គន្លឹះល្អៗ ជួយបឺតសម្បោរឬស្លេស្មឲ្យទារកដែលត្រឹមត្រូវតាមវេជ្ជបណ្ឌិត

សារធាតុរំអិលដែលជាស្លេស្ម ឬសម្បោរ តែងកើតមានឡើងនៅរាល់ពេលផ្លូវដង្ហើមរបស់កូនតូចមានការចម្លងរោគ។ បើទោះបីស្លេស្មទាំងនោះអាចជួយទប់ទល់ និងចាប់មេរោគដែលបង្កនោះចេញមកក្រៅ ប៉ុន្តែវាបានផ្ដល់ភាពរំខានដល់ដំណកដង្ហើម និងប៉ះពាល់ដល់ការគេងរបស់ពួកគាត់ទៅវិញ។ ដោយហេតុថាទារក ឬក្មេងតូចៗមិនអាចខ្ជាក់ស្លេស្មដោយខ្លួនឯងនោះទើបទាមទារឲ្យយើងជាឪពុកម្តាយជួយយកស្លេស្ម ឬសម្បោរទាំងនោះចេញ។

តើមានវិធីសាស្ត្រនិងពេលណាគួរតែបឺតស្លេស្ម ឬសម្បោរកូន?

ជាក់ស្តែងការបឺតស្លេស្ម ក៏ត្រូវមានដំណាក់កាលក្នុងការអនុវត្តរួមជាមួយសម្ភារមួយចំនួនដែលលោកអ្នកអាចស្វែងយល់បានតាមរយៈអត្ថបទខាងក្រោម៖

Best Baby Nasal Aspirator - 2020 Reviews & Buyer's Guide - Shifu

អំពីការបឺតស្លេស្ម ឬសម្បោរ

ការបឺតសម្បោរ គឺជាការយកសារធាតុរាវ ឬសម្បោរចេញពីក្នុងច្រមុះ មាត់ បំពង់ក ដោយប្រើនូវឧបករណ៍មួយដែលមានឈ្មោះថា Bulb syringe (ស៊ឺរ៉ាំងដែលមានក្បាលជាអំពូលជ័រ) ឬកាតេទែសម្រាប់បឺត (បំពង់ជ័រស្តើងដែលអាចបត់បែនបាន)។ ការបឺតសម្បោរគួរតែត្រូវធ្វើមុនញ៉ាំអាហារដើម្បីឲ្យគាត់ដកដង្ហើមបានស្រួល និងញ៉ាំអាហារបានច្រើន។ កាតេទែបឺតស្លេស្ម ភាគច្រើនត្រូវបានប្រើដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងអ្នកជំនាញព្យាបាលដោយចលនាព្រោះវាទាមទារម៉ាស៊ីន និងជំនាញក្នុងការប្រើប្រាស់។ សម្រាប់ Bulb syringe វិញ ឪពុកម្តាយ និងអាណាព្យាបាលរួមទាំងបុគ្គលិកសុខាភិបាលសុទ្ធតែអាចប្រើបាន។

ពេលណាអ្នកគួរបឺតសម្បោរឲ្យកូនអ្នក

ការតឹងច្រមុះបណ្តាលមកពីសម្បោរច្រើន អាចធ្វើឲ្យកូនតូចពិបាកក្នុងការដកដង្ហើម ធ្វើឲ្យគាត់មួម៉ៅ ជាពិសេសពេលគាត់គេង និងញ៉ាំអាហារ។ ដូច្នេះអ្នកគួរបឺតសម្បោរឲ្យគាត់នៅពេល៖
•  ក្មេងតូចដែលមិនអាចក្អកបញ្ចេញស្លេស្មមកក្រៅបាន
•  សំឡេងក្រតៗនៃសម្បោរ
  ពិបាកដកដង្ហើម
•  ទារកឡើងស្វាយនៅជុំវិញភ្នែក មាត់ ក្រចកដៃ ក្រចកជើង
•  កូនអ្នកហាក់ដូចជារញ៉ាំរញ៉ូវ ឬយំមិនឈប់ទោះជាលួងយ៉ាងណាក៏ដោយ
•  ដកដង្ហើមញាប់ ឬបេះដូងដើរញាប់
  ស្លាបច្រមុះបើកធំពេលដកដង្ហើមចូល
  ស្បែកនៅទ្រូង ក ចន្លោះឆ្អឹងជំនីររបស់គាត់ផតចូលពេលដកដង្ហើមម្តងៗ។

