ការពារបានល្អណាស់! ប៉ាម៉ាក់ចេះតិចនិកទាំងនេះ ការពារអាអូនមិនឱ្យរោលខោទឹកនោម

ទារកភាគច្រើនអាចរោលខោទឹកនោមដែលធ្វើឱ្យគូទ ក្រលៀន ឬប្រដាប់​ភេទឡើងក្រហម កន្ទួល ក្រហាយ និងឈឺ។ ការពារប្រសើរជាងព្យាបាល បើ​អ៊ីចឹងដើម្បីការពារអាអូនពីការរោលខោទឹកនោម ម៉ាក់ប៉ាគួរធ្វើម៉េច?

ភាគច្រើនអាអូនរោលខោទឹកនោមដោយសារក្នុងខោទឹកនោមមានសំណើមច្រើនពេក។ ដូច្នេះ ម៉ាក់ប៉ា​អាចថែទាំស្បែកអាអូនតាមវិធីសាស្រ្តដូចខាងក្រោម ដើម្បីចៀសវាងការ​រោលខោ​ទឹក​នោម។​

១. ប្តូរខោទឹកនោមឱ្យបានញឹកញាប់
ការស្លៀកខោទឹកនោមយូរធ្វើឱ្យស្បែកអាអូនសើមដោយសារទឹកនោម បូករួមនឹងការកកិត​ជាមួយ​ខោទឹកនោមទៀតងាយធ្វើឱ្យស្បែក​​រោលឡើងកន្ទួលរមាស់ និងរលាត់ស្បែកណាស់។ ដូច្នេះ​ម៉ាក់ប៉ាគួរប្តូរខោទឹកនោមឱ្យអាអូនរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។

២. លាងគូទឱ្យកូនភ្លាមៗបន្ទាប់ពីបត់ជើងធំរួច
ក្នុងលាមកមានមេរោគច្រើនដែលអាចធ្វើឱ្យស្បែកអាអូនឆ្លងមេរោគ រួចបណ្តាលឱ្យរលាក និងរោល ជាពិសេសពេលអាអូនរាកដោយសារញុំាអាហារដែលមានជាតិអាស៊ីដខ្ពស់ដូចជា ផ្លែឈើអម្បូរក្រូច ប៉េងប៉ោះ ឬទឹកប៉េងប៉ោះជាដើមដែលធ្វើឱ្យលាមកអាអូនមានជាតិអាស៊ីដច្រើន ហើយងាយ​ធ្វើឱ្យ​ស្បែក​រលាក។

៣. សម្អាតស្បែករាល់ពេលប្តូរខោទឹកនោម
រាល់ពេលប្តូរខោទឹកនោម ម៉ាក់ប៉ាគួរសម្អាតស្បែកអាអូនជាមួយ​ទឹក និងសាប៊ូ​មាន​ជាតិ​កាត់​ខ្សោយៗ​ដើម្បី​សម្អាតទឹកនោម និងកម្ចាត់មេរោគ។

បើម៉ាក់ប៉ាប្រើក្រដាសសើម ម៉ាក់ប៉ាគួរជ្រើសរើសក្រដាស​សើមដែលគ្មានជាតិអាកុល ឬគ្មានក្លិនក្រអូប។ បន្ទាប់មកផ្តិតស្បែកអាអូនថ្នមៗជាមួយកន្សែងពោះគោ និងទុកឱ្យស្បែកស្ងួតសិន ចាំស្លៀកខោទឹកនោមថ្មី។

៤. លាបគ្រីម ឬក្រមួនការពាររលាក
មុនពេកស្លៀកខោទឹកនោមថ្មីឱ្យអាអូន ម៉ាក់ប៉ាគួរលាបគ្រីម ឬក្រមួនការពាររលាកលើស្បែក​អាអូន​ដើម្បីការពារស្បែកអាអូនពីការកកិតជាមួយខោទឹកនោម និងការពារសំណើម។

ម៉ាក់ប៉ាគួរ​ជ្រើសរើស​គ្រីម ឬក្រមួនការពារ​រលាកដែលផ្សំពីសារធាតុ Zinc oxide និង petrolatum ដែលគ្មាន​ក្លិន​ក្រអូប។

៥. ជ្រើសរើសខោទឹកនោមជក់ទឹកបានល្អ
ខោទឹកនោមដែលជក់ទឹកបានល្អអាចជួយការពារស្បែកអាអូនមិន​ឱ្យ​សើម និងធ្វើឱ្យស្បែក​ស្ងួតល្អ ដូច្នេះអាចកាត់បន្ថយការរោលជាមួយទឹកនោម និងអាចការពារស្បែកពីការឡើងកន្ទួល និងរលាត់​ដោយសារកកិតជាមួយខោទឹកនោម។

៦. ជ្រើសរើសខោទឹកនោមល្មមល្អ
ម៉ាក់ប៉ាគួរស្លៀកខោទឹកនោមដែលមិនតឹងពេក ឬធូរពេកឱ្យអាអូន ព្រោះខោទឹកនោមដែលតឹង​ពេក​ធ្វើឱ្យគ្មានខ្សល់ចេញចូលល្អ ហើយរឹតស្បែកអាអូន ឯខោទឹកនោមដែលធូរពេកអាច​ធ្វើឱ្យកកិត​ស្បែកនៅពេលកម្រើក ឬធ្វើចលនា។

ជាចុងក្រោយ ការរោលខោទឹកនោមក៏អាចកើតឡើងដោយសារការឆ្លងមេរោគដែរ ដូច្នេះ​ម៉ាក់ប៉ា​គួរ​លាងសម្អាតដៃមុន និងក្រោយពេលប្តូរខោទឹកនោមឱ្យអាអូន​ដើម្បីចៀសវាង​ចម្លង​មេរោគ​ ហើយពេលសម្អាតគូទ និងប្រដាប់ភេទឱ្យអាអូន ម៉ាក់ប៉ាគួរលាង ឬជូតពីមុខទៅក្រោយ​ចៀសវាង​ចម្លងមេរោគពីគូទចូលផ្លូវទឹកនោមអាអូនតាមរយៈប្រដាប់ភេទ។

ដកស្រង់ពី៖ Hello Health Group