ាក់ត្រូវប្រុងប្រយ័ត្នចំពោះអាហារមួយចំនួនទៀត ដែលមានសភាពរឹង ជាដុំ និងរអិល ដែលងាយនឹងធ្វើឱ្យកូនស្លាក់។ ហើយប្រសិនបើវាមិនសំខាន់សម្រាប់សុខភាពកូននោះទេ ប៉ាម៉ាក់គួរតែមិនចាំបាច់ឱ្យកូនញ៉ាំតែម្តងក៏ល្អដែរ ដើម្បីជៀសវាងគ្រោះថ្នាក់៕
ដកស្រង់ពី៖ Cure Joy