កូនអាយុ ៤-៥ខែ ធ្វើទុករាល់យប់មិនបានគេងសោះ តើប៉ាម៉ាក់គួរធ្វើបែបណា?
ជឿជាក់ថាលោកប៉ាអ្នកម៉ាក់ប្រាកដជាហត់នឿយខ្លាំងហើយ ពិសេសនៅអំឡុងពេលដែលអូនតូចទើបតែកើត ព្រោះអូននៅតូច និងរករឿងច្រើន ពិសេសពេលយប់។ ដោយឡែកនៅអាយុ ៤ ទៅ៥ ខែអូនតូចបានធំខ្លះហើយ ប៉ាម៉ាក់ក៏បានធូរស្រាលច្រើនដែរ ប៉ុន្តែទោះយ៉ាងណាក៏នៅតែជួបបញ្ហាផ្សេងៗ ពិសេសគឺអូនតូចមិនព្រមគេង។ ដូច្នេះប៉ាម៉ាក់គួរធ្វើបែបណា?
ជាធម្មតានៅអាយុ ៤ខែ ទារកគេងប្រហែល ១២-១៦ម៉ោង/ថ្ងៃ សរុបទាំងការគេងពេលថ្ងៃ និងពេលយប់ ហើយនៅអាយុ ៥ខែ អាអូនគេងប្រហែល ១០-១១ម៉ោង/យប់ និងគេងថ្ងៃ ២-៣ដង/ថ្ងៃ។

១. មូលហេតុធ្វើឱ្យទារក ៤ ទៅ៥ ខែគេងមិនលក់
ខួរក្បាលរបស់កូនអ្នកកំពុងវិវត្តន៍ឥតឈប់ឈរ ហើយនៅអាយុនេះ ពួកគេគេងមិនសូវលក់អាចដោយសារត្រូវសម្របខ្លួនទៅនឹងបរិយាកាសថ្មី ហើយចាប់ផ្តើមរៀន និងស្គាល់ពីអ្វីដែលថ្មីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះក៏ត្រូវឆ្លើយតបនឹងបរិយាកាសដ៏គួរឱ្យចាប់អាម្មណ៍ច្រើន ទើបការគេងរបស់ពួកគេត្រូវបានកាត់បន្ថយ។
ម៉្យាងវិញទៀត អាអូនគេងមិនស្ងប់ពេលយប់ក៏អាចកើតឡើងដោយសារកូនគេងថ្ងៃច្រើនពេក ធ្វើឲ្យគេងឆ្អែត បែរជាពិបាកគេងពេលយប់ទៅវិញ។ ពេលខ្លះ បើអាអូនគេងថ្ងៃរសៀលពេក ដូចជាគេងថ្ងៃម៉ោង ៤-៥ល្ងាច ក៏អាចបណ្ដាលឲ្យកូនគេងមិនស្ងប់ពេលយប់ដូចគ្នា។
មូលហេតុដទៃទៀតនៃបញ្ហាគេងមិនលក់លើទារកអាយុ ៤-៥ខែ អាចមកពីកន្លែងគេងអាអូនមានបរិយាកាសមិនសមរម្យសម្រាប់ការគេងដូចជា ក្ដៅ ឬត្រជាក់ពេក មានពន្លឺភ្លឺ ឬមានសំឡេងរំខានដល់ការគេងរបស់កូនជាដើម។

២. ដំណោះស្រាយ
ដើម្បីជាដំណោះស្រាយបញ្ហាកូនតូចគេងមិនលក់ ម៉ាក់ប៉ាគួរតែបង្កើតទម្លាប់ចូលគេង ឲ្យកូនបានល្អ ចាប់ផ្ដើមពីការងូតទឹកសម្អាតកូន ការបំបៅដោះ ការច្រៀងបំពេ លួងលោម ថ្នាក់ថ្នមកូនរហូតដល់គេងលក់។ អ្វីដែលម៉ាក់ប៉ាគួរកត់ចំណាំនោះគឺ ត្រូវឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ ទាំងពេលថ្ងៃ និងពេលយប់ តែចៀសវាងឲ្យកូនគេងថ្ងៃច្រើនម៉ោង ព្រោះអាអូនអាចគេងមិនស្ងប់ពេលយប់។
បញ្ហាគេងមិនលក់លើទារកអាចជាបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ ហេតុនេះម៉ាក់ប៉ាមិនគួរបារម្ភពេកទេ ប៉ុន្តែបើកូនគេងមិនលក់ច្រើនយប់ និងមានភាពមិនប្រក្រតីលើអាកប្បកិរិយា ឬសុខភាព យកល្អគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញ រកមូលហេតុ និងដំណោះស្រាយឲ្យទាន់ពេលវេលា៕
ដកស្រង់ពី៖ Healthline HelloKrupet