Baby Suction Bulb Photos - Free & Royalty-Free Stock Photos from Dreamstime

របៀបនៃការបឺតសម្បោរ

សម្ភាររៀបចំក្នុងការបឺតសម្បោរមានដូចជា៖ សេរ៉ូមប្រៃ Bulb syringe ក្រណាត់ ឬក្រដាសទន់ ដែលរបៀបនៃការបឺតស្លេស្មមានដំណាក់កាលដូចខាងក្រោម៖
១. ត្រូវច្របាច់ខ្យល់ឲ្យអស់ពីអំពូលជ័រ “Bulb syringe” និងនៅច្របាច់ជាប់
២. ដាក់ផ្នែកខាងចុងរបស់វាចូលក្នុងច្រមុះទារក
៣. ប្រលែងដៃច្របាច់អំពូលចេញឲ្យខ្យល់ធាក់ចូលដែលនេះធ្វើឲ្យសម្បោរចេញពីច្រមុះចូលក្នុងអំពូលជ័រ
៤. ច្របាច់សម្បោរចេញដាក់លើក្រដាស
៥. បឺតម្ខាងទៀតដោយធ្វើដូចគ្នា
៦. បើសិនសម្បោរខាប់ពេក អាចពង្រាវជាមួយសេរ៉ូមប្រៃដោយបន្តក់សេរ៉ូមប្រៃខ្លះចូលច្រមុះគាត់
៧. ជូតសម្បោរដែលប្រឡាក់លើច្រមុះទារកឲ្យបានស្អាត ចៀសវាងរលាកស្បែកនៅបរិវេណនោះ
៨. ក្នុងការបឺតសម្បោរ អាចធ្វើបានយ៉ាងច្រើនត្រឹម ៤ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីការពារការរលាកច្រមុះ។

ក្រោយបឺតសម្បោរហើយ ត្រូវលាង Bulb syringe ឲ្យបានស្អាតជាមួយទឹកក្តៅឧណ្ហៗលាយជាមួយសាប៊ូ។ អង្រួន ឬក្រឡុក bulb បន្ទាប់មកច្របាច់ bulb ឲ្យច្រើនដងក្នុងទឹកសាប៊ូដើម្បីឲ្យសម្បោរដែលនៅសល់ចេញឲ្យអស់។ ចុងក្រោយលាងជាមួយទឹកស្អាត ២ទៅ៣ដងជាការស្រេច។

Cleaning Baby's Nose: Your How-To Guide

បញ្ហាដែលអាចកើតមានពេលបឺតស្លេស្ម
• បឺតខ្លាំងពេកអាចធ្វើឲ្យច្រមុះរបស់គាត់ហើម ឬហូរឈាមតិចតួច ដោយអ្នកអាចយកសំឡីខ្ទប់
• បើបឺតសម្បោរ ៣០នាទីក្រោយញ៉ាំអាហារ នោះកូនតូចរបស់អ្នកអាចក្អួត
• ការបឺតសម្បោរអាចធ្វើឲ្យកូនលោកអ្នកមានអារម្មណ៍ស្រេ្តស ប៉ុន្តែអាការៈនោះអាចបាត់ទៅវិញបន្ទាប់ពីរយៈពេល ២ ទៅ៣នាទី នៅពេលដែលសម្បោរត្រូវបានបឺតចេញ និងបានសម្រួលដល់ការដកដង្ហើមឡើងវិញ។

សញ្ញាដែលត្រូវស្វែងរកជំនួយពីវេជ្ជបណ្ឌិត
 ក្មេងក្អកមកមានឈាមស្រស់
• សម្បោរមានលាយឡំទៅដោយឈាម
 ក្រោយបឺតសម្បោរហើយ មានឈាមហូរមិនឈប់
 នៅតែពិបាកដកដង្ហើម បើទោះបីជាបឺតសម្បោរហើយក៏ដោយ
• សម្បោរកាន់តែច្រើន
 សម្បោរប្តូរពណ៌
 សម្បោរកាន់តែខាប់ទៅៗ បើទោះជាយើងបានបន្តក់សេរ៉ូមប្រៃចូលច្រមុះគាត់ហើយក៏ដោយ
• ក្តៅខ្លួន (កម្តៅរាងកាយលើសឬស្មើ ៣៨អង្សា)
 បបូរមាត់ ឬក្រចកប្តូរពណ៌ទៅជាក្រម៉ៅ។

សម្បោរ និងការតឹងច្រមុះអាចជាទៅវិញដោយឯកឯងក្នុងអំឡុងពេល៤ ទៅ៥ថ្ងៃព្រោះថាភាគច្រើនវាបង្កដោយមេរោគផ្តាសាយ។ បើពួកគាត់អាចលេងធម្មតា ញ៉ាំធម្មតា ផឹកធម្មតា នោះអាចបន្តការព្យាបាល និងតាមដាននៅផ្ទះបាន។ បើក្មេងអាយុក្រោម៦ខែ អាចឲ្យគាត់បៅដោះឲ្យបានច្រើន ហើយបើលើសពី៦ខែ អាចឲ្យគាត់ផឹកទឹក ឬទឹកផ្លែឈើឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យស្លេស្ម ឬសម្បោររបស់គាត់ទន់ និងងាយធ្លាក់ចេញមកក្រៅបាន។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