ប៉ាម៉ាក់មានដឹងអត់? កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ
កូនកើតមកមានសុខភាពល្អ កាយសម្បទារឹងមាំ ខួរក្បាលឆ្លាតវៃ ម៉ាក់ប៉ារីករាយជាងអ្វីៗទាំងអស់។ តែទោះយ៉ាងណា កូនយើងលូតលាស់បានល្អ ឬមិនល្អ ឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាច្រើន។
ខាងក្រោមនេះជាកត្តាផ្សេងៗដែលជះឥទ្ធិពលដល់ការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាក្មេង៖

១. គភ៌លូតលាស់យឺត ម្ដាយមានឆ្លងជំងឺ
និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ បើពេលពពោះ ម្តាយមានជំងឺ ច្បាស់ណាស់គភ៌វិវត្តយឺត មិនគ្រប់គីឡូ ខ្វះអវយវៈ ដល់ពេលកើតមកទៅជាខ្សោយ ការលូតលាស់ក៏យឺតដូចគ្នា។
២. ហ្សែន
ពិតណាស់ បើឪពុកម្ដាយមានហ្សែនល្អ នោះកូនកើតក៏លូតលាស់បានល្អដែរ។ ដូចគ្នានេះដែរ កូនដែលកើតពីហ្សែនខ្សោយ នោះការលូតលាស់ផ្នែករាងកាយ ស្មារតី ខួរក្បាលក៏យឺតទៅតាមនោះដែរ។
៣. បរិយាកាស ចិត្តសាស្ត្រ សកម្មភាពរាងកាយ
ការរស់នៅក្នុងបរិយាកាសមិនល្អ (តូចចង្អៀត អួអាប់ ស្មោកគ្រោក) ធ្វើឲ្យផ្លូវចិត្តក្មេងស្មុគស្មាញ គួបផ្សំកូនក្មេងមិនមានសកម្មភាពរាងកាយ ដូចជា ហាត់ប្រាណ លេងកីឡា ទៀតនោះ ធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ ពិសេសផ្លូវចិត្ត និងខួរក្បាលក្មេង។

៤. កត្តាអ័រម៉ូន-អាហារូបត្ថម្ភ
ចំពោះកូនដែលកើតមកខ្វះ Growth អ័រម៉ូន ឬខ្វះអាហារូបត្ថម្ភ ពិសេសពពួកដែលជួយដល់ប្រព័ន្ធការពាររាងកាយ និងខួរក្បាលទៀតនោះ កូននឹងងាកឈឺៗ ខ្សោយបញ្ញាស្មារតី និងមានការលូតលាស់មិនប្រក្រតី កម្ពស់ទាប ជាដើម។
៥. សេដ្ឋកិច្ច ជំងឺរ៉ាំរ៉ៃ
ចំពោះក្មេងដែលកើតក្នុងគ្រួសារក្រីក្រ ខ្វះមុខខ្វះក្រោយ ម្ដាយឪពុកគ្មានលទ្ធភាពទិញចំណីអាហារល្អបំប៉នកូន ឬពុំដឹងសូវដឹងពីរបៀបនៃការចិញ្ចឹមកូន ហើយពេលខ្លះកូនថែមទាំងមានជំងឺញឹកញាប់ទៀត ចៀសមិនរួចពីកង្វះអាហារូបត្ថម្ភនោះទេ ហើយបញ្ញាក៏ខ្សោយជាងគេ។
៦. ទំនៀមទម្លាប់រស់នៅ
ដើម្បីលូតលាស់បានល្អ ក្មេងត្រូវការជាចាំបាច់នូវអាហារចម្រុះមុខ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិនអាចខ្វះមុខណាមួយបាននោះទេ។ អ៊ីចឹងកាលណាកូនរស់នៅក្នុងគ្រួសារដែលមានទម្លាប់មិនញ៉ាំសាច់ ក៏ជួបបញ្ហាលូតលាស់ដែរ ធ្វើឲ្យប្រព័ន្ធការពារខ្សោយ ងាយឆ្លងជំងឺ ខួរក្បាលមិនសូវចងចាំ។
ដកស្រង់ពី៖ Hello Health Group