ប៉ះពាល់ណាស់! ស្ត្រីបំបៅដោះកូនធ្វើរឿង ៥នេះប៉ះពាល់ដល់ការបំបៅដោះកូនដោយមិនដឹងខ្លួន

ទឹកដោះម្តាយគឺជាប្រភពអាហារូបត្ថម្ភសំខាន់បំផុតសម្រាប់ទារក ហើយវាគឺជារឿងល្អណាស់ ប្រសិនបើអ្នកអាចបំបៅកូនដោយទឹកដោះរហូតដល់កូនមានអាយុ ៦ខែ​ ឬលើសពីនេះ។ ជាមួយគ្នានេះដែរ មានកត្តាមួយចំនួនដែលអាចរារាំងដល់ការផលិតទឹកដោះម្តាយ ហើយវាក៏ធ្វើឱ្យប៉ះពាល់រសជាតិទឹកដោះ និងក្លិនផងដែរ និងថែមទាំងធ្វើឱ្យបាត់បង់គុណភាពទៀតផង។

កត្តាដែលធ្វើឱ្យប៉ះពាល់ដល់គុណភាព និងការផលិតទឹកដោះអ្នកម្តាយមានដូចជា៖

១. កាហ្វេអ៊ីន
កាហ្វេអាចផ្លាស់ប្តូររសជាតិ និងក្លិននៃទឹកដោះម្តាយ ដោយផ្លាស់ប្តូរសមាសធាតុនៃជាតិដែក ដែលជាសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងទឹកដោះម្តាយ។ វាអាចនាំឱ្យមានភាពស្លេកស្លាំងកម្រិតស្រាលទៅមធ្យម និងបញ្ហាដំណេកចំពោះទារកទើបនឹងកើត។

២. គ្រឿងស្រវឹង
សារធាតុគីមីនៅក្នុងគ្រឿងស្រវឹងអាចឆ្លងដល់ទារកទើបនឹងកើត និងប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍន៍របស់ពួកគេតាមវិធីជាច្រើន រួមជាមួយនឹងការប៉ះពាល់ដល់ការផលិត និងរសជាតិនៃទឹកដោះម្តាយផងដែរ ដោយសារតែសមាសធាតុគីមីរបស់វាដូចជាអេតាណុល និងជាតិស្ករលើស។

៣. ភាពតានតឹង
កត្តាចិត្តសាស្ត្រដូចជាភាពតានតឹង និងការថប់បារម្ភក៏បណ្តាលឱ្យមានការផ្លាស់ប្តូរសំខាន់ៗនៃរសជាតិ នៃទឹកដោះម្តាយ រួមជាមួយនឹងការថយចុះទឹកដោះ និងគុណភាពផងដែរ។

៤. អាហារហឹរ
អាហារហឹរ មិនប៉ះពាល់ដល់ការបំបៅកូន ប៉ុន្តែការសិក្សាស្រាវជ្រាវមួយចំនួនបាននិយាយថា អាចធ្វើឱ្យពួកគេអាចមានអារម្មណ៏រអាក់រអួល ឬឆាប់ខឹង យំយូរ មានអារម្មណ៍មិនស្រួល ជាដើម។

៥. ថ្នាំមួយចំនួន
ចំពោះថ្នាំដែលអ្នកម្តាយទទួលបានដោយវេជ្ជបញ្ជាគឺមិនសូវជាមានការប៉ះពាល់អ្វីទេ ប៉ុន្តែប្រសិនបើអ្នកម្តាយប្រើថ្នាំមួយចំនួនដោយមិនបានទទួលការណែនាំពីពេទ្យត្រឹមត្រូវ អាចប៉ហពាល់ដល់ការផលិតទឹកដោះ ក្លិន និងរសជាតិនៃទឹកដោះបាន ហើយក៏អាចបង្កគ្រោះថ្នាក់ដល់ទារកផងដែរ។

ជារួមមកវិញ អ្នកម្តាយត្រូវយកចិត្តទុកដាក់ទៅលើចំណុចទាំងនេះឱ្យបានល្អ ព្រោះថាអូនតូចអាចមិនព្រមបៅ ប្រសិនបើទឹកដោះមានក្លិន និងរសជាតិមិនល្អ។ បន្ថែមពីនេះគួរទទួលទានអាហារណាដែលសម្បូរសារធាតុចិញ្ចឹម ដើម្បីជម្រុញការផលិតទឹកដោះឱ្យបានល្អ៕

ដកស្រង់ពី៖ boldsky