ញ៉ាំច្រើនមិនបានទេ! ពពោះម៉ាក់ចូលចិត្តញ៉ាំកាហ្វេត្រូវដឹងពីបញ្ហាទាំងនេះ

ក្នុងអំឡុងពេលពពោះ គឺជាពេលដែលស្ត្រីត្រូវមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទៅលើរបបអាហារ រួមទាំងភេសជ្ជៈមួយចំនួនប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរកាហ្វេគឺជាភេសជ្ជៈពេញនិយមមួយមុខ និងមិនអាចខ្វះបានសម្រាប់មនុស្សនាពេលបច្ចុប្បន្ន។ដោយឡែកចំពោះស្ត្រីមានផ្ទៃពោះវិញ តើអាចទទួលទានកាហ្វេបានដែរឬទេ?

ខាងក្រោមនេះគឺជាពត៏មានលម្អិត៖

១. តើស្ត្រីមានផ្ទៃពោះអាចទទួលទានកាហ្វេបានដែរឬទេ?
ចំពោះស្ត្រីមានផ្ទៃពោះអាចផឹកកាហ្វេបាន ប៉ុន្តែត្រូវតែស្ថិតក្នុងបរិមាណត្រឹមត្រូវ ពោលគឺមិនត្រូវច្រើនពេកទេ  ព្រោះជាតិកាហ្វេអ៊ីនលើសដែលមានក្នុងកាហ្វេ អាចប៉ះពាល់ដល់ការមានផ្ទៃពោះរបស់អ្នកម៉ាក់ និងសុខភាពកូនក្នុងផ្ទៃ។

២.​ តើជាតិកាហ្វេអ៊ីនប៉ុន្មានទើបមានសុវត្ថិភាព អំឡុងពេលមានផ្ទៃពោះ?
តាមការណែនាំពីគ្រូពេទ្យជំនាញ ស្ត្រីពពោះអាចទទួលទានកាហ្វេ ក្នុងបរិមាណដែលមានជាតិកាហ្វេអ៊ីន ត្រឹម 200 មីលីក្រាម ឬតិចជាងនេះក្នុងមួយថ្ងៃ ដែលអាចស្មើរនឹងមួយពែងតូច ទើបមិនមានផលប៉ះពាល់។ ប៉ុន្តែប្រសិនបើលើសពី 200 មីលីក្រាម អាចនឹងបង្ករហានិភ័យខ្លាំងដល់អ្នកម៉ាក់ និងកូនក្នុងផ្ទៃ។

៣. តើស្ត្រីពពោះដែលទទួលទានលើសចំណុះ នឹងប្រឈមបញ្ហាសុខភាពអ្វីខ្លះ?
អ្នកស្រាវជ្រាវបានកត់សម្គាល់ថា បរិមាណលើសនៃជាតិកាហ្វេអ៊ីនក្នុងកាហ្វេ អាចធ្វើឱ្យសរសៃឈាមក្នុងស្បូន និងសុក រួមតូច ដែលអាចកាត់បន្ថយការផ្គត់ផ្គង់ឈាមដល់ទារក និងរារាំងការលូតលាស់។ ជាតិកាហ្វេអ៊ីនអាចរំខានដល់អរម៉ូនស្ត្រេសរបស់ទារក ដោយធ្វើឱ្យទារកប្រឈមនឹងការឡើងទម្ងន់យ៉ាងឆាប់រហ័សក្រោយពេលកើត និងបង្កជំងឺធាត់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមនៅពេលក្រោយ។

ចំពោះទារកដែលកើតមកពីផ្ទៃម្តាយដែលទទួលទានកាហ្វេអ៊ីនច្រើនអំឡុងពេលពពោះ  ច្រើនតែមានទំហ៊ំតូចជាងទារកដែលកើតពីផ្ទៃម្តាយដែលមិនផឹកកាហ្វេ។

ជារួមមកវិញ អ្នកម្តាយត្រូវមានការប្រុងប្រយ័ត្នក្នុងការទទួលទាន កាហ្វេអំឡុងពេលមានផ្ទៃពោះ ពោលគឺក្នុងបរិមាណត្រឹមត្រូវដែលមានជាតិកាហ្វេអ៊ីនត្រឹម200 មីលីក្រាម ឬតិចជាងនេះក្នុងមួយថ្ងៃ ឬបើអាចគួរតែផ្អាកផឹកតែម្តងក៏ល្អដែរ ដើម្បីជៀសវាងហានិភ័យផ្សេងៗ៕

ដកស្រង់ពី៖ babycenter