កូនបៅឆ្អែតៗហើយមិនមានសាច់សោះ! តើមកពីមូលហេតុអ្វី?

ទឹកដោះម្តាយល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។ ម៉ឹម​ដោះ​ម្តាយ​ដូច​គ្នា តែ​ទារក​ខ្លះ​មាន​សាច់​ទ្រលុក​ទ្រលន់ ឯ​ខ្លះ​ទៀត​មិន​សូវ​ឡើង​គីឡូ​នោះ​ទេ ម៉ាក់ៗ​មាន​ឆ្ងល់​អត់ តើ​នេះ​អាច​មក​ពី​មូលហេតុ​អី?

១. ការ​ដែល​ទារក​ម៉ឹម​ដោះ​ម្តាយ​ទៀង​ទាត់​ដែរ តែ​បែរ​ជា​មិន​សូវ​ថ្លោស មានសាច់ឈាមនោះ អាច​ពាក់​ព័ន្ធ​នឹង​តិចនិក​នៃ​ការបំបៅដោះកូន  ដោយ​ម៉ាក់ៗ​បំបៅ​កូន​តែ​ទឹកដោះ​ដើម មិន​បាន​បំបៅ​ដល់​ទឹកដោះ​ចុង ធ្វើ​ឲ្យ​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។

“ម្តាយ​ខ្លះ​លើក​ឡើង​ថា ខ្ញុំ​បំបៅ​ដោះ​កូន​ដែរ ម៉េច​ក៏​កូន​អត់​ថ្លោស កូន​គេ​បៅ​ដោះ​ដូច​គ្នា ម៉េច​ក៏​កូន​គេ​ថ្លោស? អាហ្នឹង​ពាក់​ព័ន្ធ​នឹងការ​បំបៅ​ដែរ អ៊ីចឹង​បាន​ពេល​យើង​ឲ្យ​កូន​បៅ​ម្តងៗ ធ្វើ​ម៉េច​ឲ្យ​កូន​ទទួល​បាន​ទាំង​ទឹក​ដោះ​ដើម និង​ទឹក​ដោះ​ចុង”។ លោក​ជំទាវ​វេជ្ជបណ្ឌិត​រៀបរាប់។

២. អ្វី​ទៅ​ជា​ទឹក​ដោះ​ដើម? និងអ្វី​ទៅ​ជា​ទឹកដោះ​ចុង?
ទឹក​ដោះ​ដើម ជា​ទឹក​ដោះ​ដែល​ចេញ​ពេល​កូន​ចាប់​ផ្តើម​ម៉ឹម​ដំបូង​គេ មាន​សភាព​ថ្លាៗ ហើយ​សម្បូរ​ជាតិ​ទឹក​ខ្លាំង និង​ជាតិ​ស្ករ​តិច​តួច។

ទឹក​ដោះ​ចុង ជា​ទឹកដោះ​ដែល​មាន​នៅ​បាត​ដោះ មាន​សភាព​ខាប់​ជាង​ទឹក​ដោះ​ដើម និង​សម្បូរ​គ្រប់​សារធាតុ​ចិញ្ចឹម​ទាំង​អស់។
លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា បើ​សិន​ជា​ម្តាយ​ឲ្យ​កូន​បៅ​តែទឹក​ដោះ​ដើម​តិចៗ មិន​បាន​ឲ្យ​កូនបៅ​អស់​ដល់​ទឹកដោះ​ចុង នោះ​កូន​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទេ ឯ​លូតលាស់​ក៏​មិន​សូវ​បាន​ល្អ​នោះ​ដែរ។

៣. ការបំបៅដោះកូនត្រឹមត្រូវ
ចំពោះវីធីបំបៅដោះកូនត្រឹមត្រូវ កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​មុខនោះ ដំបូ​ងបំផុត​ម៉ាក់ៗ​ត្រូវ​ដាក់​មាត់​ទារក​ជាប់​ផ្អឹប​នឹង​ដោះ មិន​ត្រូវ​ឲ្យ​កូន​បៅ​នៅ​ចុង​ដោះ​ទេ ធ្វើ​យ៉ាង​ឲ្យ​មាត់​កូន​ចូល​ដល់​រង្វង់​ខ្មៅៗ ទើប​អាច​ជញ្ជក់​ទឹកដោះ​បាន​ច្រើន។ កាល​ណា​ទារក​ជញ្ជក់​បាន​ច្រើន ទឹកដោះ​ក៏​ផលិត​បាន​ច្រើន ផ្ទុយ​ទៅ​វិញ បើ​ម្តាយ​អត់​សូវ​ឲ្យ​កូន​ជញ្ជក់ ឬ​ជញ្ជក់​តែ​ចុងៗ​ដោះ ទឹកដោះ​ក៏​មិន​អាច​ចេញ​មក​ក្រៅ​បាន​ច្រើន​ដែរ។ ធ្វើ​បែប​នេះ​ម៉ាក់ៗ​កុំ​ភ័យ​ថា កូន​បៅ​ទៅ​អត់​មាន​ទឹក​ដោះ​លើក​ក្រោយ​ទៀត គឺ​មិន​មែន​នោះ​ទេ។

រាល់​ពេល​បំបៅ​កូន​ម្តងៗ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ឲ្យ​អស់​ពី​ដោះ​ម្ខាង រួច​ចាំ​ប្តូរ​ទៅ​ដោះ​ម្តាង​ទៀត។ ការបៅ​ឲ្យអស់ទឹកដោះ​ពី​ដោះ​ម្ខាងៗនេះ កូននឹង​​ទទួល​បាន​ទាំង​ទឹក​ដោះ​ដើម និង​ទឹក​ដោះ​ចុង ញ៉ាំ​បាន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​កូន​ថ្លោស​ល្អ ម្តាយ​ក៏​មាន​សុខភាព​ល្អ មិន​ខូច​ទម្រង់​ដើម​ទ្រូង។

ដកស្រង់ពី៖ Hello Health Group